ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ បានប្រកាសថា នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី លោក ប្រេដ អាដាម បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា និងលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ដោយងងឹតងងល់ក្នុងភាពស្អប់ខ្ពើម និងគំនុំសងសឹក។
លោកបញ្ជាក់ទៀតថា ការធ្វើបែបនេះដោយមានការញុះញង់ពីក្រុមអ្នកបក្សប្រឆាំងរដ្ឋាភិបាល។ តែទោះយ៉ាងណាក្ដី រដ្ឋាភិបាលកម្ពុជា គ្មានផែនការប្ដឹងលោក ប្រេដ អាដាម នោះទេ ប៉ុន្តែរដ្ឋាភិបាលប្រកាន់យកជំហរមួយច្បាស់លាស់ និងចាំបាច់ត្រូវឆ្លើយបំភ្លឺតបវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។
លោក កែវ រ៉េមី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ថា ការចោទប្រកាន់របស់លោក ប្រែដ អាដាម គឺផ្ទុយពីការពិតមិនអាចទទួលយកបាន៖ «ពេលវេលាគាត់ចេញ (សេចក្ដីថ្លែងការណ៍) គឺថា ចំពេលបោះឆ្នោត មុនពេលបោះឆ្នោត គឺថា គោលបំណងគឺគាត់ (ប្រែដ អាដាម) ស្អប់តែម្ដង។ គាត់ធ្វើម៉េចឲ្យគណបក្សប្រជាជន រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនហ្នឹង ឲ្យដួល ឲ្យរលត់រលាយ អាហ្នឹងរបៀបវារៈគាត់តែប៉ុណ្ណឹង។ អង្គការ និងអ្នកជំនួញខ្លះក៏ចង់ឲ្យច្របូកច្របល់ សង្គ្រាម ដើម្បីលក់អាវុធដាច់។ បំបែកបំបាក់ដើម្បីគ្រប់គ្រង វាមិនមែនស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងទេ»។
ទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់លោក ប្រែដ អាដាម ថ្មីៗនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកមិនយល់ស្របតាមទស្សនៈរបស់លោក ប្រែដ អាដាម នោះទេ៖ «រឿងអំណាចយូរ ឬមិនយូរ កម្ពុជាប្រៀបដូចនឹងប្រទេសប្រ៊ុយណេ បានន័យថា ប្រជាជនគេផ្ដល់ឲ្យ អាហ្នឹងគេត្រូវតែទទួលយក ពីព្រោះយើងជ្រើសរើសសង្គមប្រជាធិបតេយ្យ ទោះបីជាមតិភាគច្រើននោះរើសខុស អាហ្នឹងជាសិទ្ធិមតិភាគច្រើន។ អាហ្នឹងធ្វើម៉េចបើយើងជ្រើសរើសអាហ្នឹងហើយ ប៉ុន្តែបើប្រៀបធៀបនឹងប្រទេសទុយណេស៊ី (Tunisia) គឺខុសហើយ ពីព្រោះអំណាចកើតចេញពីរដ្ឋប្រហារហើយ កាន់អំណាចយូរតែម្ដងគ្មានការបោះឆ្នោត។ យើងបោះឆ្នោតអ៊ីចឹង ការដោះដូរអំណាច ហើយមិនមែនបោះឆ្នោតដោះដូរនាយករដ្ឋមន្ត្រីទៅទៀត បោះឆ្នោតរើសតំណាងរាស្រ្ត តំណាងរាស្ត្រទេជាអ្នកខុស»។
នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅអាស៊ី លោក ប្រែដ អាដាម បានចុះផ្សាយអត្ថបទរបស់លោកនៅលើទំព័រកាសែតរបស់សហរដ្ឋអាមេរិក ឈ្មោះ ញ៉ូវយក ថែមស៍ ( New York Times ) កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ។
អត្ថបទនោះបានរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាច្រើនចំណុចដូចជា លោក ហ៊ុន សែន បានគ្រប់គ្រងអំណាចផ្ដាច់ការរយៈពេលយូរ ២៧ឆ្នាំ ស្មើនឹង ១ម៉ឺនថ្ងៃ។
លោក ប្រែដ អាដាម បានប្រៀបប្រដូចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅនឹងមេដឹកនាំផ្ដាច់ការនៅប្រទេសទុយនេស៊ី ប្រទេសអេហ្ស៊ីប (Egypt) ប្រទេសយេមែន (Yemen) និងប្រទេសលីប៊ី (Libby) ដែលបានដួលរលំបន្តបន្ទាប់ ដោយសារការរើបម្រាស់ពីមហាជន គឺនៅសល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងចំណោមប្រទេស ១០ នៅលើពិភពលោក។
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មិនមែនផ្ដាច់ការដូចការចោទប្រកាន់នោះទេ ដោយសារតែប្រជាពលរដ្ឋអាចបញ្ចេញមតិនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុបារាំងអន្តរជាតិ (RFI) ជាដើម។
ក្រៅពីនេះ កម្ពុជាមានសេរីភាពខាងប្រព័ន្ធអ៊ីនធឺណិត (Internet) ទូរស័ព្ទ និងសេរីភាពខាងសារព័ត៌មានជាដើម ដែលបានរិះគន់ និងជេរប្រមាថមន្ត្រីរដ្ឋាភិបាលគ្រប់បែបយ៉ាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
