រដ្ឋាភិបាល​ច្រាន​ចោល​សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៥ ខែ​តុលា បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​លិខិត​លើក​ទី៣ របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​ទៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ច្រាន​ចោល​ជា​ថ្មី​ទៀត។

0:00 / 0:00

លិខិត​នោះ គឺ​លោក សម រង្ស៊ី បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​ចូល​មក​កម្ពុជា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

លិខិត​លើក​ទី៣ នោះ គឺ​មាន​ខ្លឹមសារ​ដូច​លិខិត​លើក​ទី១ និង​លើក​ទី២ ដែរ។ លិខិត​ទាំង​នោះ គឺ​លោក សម រង្ស៊ី បាន​ផ្ញើ​ជូន​លោក ជា ស៊ីម ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ព្រះបរមសព នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន ប៉ុន្តែ​លិខិត​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​មក​គណបក្ស សម រង្ស៊ី វិញ ដោយ​គ្មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​ឡើយ។

ដោយ​ឡែក លិខិត​ដូច​គ្នា​នេះ បាន​ផ្ញើ​ជូន​លោក ហេង សំរិន ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​នេះ​ដែរ ប៉ុន្តែ​លិខិត​នោះ​មិន​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​ទេ ហើយ​ក៏​គ្មាន​ចម្លើយ​តប​វិញ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ឥរិយាបថ​បែប​នេះ៖ «ឯកឧត្តម​ប្រធាន លោក សម រង្ស៊ី លោក​សម្ដែង​កាយវិការ​ទន់ភ្លន់​គាំទ្រ​ព្រះរាជ​តម្រិះ ព្រះ​មហា​វីរក្សត្រ ព្រះរាជ​តម្រិះ ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ឯកភាព​ជាតិ ដូច្នេះ​យើង​មាន​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​មិន​បាន​យក​លិខិត​នោះ​ទៅ​ពិចារណា បែរ​ជា​រុញ​ទៅ​រុញ​មក យើង​ខ្ញុំ​យល់​ថា នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ​មែន​ទែន»

ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា លិខិត​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​នីតិវិធី ហើយ​រដ្ឋាភិបាល​បាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លឹមសារ​លិខិត​នោះ គឺ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ និង​បាន​តែង​តាំង​ប្រធាន និង​អនុប្រធាន និង​សមាជិក សរុប​ចំនួន ៤៩នាក់ ដើម្បី​រៀបចំ​បុណ្យ​ព្រះបរមសព នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១២ កន្លង​មក​នេះ នៅ​មន្ទីរពេទ្យ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។