មន្ត្រី​រដ្ឋាភិបាល​​ប្រតិកម្ម​ចំពោះ​ការ​ចោទ​រដ្ឋាភិបាល​ថា​​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យ​រដ្ឋ

មន្ត្រី​​​រដ្ឋាភិបាល​បាន​ប្រតិកម្ម​តប​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​ចោទ​ថា រដ្ឋាភិបាល​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​ក្នុង​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​បាត់​បង់​ស្ទើ​គ្មាន​សល់។

មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស សម រង្ស៊ី នោះ គឺ​ជា​ចេតនា​ចង់​រារាំង​​មិន​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច និង​ដើម្បី​កេង​ចំណេញ​នយោបាយ​​របស់​ខ្លួន​នៅ​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​តប​​ចំពោះ​ការ​រិះគន់​ធ្ងន់ៗ​​របស់​គណបក្ស សម រង្ស៊ី មក​លើ​រដ្ឋាភិបាល​ដោយ​ចាត់​ទុក​ថា ការ​​ព្យាយាម​លើក​ហេតុ​របស់​បក្ស​ប្រឆាំង​មួយ​នេះ ពុំ​បាន​ឆ្លុះ​បញ្ចាំង​ភាព​ពិត​ដែល​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ប្រជាជន​បាន​បើក​ទូលាយ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សិទ្ធិ​សេរី​ភាព​ស្រប​តាម​ក្រប​ខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​នោះ។

លោក កែវ រ៉េមី អនុ​ប្រធាន​​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ហៅ​ការ​ថ្លែង​របស់​មន្ត្រី​បក្ស​ប្រឆាំង គឺ​លោក យឹម សុវណ្ណ នេះ ថា​​ជា​ចេតនា​ចង់​ទាញ​ឲ្យ​ប្រទេស​កម្ពុជា ស្ថិត​នៅ​លើ​ផ្លូវ​នយោបាយ​បែប​ប្រទេស​កុម្មុយនិស្ត​ទៅ​វិញ។

លោក​ថ្លែង​ថា ក្នុង​សង្គម​​​ប្រជាធិបតេយ្យ រដ្ឋ​ត្រូវ​ធានា​ពី​គោលនយោបាយ​ផ្តល់​សិទ្ធិ​វិនិយោគ​​ទៅ​លើ​វិស័យ​ឯកជន​ឲ្យ​បាន​ទូលំ​ទូលាយ ដែល​ធានា​ដោយ​ច្បាប់​​ជា​ជាង​រដ្ឋ​គ្រប់​គ្រង​អំណាច​ប្រមូល​ផ្ដុំ៖ «ផ្នត់​គំនិត​របស់​គណបក្ស​ប្រ​ឆាំង គឺ​គាត់​ចង់​របៀប​ដឹក​នាំ​តាម​កុម្មុយនិស្ត ចង់​អ្វីៗ​ហ្នឹង​គឺ​រដ្ឋ​កាន់​កាប់​ទាំង​អស់ គ្រប់​គ្រង​ទាំង​អស់។ សេរី​គឺ​អត់​អ៊ីចឹង​ទេ គឺ​មាន​ឯកជន មាន​វិស័យ​ឯកជន​ជា​បុគ្គល ជា​គ្រួសារ​ជា​អី​អ៊ីចឹង។ គេ​ជា​ម្ចាស់​កម្មសិទ្ធិ​មែន ជា​រដ្ឋ​អ្នក​កាន់​កាប់​ទាំង​អស់​ឯ​ណា ដឹក​នាំ​ដោយ​រដ្ឋ​ស្អី​របស់​រដ្ឋ​ឯ​ណា អា​ហ្នឹង​វា​ត្រូវ​ដឹង​ពី​របប។ នៅ​ប្រទេស​ជឿន​លឿន​អាមេរិក​អី​សុទ្ធ​តែ​អា​ដែង​មាន​សេដ្ឋី​មាន​អី​អ៊ីចឹង​តើ! មាន​ឯក​ជន​មាន​អី​គេ​កាន់​កាប់​អ៊ីចឹង»

