រដ្ឋាភិបាល​សម្រេច​កំណត់​យក​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១ បាន​នាំ​មក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការ​ឯកភាព និង​បង្រួប​បង្រួម​ជាតិ ព្រម​ទាំង​បើក​សេដ្ឋកិច្ច​ទីផ្សារ​សេរី បន្ទាប់​ពី​ប្រទេស​កម្ពុជា ឆ្លង​ផុត​ពី​របប​កាប់​សម្លាប់ គឺ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

0:00 / 0:00

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ដែរ ក៏​ជា​ស្នា​ព្រះហស្ត​ដ៏​សំខាន់​មួយ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​នាំ​ឲ្យ​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ធ្វើ​ឲ្យ​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣។

រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី២៣ តុលា ដែល​ជា​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ថ្ងៃ​ឈប់​សម្រាក ១ថ្ងៃ ពី​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ នៅ​ទូទាំង​ប្រទេស ចាប់​ពី​ឆ្នាំ​២០១៣ ខាង​មុខ​ត​ទៅ។

ការ​ប្រកាស​យក​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​នេះ នៅ​ចំ​ថ្ងៃ​កាន់​ទុក្ខ​ទី៧ នៃ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

ថ្ងៃ​ទី២៣ តុលា នេះ រដ្ឋាភិបាល​បាន​កំណត់​នៅ​ក្នុង​ប្រតិទិន​ជា​ថ្ងៃ​ឈប់​សម្រាក ចាប់​ពី​ឆ្នាំ​១៩៩៣ មក នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​រួប ប៉ុន្តែ​ដល់​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​លុប​ចោល​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​មិន​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​វិញ។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា ការ​កំណត់​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ ចាប់​ពី​ឆ្នាំ​២០១៣ ត​ទៅ ជា​ឆន្ទៈ​រដ្ឋាភិបាល។

ដោយ​ឡែក នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កន្លង​មក គឺ​នៅ​ក្នុង​ឆ្នាំ​២០០៧ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ និយោជិត កម្មករ ឈប់សម្រាក់នៅថ្ងៃទី២៣តុលា ?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ លោក ទិត សុធា បាន​ពន្យល់​ថា មក​ពី​ប្រទេស​កម្ពុជា មាន​ពិធី​បុណ្យ​ឈប់​សម្រាក​ច្រើន​ពេក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ តុលា បាន​សរសេរ​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី២៣ ខែ​តុលា ដែល​ជា​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ថ្ងៃ​ឈប់​សម្រាក ១ថ្ងៃ​ពី​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ឆ្នាំ​២០១៣ តទៅ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​សម្រេច​ជា​ថ្មី​របស់​រដ្ឋាភិបាល យក​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​ឡើង​វិញ​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ស្វាគមន៍​ចំពោះ​ករណី​នេះ ដែល​ជា​កាយ​វិការ​វិជ្ជមាន​របស់​រដ្ឋាភិបាល ក្នុង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​សន្ធិសញ្ញា​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល។ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ មាន​សារសំខាន់​ជា​យន្តការ​អន្តរជាតិ ទោះ​បី​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ រដ្ឋាភិបាល​មិន​ទាន់​គោរព​បាន​ពេញ​លេញ​ក៏ដោយ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ជា​កិច្ច​ព្រមព្រៀង​មួយ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​សង្គម​កម្ពុជា ដែល​ទទួល​បាន​សន្តិភាព អធិបតីភាព ប្រជាធិបតេយ្យ និង​ការ​បង្រួប​បង្រួម​ជាតិ​របស់​ប្រជាជាតិ​កម្ពុជា។

ថ្ងៃ​ទី២៣ តុលា ឆ្នាំ​២០១២ ជា​ខួប​លើក​ទី២១ ហើយ នៃ​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១ ប៉ុន្តែ​សម្រាប់​រយៈពេល ២១ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ពេញ​លេញ​នៅ​ឡើយ។

មាន​ទឡ្ហីករណ៍​ជាច្រើន ដែល​អះអាង​ថា កម្ពុជា មិន​ទាន់​ដើរ​តាម​គន្លង​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ ដូច​ជា​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន មិន​ទាន់​ឯករាជ្យ ពិសេស ប្រព័ន្ធ​តុលាការ មិន​បាន​ធានា​នូវ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​បង្រួប​បង្រួម​ជាតិ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ជាដើម។

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ខ្លឹមសារ​សំខាន់ៗ​ដូច​ជា មិន​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​លើ​បូរណភាព​ទឹកដី​ខ្មែរ ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ កសាង​កម្ពុជា ឲ្យ​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​ប្រសើរ​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ លោក កឹម សុខា បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​បាន​ទាំង​ស្រុង​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ទិត សុធា បាន​បដិសេធ​ថា ជា​រឿង​ធម្មតា ដែល​គណបក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​លោក ទិត សុធា អះអាង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១ បាន​នាំ​មក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការ​ឯកភាព និង​បង្រួប​បង្រួម​ជាតិ ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារ​សេរី សម្រាប់​លើក​តម្កើង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​ឯកសារ​ដ៏​សំខាន់ ជា​អន្តរជាតិ ក្នុង​ទិសដៅ​ការពារ​អធិបតីភាព ឯករាជ​ភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​កម្ពុជា សម្រាប់​កូន​ចៅ​ខ្មែរ​ទាំង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ចំនួន​បី​សំខាន់ៗ ទី១ គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភពលោក​ប្រើប្រាស់​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទំនាស់​ស៊ីវិល​បាន​ទេ ទី២ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ទី៣ តម្លៃ​នៅ​លើ​ឆាក​អន្តរជាតិ ពោល​គឺ​អន្តរជាតិ​យក​គំរូ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ ទោះ​បី​ជា​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​សន្តិភាព​ក្ដី ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ។

លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៩៨ បញ្ហា​នេះ​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​វិភាគ​បាន​លើក​ហេតុផល​ថា រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឈប់​សម្រាក​វិញ​នេះ ជា​ការ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ ពីព្រោះ​ថា ការ​សម្រេច​នេះ នៅ​ស្រប​ពេល​ថ្ងៃ​កាន់​ទុក្ខ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បាន​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មូលហេតុ​សំខាន់ៗ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដូច​ជា រដ្ឋាភិបាល​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ​រាប់​រយ​លាន​ដុល្លារ សម្រាប់​យក​មក​អភិវឌ្ឍ​ប្រទេស​នោះ ក៏​ដោយ​សារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ដែរ។ បញ្ហា​ទាំង​នេះ ក្រុម​អ្នក​វិភាគ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​អស់ អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ពេញ​លេញ ជា​ជាង​គណបក្ស​នយោបាយ​នីមួយៗ​កេង​យក​ផល​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បម្រើ​ផល​ប្រយោជន៍​គណបក្ស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។