សមាជិក​សភា​ស្នើ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ច្បាប់​គ្រប់​គ្រង​ប្រេង​ឲ្យ​បាន​ឆាប់

សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​ចូល​រួម​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​ឥន្ធនៈ ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ដាក់​ជូន​សភា​ជាតិ​ពិនិត្យ និង​អនុម័ត​ឲ្យ​បាន​មុន​ការ​បូម​យក​ប្រេង​នៅ​ឆ្នាំ​២០១២។

0:00 / 0:00

ការ​ស្នើ​នេះ គឺ​នៅ​គ្រា​ដែល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេង​កាត ការ​យក​ពន្ធ​លើ​អាជីវកម្ម​ប្រេង​កាត​កំពុង​តែ​ស្ថិត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ ហើយ​កំពុង​តែ​ពិនិត្យ​ដោយ​អន្តរ​ក្រសួង​ដើម្បី​អនុម័ត​ចុង​ក្រោយ។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ជាតិ បាន​មាន​ប្រសាសន៍​ថា សភា​ជាតិ​ត្រូវ​ការ​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។

លោក​បន្ត​ថា ៖ «អង្វរករ​ដោយ​ទទូច​ដល់​រាជ​រដ្ឋាភិបាល លោក​រៀបចំ​ឲ្យ​បាន​ទាន់​ពេល​វេលា​នូវ​ច្បាប់​សំខាន់ គឺ​៣ គឺ​ថា បណ្ដា​ប្រទេស​ដែល​ទទួល​បាន​បណ្ដាសា​ប្រេង ដូចជា​នីហ្សេរីយ៉ា (Nigeria) អី​ហ្នឹង មិន​មាន​ច្បាប់​គ្រប់គ្រាន់​ទេ អ៊ីចឹង​ទៅ​អ្នក​ដែល​អនុវត្ត​ហ្នឹង អនុវត្ត​ក៏​បាន​មិន​អនុវត្ត​ក៏​បាន»

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ប្រេង​កាត ឧស្ម័ន និង រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ផ្ដល់​យោបល់​ឲ្យ​ច្បាប់​នេះ​ទទួល​យក​បាន​ពី​គ្រប់​មជ្ឈដ្ឋាន ៖ «មក​ដល់​ពេល​នេះ គឺ​យើង​មិន​ទាន់​មាន​ឃើញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ចែកចាយ ឬ​ក៏​ធ្វើ​ឲ្យ​មាន​សិក្ខាសាលា​មួយ​ដើម្បី​ជជែក​ពិភាក្សា​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​នៅ​ឡើយ​ទេ»

ផ្អែក​តាម​កិច្ច​សម្ភាសន៍​រវាង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ជា​ភាសា​ខ្មែរ​ជាមួយ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ឆីវរ៉ុន (Chevron) លោក ស្ទីវ ក្លីគ (Steve Glick) បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឆីវរ៉ុន ជា​សមាជិក​របស់​គម្រោង​ផ្ដួចផ្ដើម​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ឧស្សាហកម្ម​រុក​រក​ប្រេង ហៅ​កាត់​ថា អ៊ី.អាយ.ធី.អាយ. (EITI)។

លោក​បន្ត​ថា ៖ «យើង​នឹង​អនុវត្ត​តាម​ច្បាប់​ដែល​បាន​ចែង​ក្នុង​ប្រទេស​ជា​ម្ចាស់​ផ្ទះ។ យើង​នឹង​អនុវត្ត​តាម​អ្វី​ដែល អ៊ី.អាយ.ធី.អាយ. កំពុង​តែ​ព្យាយាម​អនុវត្ត​នៅ​កម្ពុជា»

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​មាន​ចំនួន ៣ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេង​ឥន្ធនៈ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យក​ពន្ធ​លើ​អាជីវកម្ម លើ​ប្រេង​ឥន្ធនៈ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​លើ​ប្រេង​ឥន្ធនៈ។

សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ បាន​ចូល​រួម​ចងក្រង​ដោយ​មន្ត្រី​ជា​ច្រើន​មក​ពី​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​ជា​ដើម។

ក្រៅ​ពី​នេះ មាន​មន្ត្រី​មក​ពី​ធនាគារ​ពិភពលោក (World Bank) និង​មន្ត្រី​មក​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) និង​អង្គការ​ចាយកា (JICA) របស់​ជប៉ុន ជា​ដើម ចូល​រួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឆីវរ៉ុន របស់​សហរដ្ឋ​អាមេរិក បាន​ខួង​រក​ឃើញ​អណ្ដូង​ប្រេង​ចំនួន ៤​កន្លែង​នៅ​បាត​សមុទ្រ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ នៅ​ប្លុក​អេ (Block A)។

ក្រោយ​មក​ទៀត​អនុ​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា លោក ហូ វិចិត្រ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រធាន​ក្រុមហ៊ុន ខេមបូឌាន ភីត្រូខេមីខល លីមីធីត (Cambodian Petrochemical Company Limited) លោក ហាន់ ឃាង ដើម្បី​សិក្សា​អំពី​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​កម្ពុជា៕