លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត បង្កើនការតាមដាន និងត្រៀមបម្រុង ដើម្បីសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយ ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់នៅឆ្នាំ២០១២ ចាប់ពីពេលនេះតទៅ។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ បានបង្ហាញថា លោក ហ៊ុន សែន បានចេញបទបញ្ជាចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ ឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា និងស្ថាប័នពាក់ព័ន្ធដទៃទៀត ត្រូវអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ទោះជាយ៉ាងនេះក្ដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់មានគម្រោងការប្រកាសអាសន្នអំពីគ្រោះរាំងស្ងួត ឬទឹកជំនន់នៅឡើយទេ ដោយសារគ្រោះរាំងស្ងួត និងទឹកទន្លេឡើងនោះ ស្ថិតនៅក្នុងកម្រិតធម្មតានៅឡើយ។ ប៉ុន្តែមន្ត្រីជំនាញនឹងចាប់ព្រួយបារម្ភខ្លាំង បើសិនណាគ្រោះរាំងស្ងួតបន្តដល់ខែសីហា ឆ្នាំ២០១២ ខាងមុខនេះ។
នៅស្រុកសំឡូត ខេត្តបាត់ដំបង គឺដំណាំពោត ចំនួនជាង ២ម៉ឺនហិកតារបានខូចខាតដោយសារគ្រោះរាំងស្ងួត។ រីឯដំណាំពោតច្រើនពាន់ហិកតារនៅខេត្តប៉ៃលិន បានខូចខាតដោយសារគ្រោះរាំងស្ងួតដែរ។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសកម្ពុជា លោក ញឹម វណ្ណដា បានមានប្រសាសន៍ នៅថ្ងៃទី៣០ ខែកក្កដា ថា ស្ថាប័នជំនាញនានា កំពុងតែត្រៀមរួចរាល់ហើយនៅខេត្តនានានៅជុំវិញបឹងទន្លេសាបតាមបទបញ្ជានោះ សម្រាប់គ្រោះទឹកជំនន់ និងខេត្តមួយចំនួនទៀតសម្រាប់គ្រោះរាំងស្ងួត។
លោក ញឹម វណ្ណដា៖ «ឥឡូវនេះការប្រកាសអាសន្ន យើងមិនទាន់មានអ្វីដែលជាការកត់សំគាល់ថាទឹកធំ ឬរាំងស្ងួតខ្លាំងទេ ប៉ុន្តែយើងអនុវត្តតាមស្មារតីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមក ការប្រជុំចង្អៀតរវាងរាជរដ្ឋាភិបាល ជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាមួយអង្គការ UNDP ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីដកពិសោធន៍ការងារឆ្នាំ២០១១ ក៏ដូចជាការត្រៀមសម្រាប់ឆ្នាំ២០១២ ដែរ»។
លោកបន្តថា ការដាំដុះស្រូវ ត្រូវបានពន្យារពេល ឬអូសបន្លាយ ដោយសារគ្រោះរាំងស្ងួតនៅខេត្ត មួយចំនួន នៅឆ្នាំ២០១២ នេះ។
ប្រធានមជ្ឈមណ្ឌលកម្ពុជា សម្រាប់សិក្សា និងការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ខេត្តមួយចំនួន ដូចជាខេត្តតាកែវ កំពង់ស្ពឺ និងខេត្ត កំពត កំពុងតែរាំងស្ងួត៖ «ខ្ញុំគិតថា មកដល់ពេលនេះ យើងកុំអាលមានការបារម្ភអ្វីធំដុំពេក ពីព្រោះយើងពិនិត្យទៅលើរដូវដាំដុះរបស់ខែខ្មែរយើងមានលក្ខណៈនៅឆ្នាំនេះ វាខុសពីឆ្នាំមុនទាំងអស់ បើយើងគិតតាមខែខ្មែរយើងនៅមានពេល ធ្វើម៉េចកុំឲ្យជិតរដូវភ្ជុំ ដល់ភ្ជុំហើយអត់មានទឹក អាហ្នឹងជាបញ្ហា សុំបញ្ជាក់ណា!»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ បានទេ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ដើម្បីសុំការបញ្ជាក់ថា តើ ដំណាំស្រូវចំនួនប៉ុន្មានហិកតារត្រូវបានដាំដុះ និងដំណាំស្រូវចំនួនប៉ុន្មានហិកតារទៀតបានខូចខាតដោយសារគ្រោះរាំងស្ងួត ដោយសារលោកបិទទូរស័ព្ទមិនអាចទាក់ទងបាន។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ច័ន្ទ សារុន កាលពីដើមខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ធ្លាប់បានអះអាងថា ក្រសួងកសិកម្មគ្រោងឲ្យកសិករផលិតស្រូវឲ្យបានចំនួនជាង ៨លានតោននៅឆ្នាំ២០១២ ប្រហាក់ប្រហែលឆ្នាំ២០១១ កន្លងទៅនេះដែរ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឆមាសទី១ ឆ្នាំ២០១២ កន្លងទៅនេះបានឲ្យដឹងថា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ និងស្រុកចំនួន ៦ នៃខេត្តបាត់ដំបង គឺមានដំណាំស្រូវចំនួនជាង ៣ម៉ឺន៣ពាន់ហិកតារ បានខូចខាតដោយសារគ្រោះរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
