ក្រុមអ្នកឃ្លាំមើលការវិវត្តស្ថានការសង្គមគិតថា លោក សម រង្ស៊ី ទំនងជានឹងអាចវិលចូលស្រុកវិញបាន នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣ បើទោះជាមានការរាំងខ្ទប់ផ្នែកផ្លូវច្បាប់បែបនេះយ៉ាងណាក្តី។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គមទូទៅ លោកចាត់ទុកថា ការព្យាយាមបញ្ចប់ផ្លូវនយោបាយរបស់លោក សម រង្ស៊ី តាមប្រព័ន្ធច្បាប់ វាពុំមែនជាមធ្យោបាយធ្វើឲ្យលោក សម រង្ស៊ី មិនអាចវិលចូលស្រុកវិញបាននោះទេ។ ក្នុងន័យនេះ លោកថា មេដឹកនាំបក្សប្រឆាំង អាចនឹងមានវត្តមាននៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣ បាន។ លោកបន្តថា ក្នុងនោះអាចជាការសម្របសម្រួលផ្នែកនយោបាយ ឬជាកិច្ចអន្តរាគមន៍ពីផ្នែកណាមួយ។
លោក អ៊ូ វីរៈ៖ «ជីវិតនយោបាយរបស់លោក សម រង្ស៊ី គឺវាអាស្រ័យទៅលើមិនមែនតែរដ្ឋាភិបាលនៃប្រទេសកម្ពុជាទេ វាអាស្រ័យទៅលើលោក សម រង្ស៊ី ផង ព្រោះអីប្រសិនបើរដ្ឋាភិបាល គាត់អាចបញ្ឈប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី បាន គាត់បញ្ឈប់យូរហើយ ដូច្នេះ ខ្ញុំមើលទៅ អើ! គឺរដ្ឋាភិបាលមិនប្រាកដជាអាចបញ្ឈប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទេ»។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ពន្យល់ថា ផ្អែកតាមផ្លូវច្បាប់ អ្នកដែលត្រូវបានតុលាការរកឃើញថា មានទោស គឺអាចប្រឈមចំពោះមុខច្បាប់ ដូចជា ត្រូវជាប់ឃុំ ឬលិខិតបទដ្ឋាននានា ត្រូវបានរឹបអូស ក្នុងនោះដោយរួមទាំងលិខិតការទូតជាដើម។
លោក សុខ ទូច៖ «ធម្មតាកាលណាមនុស្សមានទោស ក្រោយពីកាត់ទោសទៅ ជនទាំងហ្នឹងត្រូវបានគេដកអភ័យឯកសិទ្ធិទាំងអស់ កុំថាឡើយដល់តំណាងរាស្ត្រ វាចូលដល់ប៉ាសស្ព័រការទូត គេត្រូវតែដក»។
យ៉ាងណាក៏ដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកបដិសេធក្នុងការអត្ថាធិប្បាយលើវិធានការនៃគម្រោងដកលិខិតឆ្លងដែនរបស់លោក សម រង្ស៊ី និងចំណាត់ការតាមផ្លូវច្បាប់ណាមួយក្នុងពេលខាងមុខ។
លោក កុយ គួង៖ «បញ្ហាហ្នឹង ឧបលោកមានប្រសាសន៍រួចហើយ ដូច្នេះបានខ្ញុំមិនចង់និយាយអីបន្ថែមទៀតបាទ ឧបលោកបានមានប្រសាសន៍ហើយ»។
ទាក់ទិនករណីនេះ នៅមុនចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្លែងថា រដ្ឋាភិបាលនឹងពិចារណាពីការដកលិខិតឆ្លងដែនការទូតរបស់ លោក សម រង្ស៉ី ដែលកំពុងនិរទេសខ្លួននោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោកចាត់ទុកថា នេះជាការព្យាយាមបិទច្រកចេញរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះវត្តមានលោក សម រង្ស៊ី នៅមុនការបោះឆ្នោតសកលខាងមុខនេះ។ លោក យឹម សុវណ្ណ អះអាងថា ទោះជាយ៉ាងណា នេះពុំមែនជាមធ្យោបាយនោះទេ។
លោក យឹម សុវណ្ណ៖ «អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនេះ គឺគ្រាន់តែជាការគម្រាមកំហែង បំបាក់ទឹកចិត្តសកម្មជនរបស់គណបក្ស សម រង្ស៊ី ទេ រឿងប៉ាសស្ព័រជារឿងកំប៉ិកកំប៉ុកទេ ក៏ប៉ុន្តែរឿងទឹកដី រឿងបរទេសបោះបង្គោលព្រំដែនរំលោភយកដីខ្មែរ អាហ្នឹងវាជារឿងអាយុជីវិតជាតិ»។
បើយ៉ាងនេះក្តី ទាំងលោក អ៊ូ វីរៈ និងលោក សុខ ទូច ចាត់ទុកថា ការមិនផ្តល់លទ្ធភាពណាមួយពីរដ្ឋាភិបាលកម្ពុជា សម្រាប់មេដឹកនាំបក្សប្រឆាំងវិលចូលឆាកនយោបាយវិញ គឺជាផ្នែកមួយធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយមួយជំហានថ្មីមួយទៀត ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ត្រូវគេមើលឃើញថា កំពុងធ្លាក់ចុះ បើប្រៀបនឹងប្រទេសក្នុងតំបន់ ដូចជា ប្រទេសភូមា ជាដើម។
លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ ពីបទក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ឲ្យជាប់ពន្ធនាគារសរុបជាង ១០ឆ្នាំ។ ការសម្រេចបែបនេះរបស់តុលាការខ្មែរ ធ្វើឡើងនៅបន្ទាប់ពីប្រធានគណបក្សប្រឆាំងមួយនេះ ដកបង្គោលតម្រុយព្រំដែន ដែលរកឃើញថា បានបោះចូលដីខ្មែរ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ទាប់មក កាលពីខែមិនា ឆ្នាំ២០១១ លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាលុបបញ្ជីឈ្មោះពីអ្នកតំណាងរាស្ត្រ តាមអំណាចសាលដីកានៃសាលាឧទ្ធរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។