អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​គាប​សង្កត់​អ្នក​រិះ​គន់

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ស្នើ​ដល់​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​លើ​អ្នក​តំណាង​រាស្រ្ត អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ត​ទៅ​ទៀត។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​សរសេរ​បង្ហាញ​នូវ​ការ​កត់​សម្គាល់​អំពី​ការ​កើន​ឡើង​នៃ​បណ្តឹង​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ទៅ​លើ​សមាជិក​សភា ប្រធាន​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​និង​អ្នក​សារ​ព័ត៌មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ដោយ​ចាត់​ទុក​ថា សកម្មភាព​ទាំង​នោះ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​ជា​ការ​បិទ​មាត់​អ្នក​រិះ​គន់​រាជ​រដ្ឋាភិបាល​ក្នុង​ន័យ​ស្ថាបនា។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​គូស​បញ្ជាក់​ថា មាន​តែ​ប្រទេស​ប្រកាន់​លទ្ធិ​កុម្មុយនីស្ត​ទេ​ដែល​ធ្វើ​របៀប​នេះ រី​ឯ​សមាជិក​រដ្ឋាភិបាល​ក្នុង​ប្រទេស​សេរី​នៅ​លើ​ពិភព​លោក​វិញ តែង​តែ​ទទួល​នូវ​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​តំណាង​រាស្រ្ត​នៃ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​សារ​ព័ត៌មាន​យក​ទៅ​ពិចារណា។

សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​ស្នើ​ដល់​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា សូម​ឲ្យ​ដក​ពាក្យ​បណ្តឹង​ទាំង​នោះ​និង​បញ្ឈប់​ការ​ប្តឹង​ជា​បន្ទាន់ ព្រោះ​ទង្វើ​នោះ​គឺ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់​យក​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ៕