អ្នក​វិភាគ៖ រដ្ឋាភិបាល​កម្ពុជា​ចាប់​លោក ម៉ម សូណង់ដូ ដើម្បី​ដោះដូរ​បំណុល​ស.រ.អា

ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​ឯ​នាយ​សមុទ្រ បាន​វិភាគ​ស្ថានការណ៍​កម្ពុជា​ថា រដ្ឋាភិបាល​កំពុង​លេង​ល្ខោន​នយោបាយ​ចាប់​ជំរិត​សកម្មជន​ដីធ្លី អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិ​មនុស្ស និង​ខ្ទប់​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក ដើម្បី​ជា​ថ្នូរ​ដូរ​យក​ជំនួយ ឬ​កាត់​បំណុល​ដែល​រដ្ឋាភិបាល​បាន​ជំពាក់​បរទេស។
ដោយ តាំង សារ៉ាដា
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ៣០៥
អ្នក​គាំទ្រ​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​តុលាការ​រាជធានី​ភ្នំពេញ ដោយ​មាន​សមត្ថកិច្ច​ប៉ូលិស​ឈរ​យាម​ការពារ​នៅ​របាំង​ម្ខាង​ផ្លូវ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២។
RFA/Van Vichar

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ការ​វិភាគ​បែប​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​សមហេតុសមផល។

អ្នក​តាម​ដាន និង​អ្នក​វិភាគ​ស្ថានការណ៍​កម្ពុជា នៅ​អឺរ៉ុប ឲ្យ​ដឹង​ថា បំណុល​បរទេស​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក ជា​យូរ​មក​ហើយ​នោះ អាច​ជា​មុខ​សញ្ញា​មួយ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដោះ​ដូរ​ជាមួយ​នឹង​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ក៏​ដូច​ជា​សកម្មជន​ដីធ្លី​ជាច្រើន​ទៀត និង​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​មេ​បក្ស​ជំទាស់​ចូល​ប្រទេស​វិញ។

ពី​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឿន បាន​វិភាគ​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) លប់​បំណុល​ជាង ៤០០​លាន​ដុល្លារ ទាំង​ការ​ទាំង​ដើម​នេះ​ចោល​ទៅ​បាន ទាល់​តែ​មាន​ការ​ចាប់​ចង​សកម្មជន​មួយ​ចំនួន និង​បិទ​ទ្វារ​មិន​ឲ្យ​មេ​បក្ស​ជំទាស់​ដ៏​ធំ​ចូល​ប្រឡូក​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ។

លោក ប៉ាង សុខឿន៖ «រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​ឥឡូវ​ទេ គឺ​យូរ​ណាស់​មក​ហើយ បាន​ព្យាយាម​សុំ​អង្វរ​សហរដ្ឋ​អាមេរិក​ឲ្យ​លើក​លែង​បំណុល​ដែល​ខ្លួន​ជំពាក់។ អ៊ីចឹង បើ​យើង​សិក្សា​មើល​ទៅ ប្រហែល​លោក ហ៊ុន សែន ចាប់​លោក ម៉ម សូណង់ដូ មួយ​ទៀត​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​រួម​ជាមួយ​ទោស​ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក សម រង្ស៊ី។ ដូច្នេះ រួម​ពីរ​ហ្នឹង គឺ​អាច​ចរចា​បាន​ជាមួយ​បំណុល​ហ្នឹង។ ដូច្នេះ ដើម្បី​ឲ្យ​អាមេរិក​លប់​បំណុល​នោះ​ចោល​បាន គឺ​ត្រូវ​ធ្វើ​អី​មួយ​ឲ្យ​ធ្ងន់​ជាង​មុន»

