កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥

ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​រំពឹង​ទុក​ថា នៅ​ឆ្នាំ​២០១៥ ខាង​មុខ កម្ពុជា​នឹង​អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៤លាន​៥​សែន​នាក់។

0:00 / 0:00

ក្នុង​កំណើន​នោះ​ដែរ គេ​ក៏​រំពឹង​ថា ខេត្ត​សៀមរាប ដែល​ជា​តំបន់​សម្បូរ​ប្រាសាទ​បុរាណ ហើយ​មាន​សក្ដានុពល​ទាក់​ទាញ​ទេសចរ​បរទេស​បំផុត​នោះ នឹង​អាច​ទទួល​បាន​កំណើន​២លាន​៥សែន​នាក់។

ដើម្បី​ទាក់​ទាញ​កំណើន​ទេសចរ​ទៅ​តាម​ការ​រំពឹង​ទុក​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ផែនការ​ជាច្រើន​ចំណុច សម្រាប់​ឱ្យ​អ្នក​ទេសចរ​ចាប់​អារម្មណ៍ និង​ចង់​មក​ទស្សនា​កម្ពុជា។ តើ​ផែនការ​ទាំង​នោះ មាន​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ?

អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​រៀបចំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ី​បូព៌ា​មួយ ដែល​មាន​ប្រទេស​ចំនួន​១២ នឹង​មក​ចូល​រួម​ប្រជុំ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ។

មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​រំពឹង​ថា ការ​ជួប​ប្រជុំ​នៃ​វេទិកា​ទេសចរណ៍​អាស៊ី​បូព៌ា (អ៊ីតូហ្វ=EATOF) នឹង​ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ហើរ​ផ្ទាល់ ចេញ​ពី​បណ្ដា​ខេត្ត​របស់​ប្រទេស​ទាំង​នោះ មក​កាន់​ខេត្ត​សៀមរាប ដែល​នឹង​អាច​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស កាន់​តែ​មាន​កំណើន​ថែម​ទៀត។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​ប្រចាំ​ឆ្នាំ​២០១១ និង​ឆមាស​ទី១ នៃ​ឆ្នាំ​២០១២ ថា កម្ពុ​ជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​សំខាន់ៗ​ចំនួន​៨ ចាប់​ពី​ពេល​នេះ រហូត​ទៅ​ដល់​ចុង​ឆ្នាំ​២០១២ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

ព្រឹត្តិការណ៍​ទាំង​នោះ ដូចជា​ការ​ប្រណាំង​កង់ ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាថុន (Marathon) ការ​ទទួល​ក្បួន​រថយន្ត​អាស៊ាន-ឥណ្ឌា និង​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ​អង្គរវត្ត ជាដើម។ ពិសេស​ជាង​នេះ គឺ​ខេត្ត​សៀមរាប ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ី​បូព៌ា ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី១ ខែ​ធ្នូ ផង​ដែរ៖ «យើង​គិត​ទៅ​មាន​ដល់​ទៅ​១២ មក​តាំង​ពី​នៅ​ក្នុង​តំបន់​យើង​នេះ មាន​ថៃ មាន​ឡាវ ហើយ​មាន​ម៉ាឡេស៊ី។ តំបន់​បូក​នឹង​បី គឺ​មាន​ជប៉ុន កូរ៉េ ម៉ុងហ្គោលី និង​មក​ពី​រុស្ស៊ី។ ទាំង​អស់​វា​១២ សុទ្ធ​តែ​ទីក្រុង​ទេសចរណ៍​ធំៗ ដែល​ទាំង​អស់​គ្នា​ត្រូវ​ខិតខំ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ជួយ​ចូល​រួម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ជោគជ័យ»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​សៀមរាប ធ្វើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង ការ​តុប​តែង​សោភ័ណភាព និង​អនាម័យ​ទីក្រុង​ឱ្យ​បាន​ល្អ​ថែម​ទៀត ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​នេះ។

ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១២ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១លាន​៧សែន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​២៦.៨% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ ក្រសួង​ទេសចរណ៍​កម្ពុជា រំពឹង​ថា នៅ​ឆ្នាំ​២០១៥ កម្ពុជា​នឹង​ទទួល​បាន​​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​៤លាន​៥សែន​នាក់។

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង​២លាន​៨សែន​នាក់ ដោយ​បាន​ចំណូល​ជាតិ​ប្រមាណ​ជាង​១.៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចំណែក​ឯ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​បំផុត​របស់​កម្ពុជា គឺ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១២ ប្រមាណ​ជាង​១លាន​៥០ម៉ឺន​នាក់។

លោក ប៊ុន ថាឫទ្ធិ ជា​អភិបាល​រង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​ចំនួន​ទេសចរ​បរទេស​កំពុង​កើន​ឡើង​នេះ គឺ​រាជ​រដ្ឋាភិបាល​បាន​បង្កើត​នូវ​គម្រោង​មួយ​ឈ្មោះ​ថា "ក្រវាត់​បៃតង" ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​ជុំវិញ​តំបន់​អង្គរ បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដែរ។ មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ជាមួយ​អង្គការ​អាល្លឺម៉ង់ មួយ កំពុង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​ស្រុក​ជុំវិញ​តំបន់​អង្គរ ឱ្យ​ចេះ​ដាំ​បន្លែ ចិញ្ចឹម​សត្វ រួម​ទាំង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ផង ដើម្បី​ឱ្យ​អ្នក​ស្រុក​ទាំង​នោះ​បាន​ស្រូប​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍។

