រដ្ឋាភិបាល​ត្រៀម​សង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ជំនន់

រដ្ឋាភិបាល​កម្ពុជា ជាពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អ្នក​ជំនាញ​កសិកម្ម កំពុងតែ​តាមដាន​ស្ថានការណ៍​គ្រោះ​រាំងស្ងួត យ៉ាង​យកចិត្តទុកដាក់​នៅ​ខេត្ត​មួយ​ចំនួន ដែល​កំពុងតែ​ខ្សត់​ទឹកភ្លៀង ធ្វើ​ឲ្យ​ដំណាំស្រូវ និង​ដំណាំ​ដំឡូងមី​ច្រើន​ពាន់​ហិកតារ​ក្រៀម​ស្វិត និង​ខូចខាត។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បង្កើន​ការ​តាមដាន និង​ត្រៀម​បម្រុង ដើម្បី​សង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះ​មហន្តរាយ ដោយសារ​គ្រោះ​រាំងស្ងួត និង​ទឹកជំនន់​នៅ​ឆ្នាំ​២០១២ ចាប់​ពី​ពេល​នេះ​តទៅ។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ឲ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ។

ទោះជា​យ៉ាង​នេះ​ក្ដី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​ធនធាន​ទឹក និង​ ឧតុនិយម និង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​មិន​ទាន់​មាន​គម្រោងការ​ប្រកាស​អាសន្ន​អំពី​គ្រោះ​រាំងស្ងួត ឬ​ទឹក​ជំនន់​នៅ​ឡើយ​ទេ ដោយសារ​គ្រោះ​រាំងស្ងួត និង​ទឹក​ទន្លេ​ឡើង​នោះ ស្ថិតនៅ​ក្នុង​កម្រិត​ធម្មតា​នៅឡើយ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​នឹង​ចាប់​ព្រួយ​បារម្ភ​ខ្លាំង បើ​សិន​ណា​គ្រោះ​រាំងស្ងួត​បន្ត​ដល់​ខែ​សីហា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គឺ​ដំណាំ​ពោត ចំនួន​ជាង ២​ម៉ឺន​ហិកតារ​បាន​ខូចខាត​ដោយសារ​គ្រោះ​រាំងស្ងួត។ រីឯ​ដំណាំ​ពោត​ច្រើន​ពាន់​ហិកតារ​នៅ​ខេត្ត​ប៉ៃលិន បាន​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត​ដែរ។

អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ប្រទេស​កម្ពុជា លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា ស្ថាប័ន​ជំនាញ​នានា កំពុង​តែ​ត្រៀម​រួចរាល់​ហើយ​នៅ​ខេត្ត​នានា​នៅ​ជុំវិញ​បឹងទន្លេសាប​តាម​បទបញ្ជា​នោះ សម្រាប់​គ្រោះ​ទឹក​ជំនន់ និង​ខេត្ត​មួយ​ចំនួន​ទៀត​សម្រាប់​គ្រោះ​រាំងស្ងួត។

លោក ញឹម វណ្ណដា៖ «ឥឡូវនេះ​ការ​ប្រកាស​អាសន្ន យើង​មិនទាន់​មាន​អ្វី​ដែល​ជា​ការ​កត់សំគាល់​ថា​ទឹក​ធំ ឬ​រាំង​ស្ងួត​ខ្លាំង​ទេ ប៉ុន្តែ​យើង​អនុវត្ត​តាម​ស្មារតី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​មក ការ​ប្រជុំ​ចង្អៀត​រវាង​រាជរដ្ឋាភិបាល ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អង្គការ UNDP ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដក​ពិសោធន៍​ការងារ​ឆ្នាំ​២០១១ ក៏​ដូចជា​ការ​ត្រៀម​សម្រាប់​ឆ្នាំ​២០១២ ដែរ»

លោក​បន្ត​ថា ការ​ដាំដុះ​ស្រូវ ត្រូវ​បាន​ពន្យារពេល ឬ​អូស​បន្លាយ ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ខេត្ត ​មួយ​ចំនួន នៅ​ឆ្នាំ​២០១២ នេះ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា សម្រាប់​សិក្សា និង​ការ​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​តាកែវ កំពង់ស្ពឺ និង​ខេត្ត​ កំពត កំពុងតែ​រាំងស្ងួត៖ «ខ្ញុំ​គិត​ថា មក​ដល់​ពេលនេះ យើង​កុំអាល​មាន​ការ​បារម្ភ​អ្វី​ធំដុំ​ពេក ពីព្រោះ​យើង​ពិនិត្យ​ទៅ​លើ​រដូវ​ដាំដុះ​របស់​ខែ​ខ្មែរ​យើង​មាន​លក្ខណៈ​នៅ​ឆ្នាំ​នេះ វា​ខុស​ពី​ឆ្នាំ​មុន​ទាំង​អស់ បើ​យើង​គិត​តាម​ខែ​ខ្មែរ​យើង​នៅ​មាន​ពេល ធ្វើ​ម៉េច​កុំឲ្យ​ជិត​រដូវ​ភ្ជុំ ដល់​ភ្ជុំ​ហើយ​អត់​មាន​ទឹក អា​ហ្នឹង​ជា​បញ្ហា សុំ​បញ្ជាក់​ណា!»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក ងិន ឆាយ បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​សុំ​ការ​បញ្ជាក់​ថា តើ​ ដំណាំ​ស្រូវ​ចំនួន​ប៉ុន្មាន​ហិកតារ​ត្រូវ​បាន​ដាំដុះ និង​ដំណាំស្រូវ​ចំនួន​ប៉ុន្មាន​ហិកតារ​ទៀត​បាន​ខូចខាត​ដោយសារ​គ្រោះ​រាំងស្ងួត ដោយសារ​លោក​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ លោក ច័ន្ទ សារុន កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ធ្លាប់​បាន​អះអាង​ថា ក្រសួង​កសិកម្ម​គ្រោង​ឲ្យ​កសិករ​ផលិត​ស្រូវ​ឲ្យ​បាន​ចំនួន​ជាង ៨​លាន​តោន​នៅ​ឆ្នាំ​២០១២ ប្រហាក់​ប្រហែល​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ដែរ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ និង​ស្រុក​ចំនួន ៦ នៃ​ខេត្ត​បាត់ដំបង គឺ​មាន​ដំណាំ​ស្រូវ​ចំនួន​ជាង ៣​ម៉ឺន​៣​ពាន់​ហិកតារ បាន​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។