លោក ប៉ាង សុខឿន បន្ត​ថា លោក ហ៊ុន សែន បាញ់​ព្រួញ​មួយ​បាន​សត្វ​ដល់​ទៅ​បី។ លោក​បញ្ជាក់​ថា ទីមួយ គឺ​ទាម​ទារ​ដោះ​បំណុល​ដែល​កម្ពុជា កំពុង​ជំពាក់​សហរដ្ឋ​អាមេរិក ជាង ៤០០​លាន​ដុល្លារ។ ទីពីរ ដើម្បី​ផ្គាប់ផ្គន់​ដល់​មហា​អំណាច​ចិន ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អាមេរិក។ ទីបី គឺ​ដើម្បី​បំភិតបំភ័យ និង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ក្រុម​បក្ស​ប្រឆាំង និង​សកម្មជន​នានា មិន​ឲ្យ​មាន​សកម្មភាព​ជំទាស់​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣។

លោក​បាន​អះអាង​ថា កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​យក​ជំនួយ​របស់​អាមេរិក តាម​រយៈ​ការ​ដោះ​ដូរ​នៃ​ការ​ដោះ​លែង​ក្រុម​អ្នក​រិះគន់។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ក្រោយ​ពី​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា លោក ជីម វិប (Jim Web) និង​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រួច កម្ពុជា​ក៏​បាន​ដោះ​លែង​ស្ត្រី​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា ចំនួន ១៥នាក់ ក្នុង​ករណី​ទំនាស់​ដីធ្លី។ រយៈពេល​បី​ខែ​ក្រោយ​មក នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ជិត ៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ធ្វើ​កិច្ចការ​លើ​វិស័យ​សុខាភិបាល អប់រំ និង​កសិកម្ម។

កាល​ពី​ខែ​មករា ឆ្នាំ​២០០៦ រដ្ឋាភិបាល​ខ្មែរ​បាន​ដោះ​លែង​ក្រុម​អ្នក​រិះគន់​ចំនួន ៥នាក់ មាន​លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ លោក យេង វិរៈ លោក កឹម សុខា និង​លោក ប៉ា ងួនទៀង។ លោក ហ៊ុន សែន កាល​ណោះ​បាន​ចាត់​ទុក​ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នេះ ជា​កាដូ​មួយ​កញ្ចប់​ជូន​ដល់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក គ្រឹស្តុហ្វឺ ហ៊ីល (Christopher Hill) ដើម្បី​សម្ពោធ​ស្ថានទូត​អាមេរិក​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​យោធា​ជា​សម្ភារៈ និង​ការ​ហ្វឹកហ្វឺន​ដល់​កម្ពុជា ស្មើ​នឹង​ទឹក​ប្រាក់​ជាង ៤លាន​ដុល្លារ។

លោក ប៉ាង សុខឿន មាន​ប្រសាសន៍​ថា ម្តង​នេះ លោក ហ៊ុន សែន ត្រូវ​ជំរិត​ឲ្យ​បាន​ធំ​ជាង​មុន ដើម្បី​ដោះ​ដូរ​ជាមួយ​កញ្ចប់​លុយ​ដ៏​ធំ​ពី​សហរដ្ឋ​អាមេរិក នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barrack Obama) មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា ខាង​មុខ៖ «តាម​ពិត​ទៅ រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ផ្លូវ​ថ្មី ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ហ្នឹង។ យើង​អាច​និយាយ​បាន​ថា ជា​នយោបាយ​ចាប់​ជំរិត​យក​លុយ​ពី​មហា​អំណាច ពី​ប្រទេស​ម្ចាស់​ជំនួយ និង​ប្រទេស​អ្នក​មាន​ផ្សេងៗ​ទៀត»

លោក​បន្ត​ថា ផែនការ​ជំរិត​របស់​លោក ហ៊ុន សែន មិន​អាច​ទទួល​ជោគជ័យ​នោះ​ឡើយ ពីព្រោះ​សហរដ្ឋ​អាមេរិក នៅ​មាន​យុទ្ធសាស្ត្រ​ផ្សេង​ច្រើន​ទៀត ដែល​អាច​បន្ទន់​ឥរិយាបថ​របស់​មេ​ដឹកនាំ​ខ្មែរ​បាន។

