ការប្រកាសនេះ គឺក្រោយពេលដែលទីស្ដីការគណៈរដ្ឋមន្ត្រីសហការជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានបិទវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋាភិបាលឲ្យក្លាយជាអ្នកនាំពាក្យចំនួន ១៨នាក់មកពីទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកម្ពុជា ព្រមទាំងកងរាជអាវុធហត្ថ។
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធាននៃក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួលព័ត៌មានឆាប់រហ័សពីសមរភូមិ និងសន្តិសុខជាតិ លោកឧត្ដមសេនីយ៍ នាង ផាត បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា ការបង្កើតនេះគឺតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ «ក្នុងនោះដើម្បីពង្រឹងការងារព័ត៌មានឲ្យបានដំណើរការឲ្យបានល្អ ជាពិសេសក្នុងការផ្សាយព័ត៌មាន ឬព័ត៌មានទាក់ទិននឹងសន្តិសុខជាតិ ដើម្បីរក្សាផលប្រយោជន៍ យោធា នយោបាយ និងការទូត»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងជាអនុប្រធាននៃក្រុមការងារអន្តរក្រសួងនេះ បានមានប្រសាសន៍ថា ក្រុមការងារនេះមានភារកិច្ចខុសពីការងាររបស់ក្រុមប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកន្លងមក ៖ «ប្រតិកម្មរហ័សគាត់ Monitoring (តាមដាន) អំពីព័ត៌មានក្នុងស្រុក និងក្រៅស្រុក ដែលនិយាយមិនសមហេតុមិនសមផល ឬនិយាយចន្លោះប្រហោងដែលមិនមានសុចរិតសម្រាប់អ្នកស្ដាប់ ដូច្នេះប្រតិកម្មរហ័សដើរតួ និងបកស្រាយប្រាប់ទៅវិញ»។
ប្រធានសមាគមមិត្តសារព័ត៌មានកម្ពុជា លោក ឱម ច័ន្ទតារា បានមានប្រសាសន៍ថា នេះជាជំហានវិជ្ជមានមួយទៀតសម្រាប់ការងារអ្នកសារព័ត៌មាននៅកម្ពុជា ៖ «អ្នកកាសែតកន្លងមកតែងតែមានការលំបាកទទួលព័ត៌មាន តែងតែមានការត្អូញត្អែរ»។
គេបានកត់សម្គាល់ថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះ គឺនៅគ្រាដែលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តអូសបន្លាយតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មក។ ព័ត៌មានមួយចំនួនកន្លងមកត្រូវបានមន្ត្រីរដ្ឋាភិបាលបានពណ៌នាថា បានប៉ះពាល់ដល់សន្តិសុខជាតិ និងជាព័ត៌មានខុសការពិត។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះមេបញ្ជាការនៃយោធភូមិភាគ៤ កម្ពុជា លោក ជា ម៉ន និងមេបញ្ជាការភូមិភាគ២ របស់ថៃ លោក សុវត្ថិឆ័យ សាមុតសាខន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ចំនួន ៦ចំណុចរាប់ទាំងមិនផ្សព្វផ្សាយព័ត៌មានបំផ្លើសធ្វើឲ្យពុលបរិយាកាសនៅតាមព្រំដែន៕