កម្ពុជា​គ្រោង​ស្ដារ​ទន្លេ​ដើម្បី​សម្រួល​ផ្លូវ​នាវាចរណ៍​​ភ្នំពេញ-​​វៀតណាម

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មាន​គម្រោង​ស្ដារ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ដើម្បី​សម្រួល​ផ្លូវ​នាវាចរណ៍​ជើង​ទឹក​រវាង​ភ្នំពេញ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ។

0:00 / 0:00

គម្រោង​នេះ​ធ្វើ​ឡើង​ដោយសារ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​សិក្សា​ឃើញ​ថា ទន្លេ​ទាំង​ពីរ​នេះ​ចាប់​ផ្ដើម​រាក់ ដោយសារ​ទឹក​ជំនន់​ផ្ទួនៗ​គ្នា​រយៈពេល​កន្លង​មក ធ្វើ​ឲ្យ​នាវា​ដឹក​ទំនិញ​ចូល​កំពង់ផែ​ភ្នំពេញ កឿង​ជា​ញឹកញាប់។

រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រកាស​រក​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដេញ​ថ្លៃ​បូម​ស្ដារ​ដី​បាត​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ដើម្បី​ពង្រីក​ផ្លូវ​នាវា​ដឹក​ទំនិញ​ពាណិជ្ជកម្ម និង​សម្រួល​ចរន្ត​ទឹក​ហូរ​នៃ​ទន្លេ​ទាំង​ពីរ​នេះ។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ថា ក្នុង​គម្រោង​ស្ដារ​បាត​ទន្លេ​នេះ រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​បរទេស​ដែរ។ តែ​ការ​ដេញ​ថ្លៃ​ធ្វើ​ឡើង​មិន​មាន​អំពើ​ពុករលួយ និង​ត្រូវ​មាន​តម្លាភាព។

លោក លឹម គានហោ៖ «ឥឡូវ​នេះ​មាន​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​ថា ស្ដារ​ទន្លេ​ផង ហើយ​បាន​បើក​សិទ្ធិ​ឲ្យ​មាន​ការ​នាំ​ចេញ។ តែ​ចំពោះ​ក្រុមហ៊ុន​ចូល​ដេញ គឺ​ក្រុមហ៊ុន​នឹង​មាន​សមត្ថភាព​អត់​មាន​ឈ្មោះ​អាក្រក់​ទេ គឺ​មាន​បង់​ប្រាក់​កក់។ ហើយ​អ្នក​ដឹក​នាំ​បច្ចេកទេស គឺ​ក្រសួង​ធនធាន​ទឹក បើ​អ្នក​ឯង​ខុស គឺ​ថា បម្រាម បម្រាម​មិន​ស្ដាប់​ដាក់​ផូង​តែម្ដង»

ក្នុង​លិខិត​របស់​លោក លឹម គានហោ ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ខែ​ធ្នូ ឆ្នាំ​២០១១ បង្ហាញ​ថា គេ​ត្រូវ​ការ​ក្រុមហ៊ុន​៣ បូម ស្ដារ ទន្លេ​បី​កន្លែង គឺ​កន្លែង​ទី​មួយ​នៅ​ចំណុច​មេគង្គ​លើ ចំណុច​ទី​ពីរ ចំណុច​មេគង្គ​ក្រោម និង​ទី​៣ នៅ​ទន្លេ​បាសាក់។

លោក លឹម គានហោ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ដែរ​នោះ បន្ត​ថា ក្រុមហ៊ុន​នីមួយៗ​ត្រូវ​មាន​ប្រាក់​កក់ ២​លាន​ដុល្លារ​ដាក់​នៅ​ធនាគារ ដើម្បី​ធានា​រ៉ាប់​រង​ក្នុង​ការ​ខាតបង់​ពេល​ដែល​ក្រុមហ៊ុន​បូម​ស្ដារ មិន​គោរព​បទដ្ឋាន​បណ្ដាល​ឲ្យ​ខូច​បរិស្ថាន។

លោក​មិន​បាន​បញ្ជាក់​ថា តើ​ដំណើរ​ការ​ស្ដារ​ទន្លេ​នេះ​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​ទេ។ តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​និង​ខ្សាច់​រាប់​លាន​តោន​នឹង​ត្រូវ​ស្ដារ​ចេញ៖ «ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ជូន​អ៊ីចេះ អ្វី​ដែល​សំខាន់​គួរ​ចាប់​អារម្មណ៍​ពេល​នេះ គឺ​ថា ទី​មួយ​បាសាក់។ បាសាក់​បើ​យើង​មិន​ស្ដារ​ទេ គឺ​ក្លាយ​ជា​ទន្លេ​មួយ​ងាប់។ វោហារ ជាតិ៖ ដោយសារ​ខ្សាច់​ច្រើន? លឹម គានហោ៖ មាន​ខ្សាច់​គោក​ច្រើន។ គោក​ពេញ​ហ្នឹង​ទាំង​អស់ កន្លែង​ខ្លះ​ស្ទើរ​តែ​ដើរ​ឆ្លង​បាន។ ពេល​ទឹក​ជំនន់​ម្ដងៗ​យើង​ឃើញ​ចំណុច​បាសាក់​ដល់​ទល់​ដែន​យួន បាត់​ប្រមាណ ៣​ពាន់​ម៉ែត្រ​គូប ក្នុង​មួយ​គីឡូ បាត់​ធារ​ទឹក​បាទ!»

អ្នក​ជំនាញ​ជីវសាស្ត្រ​បាត​ទន្លេ​សមុទ្រ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ការ​បូម​ស្ដារ​បាត​ទន្លេ​អាច​ប៉ះពាល់​ជីវសាស្ត្រ​ក្នុង​ភក់​បាត​ទន្លេ ជា​ពិសេស​ត្រី បើ​សិន​ជា​មិន​បាន​សិក្សា​ជា​មុន៖ «សត្វ​ដែល​វា​រស់​នៅ​ស្រទាប់ គឺ​ប៉ះពាល់​ធ្ងន់​ណាស់។ យើង​ដឹង​ថា ត្រី​ភាគ​ច្រើន​ស៊ី​ចំណី​ធម្មជាតិ។ ចំណី​ធម្មជាតិ​នឹង​កើត​ឡើង​ដោយ​ពពួក​សត្វ​មួយ​ចំនួន​ដែល​វា​រស់​នៅ​បាត​ភក់​បាន​ទន្លេ​ហ្នឹង»

ការ​បូម​ខ្សាច់​លក់​គឺ​ជា​អាជីវកម្ម​មួយ​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ​ហើយ​ទើប​កន្លង​មក​គេ​ឃើញ​មាន​គេ​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ បាក់​ដី​ចម្ការ​អ្នក​ស្រុក និង​បាក់​ផ្ទះ​អ្នក​ភូមិ​ចូល​ក្នុង​ទន្លេ​ជា​បន្ត​បន្ទាប់។

នៅ​ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទ​អាជីវកម្ម​បូម​ខ្សាច់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ទោះ​យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ក្រុមហ៊ុន​ខ្លះ​នៅ​តែ​បូម​ខ្សាច់​តាម​ព្រែក តាម​សមុទ្រ និង​តាម​ទន្លេ​ដដែល៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។