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ មើល​មិន​ឃើញ​ដូច​លោក ប៉ាង សុខឿន ទាំង​ស្រុង​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ទៀត នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​អាមេរិក មក​កម្ពុជា នេះ គឺ​ជា​សញ្ញា​មួយ​ដែល​កម្ពុជា ចង់​បង្ហាញ​ចិន និង​ពិភពលោក​ថា ខ្លួន​មិន​បាន​ចាត់​ទុក​មហា​អំណាច​អាមេរិក មាន​សារសំខាន់​ជាង​មហា​អំណាច​ចិន នោះ​ឡើយ៖ «សូម្បី​ប្រទេស​ខ្លះ ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​រោងចក្រ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា ហើយ​ជំនួយ​ក៏​តិច។ ប៉ុន្តែ បើ​ខាង​ចិន ដូច​ជា​គាំទ្រ​ខ្លាំង មាន​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ចិន ខ្លាំង​ក្នុង​តំបន់ ជាពិសេស គាំទ្រ​ចិន ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង។ អ៊ីចឹង​ហើយ បាន​ជា​មាន​អី​អាង​នោះ»

សេដ្ឋកិច្ច​របស់​កម្ពុជា មួយ​ផ្នែក​ធំ ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាង ៣សែន​នាក់ ហើយ​សហរដ្ឋ​អាមេរិក ជា​ទីផ្សារ​ដ៏​ធំ​មួយ ដែល​ទទួល​ទិញ​ផលិតផល​សំលៀក​បំពាក់​ពី​កម្ពុជា ជា​ប្រចាំ។ រីឯ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក សម្រាប់​កម្ពុជា វិញ ច្រើន​ភ្ជាប់​នូវ​លក្ខខណ្ឌ ដូច​ជា​តម្រូវ​ឲ្យ​កម្ពុជា គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ។

ចំណែក​ចិន វិញ បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា ទាំង​ជំនួយ​ឥត​សំណង​គ្មាន​លក្ខខណ្ឌ និង​ប្រាក់​កម្ចី ប៉ុន្តែ​ពុំ​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស​ទេ។ រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា កម្ពុជា​កំពុង​ជំពាក់​លុយ​ចិន​ដល់​ទៅ​ជាង ៦ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ជុំវិញ​ការ​វិភាគ​ថា​រដ្ឋាភិបាល​កម្ពុជា កំពុង​លេង​នយោបាយ​ចាប់​ជំរិត លេង​ល្បែង​បំភ័ន្ត​ភ្នែក​ចិន ដើម្បី​យក​លុយ​ពី​អាមេរិក និង​ល្បែង​បំបាក់​ស្មារតី​ក្រុម​អ្នក​រិះគន់​នោះ លោក កែម ឡី អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម មាន​ប្រសាសន៍​ថា បើ​ធ្វើ​ការ​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​ជ្រៅ​ជាង​នេះ​ទៅ​ទៀត ឃើញ​ថា លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​ទៅ​វិញ​ទេ។

លោក​បញ្ជាក់​ថា អាសនៈ និង​សំឡេង​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី មាន​ការ​កើន​ឡើង កាល​ពី​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​កន្លង​មក ហើយ​ពេល​ថ្មីៗ​នេះ​ទៀត​សោត គណបក្ស​ទាំង​ពីរ​បាន​ច្របាច់​បញ្ចូល​ជា​គណបក្ស​តែ​មួយ​ថែម​ទៀត ដូច្នេះ សំឡេង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ថ្មី​ដែល​ទើប​បង្កើត​នេះ នឹង​កាន់​តែ​កើន​ឡើង ហើយ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ព្រួយ​បារម្ភ៖ «កាល​ណា​បាត់​បង់​កៅអី​មេ​ឃុំ មាន​ន័យ​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ឃុំ​ហ្នឹង មិន​បាន​គាំទ្រ​ទៅ​ដល់​គណបក្ស​ប្រជាជន​ជាង ៥០% បាន​ន័យ​ថា តិច​ជាង ៥០% ហើយ​បាន​ជា​បាត់​បង់​តំណែង​មេ​ឃុំ។ អា​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​មាន​វិធានការ​ថ្មីៗ​នោះ»