លោក ប៊ុន ថាឫទ្ធិ៖ «កន្លង​មក​នេះ គ្រួសារ​មួយ​ចំនួន តាម​ការ​ស្រាវ​ជ្រាវ​របស់​យើង​ក៏​ដូច​ជា​ការ​ចុះ​ពិនិត្យ​ផ្ទាល់ ឃើញ​ថា មាន​ការ​កើន​ឡើង​ជីវភាព​រស់នៅ​របស់​គាត់។ តាម​បណ្ដា​ស្រុក ហើយ​និង​ឃុំ​ជា​គោលដៅ​មួយ​ចំនួន ដែល​យើង​ធ្វើ​ការ​ស្ទាបស្ទង់​ចំណូល​ថវិកា​សម្រាប់​គ្រួសារ​គាត់ ក្នុង​១ខែ​ប្រហែល​១៨០​ដុល្លារ​ដែរ។ អ៊ីចឹង យើង​ឃើញ​ថា គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្សារភ្ជាប់​វិស័យ​ទេសចរណ៍​ទៅ​នឹង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ យើង​កំពុង​តែ​ដំណើរ​ការ​អនុវត្ត​នៅ​តាម​ជុំវិញ​តំបន់​អង្គរ​នេះ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​អនុវត្ត​គម្រោង​នេះ គឺ​នៅ​មិន​ទាន់​ធ្វើ​ឡើង​គ្រប់​ភូមិ​ទាំង​អស់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្រូប​យក​ចំណូល​ពី​ទេសចរណ៍​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន គម្រោង​បាន​ជ្រើស​រើស​យក​ភូមិ​មួយ​ចំនួន ដែល​មាន​សក្ដានុពល លទ្ធភាព និង​ភូមិសាស្ត្រ ដើម្បី​អភិវឌ្ឍន៍ ដោយ​មាន​ប្រជាពលរដ្ឋ​ជាង​១ម៉ឺន​៨ពាន់​គ្រួសារ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍។

អាជ្ញាធរ រដ្ឋាភិបាល បាន​យល់​ឃើញ​ថា នៅ​ខេត្ត​សៀមរាប ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​កើន​ឡើង គឺ​គេ​ត្រូវ​ការ​ពង្រឹង​លើ​ផ្នែក​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ រចនាសម្ព័ន្ធ​ទីក្រុង អនាម័យ និង​ផ្នែក​បម្រើ​សេវា​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។

លោក​ឧត្តម​សេនីយ៍​ត្រី សត ណាឌី ជា​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ខ្លះ នៅ​មាន​បញ្ហា​ដែល​ធ្វើ​ឱ្យ​អ្នក​ទេសចរ​មិន​ទាន់​មាន​ភាព​កក់​ក្តៅ​នៅ​ឡើយ។ មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​ទី​រួម​ខេត្ត និង​តាម​តំបន់​ទេសចរណ៍ កម្លាំង​នគរបាល បាន​ចាប់​ផ្ដើម​រៀបចំ​ប្រព័ន្ធ​សន្តិសុខ​នៅ​តាម​សេវា​ដឹក​ជញ្ជូន​នានា ដើម្បី​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​នានា​ទៅ​លើ​ភ្ញៀវ​ទេសចរ។

លោក​ឧត្តម​សេនីយ៍​ត្រី សត ណាឌី៖ «អ្នក​បម្រើ​សេវា​ដឹក​ជញ្ជូន​ទាំង​អស់​នេះ តម្រូវ​ឱ្យ​គាត់​មក​ទាក់​ទង​ជាមួយ​នឹង​ស្ថាប័ន​ប៉ូលិស ដើម្បី​យើង​រៀបចំ​នូវ​ទម្រង់​បែបបទ​មួយ​ចំនួន សម្រាប់​ធានា​ដល់​ការងារ​គ្រប់គ្រង​របស់​គាត់ នៅ​ពេល​ដែល​មាន​បញ្ហា​ក្នុង​ការងារ​ដឹក​ជញ្ជូន។ ពេល​មាន​បញ្ហា​កើត​ឡើង ស្ថាប័ន​ប៉ូលិស​ងាយ​ស្រួល​ក្នុង​ការងារ​កំណត់​មុខ​សញ្ញា ក៏​ដូច​ជា​ងាយ​ស្រួល​នៅ​ក្នុង​ការងារ​ស្រាវជ្រាវ​រក»

លោក ប៊ុន ណារិទ្ធិ អគ្គនាយក​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​ថា នៅ​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​អាជ្ញាធរ​របស់​លោក កាន់​តែ​គិត​ទៅ​ដល់​កិច្ចការ​ការពារ​ប្រាសាទ​បុរាណ​នានា និង​ទេសភាព​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក។ លោក​បាន​បញ្ជាក់​ថា ដូច​ជា​ការ​ចង់​ធ្វើ​ផ្លូវ​ខ្លះ​នៅ​ក្នុង​តំបន់​អង្គរ ឱ្យ​ធំ​ទូលាយ​សម្រាប់​ងាយ​ស្រួល​ឱ្យ​ឡាន​ចៀស​គ្នា ដើម្បី​ផល​ចំណេញ​ពី​ទេសចរណ៍ តែ​ផ្ទុយ​ពី​កិច្ចការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។