រដ្ឋាភិបាល​រង​ការ​ចោទ​ថា​ផ្ដល់​គម្រោង​វិនិយោគ​ឲ្យ​​ចិន​ដោយ​គ្មាន​តម្លាភាព

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​រិះគន់​រដ្ឋាភិបាល​ថា បាន​ខកខាន​មិន​បាន​បង្ហាញ​ឯកសារ​ចាំបាច់​មួយ​ចំនួន​ទាក់ទង​នឹង​កិច្ចសន្យា​សាងសង់​រោងចក្រ​ផលិត​ចរន្តអគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ឲ្យ​តំណាងរាស្ត្រ​ពិនិត្យ​មុន​នឹង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​នេះ។

0:00 / 0:00

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​គម្រោង​វិនិយោគ​ទុន​ផលិត​ចរន្តអគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដោយ​គ្មាន​តម្លាភាព​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ដៃគូ​មួយ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​ជាតិ​ផ្ដល់​ការ​ធានា​លើ​កិច្ចសន្យា​សម្រាប់​ក្រុមហ៊ុន​នេះ​មុន​នឹង​បង្កើត​រោងចក្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

គម្រោង​ផលិត​ចរន្តអគ្គិសនី​ដោយ​ធ្យូង​ថ្ម​នេះ​មាន​តម្លៃ​ប្រមាណ ៣៦២​លាន​ដុល្លារ ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​តំបន់​ឧស្សាហកម្ម​ស្ទឹងហាវ ដែល​មាន​កម្លាំង​ប្រមាណ ២៧០​ម៉េហ្គាវ៉ាត់។ រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​រយៈពេល ៣៣​ឆ្នាំ ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម។

មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ធ្លាប់​មាន​ប្រសាសន៍​ថា គម្រោង​ចរន្តអគ្គិសនី​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១១ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៥។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បន្ត​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នឹង​មិន​អាច​ផ្ដល់​ការ​ធានា​កិច្ចសន្យា​ឲ្យ​រដ្ឋាភិបាល​បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ពី​ក្រុមហ៊ុន​ឲ្យ​តំណាងរាស្ត្រ​សិក្សា​មុន​នឹង​កិច្ច​ប្រជុំ​រដ្ឋ​សភា។

របាយការណ៍​កាសែត​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដៃគូ​ក្នុង​ស្រុក​សម្រាប់​គម្រោង​រោងចក្រ​អគ្គិសនី​នេះ​ឈ្មោះ​ថា Cambodia International Investment Development Group។ ក្រុមហ៊ុន​នេះ​ ក៏​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ផង​ដែរ។ ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក់​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ដោយ​មិន​ផ្ដល់​សំណង​សមស្រប។ បច្ចុប្បន្ន​ពលរដ្ឋ​បឹង​កក់​ជាង​មួយ​ពាន់​គ្រួសារ​កំពុង​តវ៉ា​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អភិវឌ្ឍ​តំបន់​បឹង​កក់​ដោយ​ខ្លួន​ផ្ទាល់។

លោកស្រី មូរ សុខហួរ បន្ត​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ក្រុមហ៊ុន​មុន​នឹង​ផ្ដល់​កិច្ច​សន្យា ពីព្រោះ​លោកស្រី​បារម្ភ​ថា ក្រុមហ៊ុន​ខ្លះ​មាន​បំណង​ចង់​ធ្វើ​គម្រោង​ដោយ​គ្មាន​ថវិកា។ លោកស្រី​ក៏​បាន​សម្ដែង​ក្ដី​បារម្ភ​ពី​បរិស្ថាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា គម្រោង​ចរន្តអគ្គិសនី​ធ្យូង​ថ្ម​នេះ នឹង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ​កម្ពុជា​ទេ ដោយសារ​ចំហាយ​ផ្សែង​ចេញ​ពី​រោងចក្រ​មាន​កម្រិត​ទាប​ជាង​ធម្មតា។ គម្រោង​នេះ​ជា​គម្រោង​ទី​២ ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី រក​ឃើញ​ក្នុង​ទំព័រ​វ៉ឹបសាយ​មួយ​ឈ្មោះ Energy World ឬ​ប្រែ​ថា ថាមពល​ពិភពលោក ដែល​និយាយ​អំពី​កិច្ច​ប្រជុំ​លើក​ទី​៧ ស្តី​អំពី​សន្និសីទ​អន្តរជាតិ​លើ​ការ​ដុត​បញ្ឆេះ​ធ្យូង​ថ្ម គេ​បាន​រាយ​នាម​ក្រុមហ៊ុន Cambodia International Investment Development Groupនេះ ដែល​ទទួល​បាន​កិច្ច​សន្យា​សាងសង់​រោងចក្រ​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​ចិន​ឈ្មោះ China Huadian Engineering ហើយ​ផ្ទេរ​ហ៊ុន ឬ​ចែក​ហ៊ុន​ចុះ​ឡើង​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ Leader Universal Holding និង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ឈ្មោះ MKCSS Holding។ បន្ទាប់​មក ចូល​ហ៊ុន​នឹង​ក្រុមហ៊ុន​មួយ​ទៀត ដោយ​កំណត់​ភាគហ៊ុន ៥០/៥០ ឈ្មោះ​ក្រុមហ៊ុន Power Synergy Corporation។

គេ​រាយ​នាម​អ្នក​គ្រប់គ្រង​ឈ្មោះ Chin Jeen Tan , Joanna Lim និង Nian Gao Cheng ជា​អនុ​ប្រធាន។ តាម​កិច្ចសន្យា ក្រោយ​ពេល​រោងចក្រ​ដំណើរ​ការ គេ​នឹង​លក់​ភ្លើង​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ហើយ​ធានា​សន្តិសុខ​ទុន​ដោយ​រាជរដ្ឋាភិបាល៕