ទោះ​ជា​មាន​ការ​បរិយាយ​ពី​ក្រុម​អ្នក​វិភាគ​ទាំង​នេះ​ក្តី ក៏​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​ក្រុម​អ្នក​វិភាគ​ដែល​ថា​មេ​ដឹកនាំ​កំពុង​ចាប់​ជំរិត​ក្រុម​អ្នក​រិះគន់ ដើម្បី​ដូរ​យក​ជំនួយ ឬ​ការ​លប់​បំណុល​បរទេស​នោះ គឺ​គ្រាន់​តែ​ជា​ការ​វិភាគ​ដោយ​គ្មាន​មូលដ្ឋាន មិន​ឆ្លុះ​បង្ហាញ​ពី​ការ​ពិត និង​មិន​ឆ្លុះ​បង្ហាញ​ពី​ដំណើរ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត មិន​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ដ៏​កំពូល​របស់​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក នោះ​ឡើយ៖ «រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​មែន​មាន​វិធាន ក្នុង​ការ​ចាប់​បុគ្គល​ណា​មួយ ឬ​ដាក់​បន្ទុក​លើ​ក្រុម​ណា​មួយ ដែល​ជា​ចំណាប់​ខ្មាំង ដើម្បី​ដោះដូរ​ជាមួយ​ជំនួយ​នោះ​ទេ។ ហើយ​អ្នក​ដែល​មាន​គំនិត​នោះ គ្រាន់​តែ​ជា​គំនិត​មួយ​ស្រមើស្រមៃ ឬ​គ្មាន​ហេតុផល​ក្នុង​វិនិច្ឆ័យ​អំពី​ការ​នយោបាយ​របស់​កម្ពុជា មិន​អ៊ីចឹង។ បញ្ហា​នេះ វា​មិន​មែន​ដូច្នេះ​ទេ»

ចំណែក​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច វិញ បាន​ចូល​រួម​វិភាគ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​គិត​ថា​ប្រសាសន៍​របស់​លោក​ជា​សម្ដី​ទិព្វ ដោយ​សារ​លោក​ធ្លាប់​បាន​ប្រកាស​ថា នឹង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទោះ​ជា​រត់​ដល់​ជើង​មេឃ​ក៏ដោយ ដូច្នេះ​លោក​ត្រូវ​ចាប់​ឲ្យ​បាន ដើម្បី​បង្ហាញ​ថា សម្ដី​របស់​គាត់​ដែល​និយាយ​ចេញ​ទៅ​ហើយ ត្រូវ​តែ​អនុវត្ត ដើម្បី​ជៀសវាង​ភាព​សាបរលាប​ក្នុង​នាម​ជា​មេ​ដឹកនាំ។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក៏​ទំនង​ជា​ការ​ចៃដន្យ​មួយ ដែល​កម្ពុជា ខ្លួន​ឯង ត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ប៉ុន្តែ​ដោយ​សារ​តែ​កំហឹង ១០០​អង្សា របស់​នាយក​រដ្ឋមន្ត្រី​ទប់​មិន​បាន​ដូច្នេះ​ហើយ ទើប​លោក ម៉ម សូណង់ដូ មិន​អាច​ផុត​ពី​ការ​ចាប់​ខ្លួន​នេះ។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខាត​លាភ​ទៅ​វិញ​ទេ ខណៈ​មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ថា​តើ​កម្ពុជា​ធ្វើ​ជា​គំរូ​ល្អ ឬ​អាក្រក់ ក្នុង​ពេល​ដែល​ខ្លួន​ជា​ប្រធាន​អាស៊ាន នោះ៖ «នៅ​ពេល​ដែល​កាលៈទេសៈ​មួយ​រុញ​ច្រាន​ឲ្យ​មាន​វិបត្តិ​បែប​នេះ ខ្ញុំ​យល់​ថា មិន​មែន​ជា​រឿង​សាមញ្ញ​ទេ គឺ​ថា រុញ​បញ្ហា​ឲ្យ​បង្កើត​រឿង​នេះ​ឡើង។ ម៉ម សូណង់ដូ គាត់​មិន​មែន​ជា​តួ​ឯក​ទេ ម៉ម សូណង់ដូ គ្រាន់​តែ​ជា​ក្អាត់​មួយ​ទេ តែ​ជប់​គាត់​ឲ្យ​ទៅ​ជា​កង្កែប​ដ៏​ធំ។ ហើយ​គាត់​មិន​មែន​ជា​អ្នក​មាន​កៅអី​ទេ ហេតុ​អី​បាន​ធ្វើ​បែប​នេះ អា​នេះ​ហើយ​គេ​ហៅ​ថា ថ្ងៃ​សយ វា​សយ​ជាន់​សយ។ មិន​មែន​លោក ម៉ម សូណង់ដូ សយ​នោះ​ទេ តែ​អ្នក​ដែល​សយ គឺ​ជា​អ្នក​ធ្វើ​អំពើ​ទៅ​លើ​លោក ម៉ម សូណង់ដូ វិញ​ទេ ដែល​ជា​អ្នក​សយ»