ការ​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​មន្ត្រី​​ក្នុង​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការ​ស្ដី​បន្ទោស​ដោយ​ពុំ​ផ្អែក​លើ​ហេតុផល​ពិត​នេះ ធ្វើ​ឡើង​រយៈ​ពេល​១​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​​មន្ត្រី​បក្ស​ប្រឆាំង សម រង្ស៊ី រិះ​គន់​ជា​សាធារណៈ​មួយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១២។ ការ​ចោទ​ប្រកាន់​នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​​ពិធី​សមាជិក​លើក​ទី​២ របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​លោក យឹម សុវណ្ណ អះ​អាង​ថា ក្រោម​ការ​គ្រប់​គ្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា ត្រូវ​បាត់​បង់​​​ធន​ធាន ទ្រព្យ​សម្បត្តិ​រដ្ឋ រួម​មាន​បឹងបួរ រ៉ែ ឧស្ម័ន ប្រេង​កាត អគារ និង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​​​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី វិញ ចាត់​ទុក​ថា លទ្ធផល​ដែល​ទទួល​​ពី​ការ​វិនិយោគ​ទាំង​នេះ ច្រើន​បំផុត​បាន​ទៅលើ​​មនុស្ស​មួយ​ក្រុម និង​អ្នក​ដែល​ស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

លោក យឹម សុវណ្ណ បន្ត​ថា៖ «ផល​ដែល​​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​មួយ​ចំនួន​ធំ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​មាន​អំណាច ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​និង​ក្រុមហ៊ុន​ឯកជន ឧកញ៉ា​​ដែល​ស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ច្រើន​លើស​លប់​ទទួល​បាន​ផល​តិច​តួច​ណាស់​ពី​កំណើន​​សេដ្ឋកិច្ច​បែប​នេះ​នោះ»

មជ្ឈដ្ឋាន​នានា​រក​ឃើញ​​ថា រដ្ឋាភិបាល​​ដែល​គ្រប់​គ្រង​ដោយ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ពុំ​បាន​បង្ហាញ​​ពី​ចំណូល​ចំណាយ​ដោយ​តម្លា​ភាព​ក្នុង​ការ​ធ្វើ​លទ្ធកម្ម ឬ​ការ​ដេញ​ថ្លៃ​​ទៅ​លើ​​ការ​លក់​អាគារ​រដ្ឋ ដូច​ជា​ស្តាត​អូឡាំពិក សាលារៀន និង​មន្ទីរ ក្រសួង​នានា ក្នុង​ពេល​កន្លង​មក​របស់​រដ្ឋ​ទៅ​ជា​ឯកជន​ជា​ដើម​នោះ​ទេ។

ទាក់ទិន​ករណី​នេះ​​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum)។លោក ឈិត សំអាត ដែល​តែង​ឃ្លាំ​មើល​ពី​បញ្ហា​នេះ លោក​គិត​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ឆ្លើយ​តប​លើ​ផ្នែក​នេះ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា ដើម្បី​ធានា​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត រដ្ឋាភិបាល​គួរ​បង្កើន​​ប្រសិទ្ធភាព​របស់​ខ្លួន​បន្ថែម​ទៀត៖ «អ្វី​ដែល​យើង​ធ្វើ ឬ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នេះ យើង​ចង់​​ឲ្យ​ឃើញ​ថា ចំណូល ជា​ពិសេស​ដែល​ចូល​ពី​ការ​បង់​ពន្ធដារ ឬ​ក៏​ចំណូល​ផ្សេង​ៗ​ទៀត​ដែល​ចូល​ទៅ​ថវិកា​ជាតិ​ហ្នឹង គួរ​តែ​ឲ្យ​មាន​តម្លាភាព និង​ឲ្យ​កាន់​តែ​ច្រើន​​កាន់​តែ​ល្អ ពី​ព្រោះ​ដើម្បី​ឲ្យ​ប្រជាជន​គាត់​មាន​ភាព​ជា​ម្ចាស់ ហើយ​គាត់​យល់​ដឹង​អំពី​ចំណូល និង​ការ​ប្រើ​ប្រាស់​ចំណូល​របស់​គាត់»

បើ​យ៉ាង​នេះ​ក្ដី​​លោក កែវ រ៉េមី អះ​អាង​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ដូច​ជា​ការ​កៀរគរ​អ្នក​វិនិយោគ​​ដើម្បី​បណ្ដាក់​ទុក​នៅ​កម្ពុជា និង​ចំហ​​ឲ្យ​​មាន​ការ​ជជែក​ដេញ​ដោល​សង្គម​ស៊ីវិល ​អាច​មាន​សិទ្ធិ​​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល និង​ធានា​ឲ្យ​មាន​គោលនយោបាយ​សេរី​ពហុបក្ស។ លោក​ថា នោះ​គឺ​ជា​ការ​បើក​ទូលាយ​​​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។