កម្ពុជា​ប្រកាស​លុប​បំបាត់​គ្រឿង​ញៀន​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥

នៅ​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ ថ្ងៃ​ទី​២៦ មិថុនា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រកាស​ថា កម្ពុជា​មាន​គោលដៅ​បំបាត់​គ្រឿង​ញៀន​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥។ ទន្ទឹម​នេះ​ដែរ ក្រុម​មន្ត្រី​ក្រសួង​មហាផ្ទៃ ជំរុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​រួម​គ្នា​អនុវត្ត​គោលដៅ​នេះ​ឲ្យ​បាន​ជោគជ័យ។
ដោយ វណ្ណ វិចារ
2012-06-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រឿង​ញៀន ៣០៥
៤-វិច្ឆិកា-២០១១៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​វត្ថុ​តាង ជា​គ្រឿង​ញៀន ក្រោយ​ចាប់​ខ្លួន​ជន​ជាតិ​ចិន ៩​នាក់។
RFA/Sok Serey

គោលដៅ​លុប​បំបាត់​គ្រឿង​ញៀន​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥ ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រមុខ​ដឹកនាំ​ក្រសួង​មហាផ្ទៃ ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ ថ្ងៃ​ទី​២៦ មិថុនា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ឧប​នាយករដ្ឋមន្ត្រី លោក ស ខេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ចាត់​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន​ទេ ហើយ​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​គ្រឿង​ញៀន​ពី​ប្រទេស​នានា ក្នុង​តំបន់ និង​លើ​ពិភពលោក។

លោក ស ខេង បញ្ជាក់​ថា ដើម្បី​បំបាត់​គ្រឿង​ញៀន​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥ គ្រប់​ស្ថាប័ន​ត្រូវ​ចូល​រួម​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​វិបាក​នៃ​គ្រឿង​ញៀន​ឲ្យ​បាន​ទូលំ​ទូលាយ​បំផុត។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ធ្វើ​ការ​ជាមួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​មិន​បាន​ល្អ ជា​មូលហេតុ​សំខាន់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រីក​រាលដាល​នៃ​បទល្មើស​គ្រឿង​ញៀន។

ប្រធាន​សមាគម​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន លោក មាស សុវណ្ណ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ពី​គោលដៅ​បំបាត់​គ្រឿង​ញៀន​ឆ្នាំ​២០១៥ មិន​ប្រាកដ​ថា បាន​ជោគជ័យ​ឡើយ ប្រសិន​ណា​រដ្ឋាភិបាល​មិន​តាមដាន​ការ​អនុវត្ត​ការងារ​របស់​ក្រុម​សមត្ថកិច្ច​ថ្នាក់​ក្រោម​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​ជា​កត្តា​ចាំបាច់​បំផុត​សម្រាប់​បោស​សម្អាត​គ្រឿង​ញៀន៖ «អ្នក​ខ្លះ​ហ្នឹង​បាន​តួនាទី​ភារកិច្ច​ជា​អ្នក​បង្ក្រាប តែងតែ​យក​តួនាទី​របស់​ខ្លួន ហើយ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់ នេះ​ជា​ចន្លោះ​ប្រហោង»

ទាក់ទិន​បញ្ហា​គ្រឿង​ញៀន​នេះ ស្ថាប័ន​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ធ្លាប់​មាន​រឿង​អាស្រូវ​មួយ​ដែល​ចារ​ជា​ប្រវត្តិសាស្ត្រ កាល​ពី​ដើម​ឆ្នាំ​២០១១ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​រក​ឃើញ​ថា អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ឹក ដារ៉ា និង​បក្សពួក​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​ហើយ។

ក្រៅ​ពី​ច្បាប់​គ្រឿង​ញៀន រដ្ឋាភិបាល​កម្ពុជា រៀបចំ​គោលនយោបាយ​បំបាត់​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន តាម​រយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ឲ្យ​ដឹង​ថា មាន​បទល្មើស​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី កើត​ឡើង​ដោយសារ​អ្នក​ប្រព្រឹត្ត​សេព​គ្រឿង​ញៀន ជា​ប្រការ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Peter

ពី Bonn

គ្រន់តែថាឲ្យរួចពីម៉ាត់ប៉ុណោះ. It's impossible to believe it!

Nov 29, 2012 07:07 AM

អ្នក​អាន​អនាមិក

តើអាចបំបាត់បានដែរឬទេបើអ្នករកស៊ីកាក់កបមានសម្បត្តិមហាសាលជា ក្រុមនិងបក្ខពួករបស់សម្តេចនាយករដ្ឋមន្ត្រីនោះ????

Jun 27, 2012 05:23 AM

អ្នក​អាន​អនាមិក

គ្រន់តែថាឲ្យរួចពីម៉ាត់ប៉ុណោះ

Jun 27, 2012 03:51 AM

អ្នក​អាន​អនាមិក

មិនដឹងថាលោក ស ខេង និយាយលេងឬមែន?!

Jun 26, 2012 11:20 PM