លោក សុខ ទូច បន្ត​ថា វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នាំ​ឲ្យ​កម្ពុជា​ខ្លួន​ឯង​បរាជ័យ​ធំ ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ មិន​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Do you beleive it!!! Do you analyze it more than milliom times before you say? To me, I think it's" KHMEAN BANN KAR". USA government is not stupid like Pang. May be Pang hates Mr HUN SEN, of course.

Oct 11, 2012 09:54 AM

អ្នក​អាន​អនាមិក

ល្បិចខ្មៅកខ្វក់បែបនេះក៏ហ៊ានលេងដែរ! គិតថាបរទេស ទាំងអស់ហ្នឹងល្ងង់ណាស់ មែនទេ? មានតែខ្លួនឯងទេដែលល្ងង់ផុតលេខនោះ!

Oct 11, 2012 05:10 AM

CheyVorman007

ពី AngKor Wat

បើលោកតាអាចដោះដូរនឹងបំណុលបានមែនមាននយ័ថា
លោកតាមានខ្លួនថ្លៃជាងលោកបណ្ឌិតសេក ដូចនេះលោក
បណ្ឌិតគួរដឹងខ្លួនហើយថា ខ្លួនលោកព្រមទាំងងារជាបណ្ឌិត
ហ្នឹងគេអត់ត្រូវការទេ លោកឯងជាមនុស្សជជុះទេសំរាប់អ្នក
មានលុយលើពិភពលោកនេះ។

Oct 11, 2012 01:26 AM

Prey Norkor

ពី Long Lost Kampuchea Krom

Opportunity Begets Heroism: Situations create heroic act. Is this a time when Hun Sen creates Mam Sonando a Hero? Of course, YES, unintentionally Hun Sen does create a heroism for Mam Sonando who is just a normal person, no body guard, but could defeat Hun Sen who is a powerful Prime minister with thousands of bodyguards. Actually, Hun Sen barbarous acts has created Mam Sonando a very famous man (a champion) worldwide now. Mam Sonando is a winner and Hun Sen is a looser because his wrongly imprisonment Mam Sonando. Hun Sen's win win policy is not working anymore, Mam Sonando's loose loose policy become the easily win win one. It's a time for a buffalo boy turned Cambodian Prime minister to face the justice at the International Criminal Court. Thanks to Human Rights, Human Watch people, and Civil Society Organizations' persons who were days and nights working very hard to help Khmer people despite unreasonable threatening and insulting by/from Hun Sen.

Oct 11, 2012 12:40 AM

អ្នក​អាន​អនាមិក

មេចាប់ជំរិតនៅក្បែរច្រមុះសោះ មេចាប់ជំរិតទ្រង់ទ្រាយធំ។ គេស្គាល់ក្រយៅតាំងពីយូរមកហើយ។

Oct 10, 2012 09:38 PM

អ្នក​អាន​អនាមិក

Are you so sure about Mr HUN SEN? Do you study this fact very well before you spell out. Saying wrong can confuse all KHMERS, and further more, can destroy CAMBODIA. Please stop, silence is the best way for life than bla bla bla. Intelligent person does not say much, silly one scream non stop.

Oct 11, 2012 10:07 AM

មើល​មតិ​ទាំង​អស់.