ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​គ្រោះ​ទឹក​ជំនន់

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ស្ថានភាព​អាកាសធាតុ​នៃ​ជ្រលង​សម្ពាធ​ទាប និង​ប្រព័ន្ធ​​សម្ពាធ​​​ទាប បាន​​បន្ត​ជះ​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង និង​​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​លក្ខណៈ​​ពី​គ្រោះ​ជំនន់​​ទឹក​ភ្លៀង ដែល​នឹង​អាច​​កើត​មាន​ឡើង​ជាយថាហេតុ។

0:00 / 0:00

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ទឹក​ភ្លៀង​បាន​ធ្លាក់​ចុះ​ឥត​ឈប់ឈរ​ស្ទើរ​ទូទាំង​ប្រទេស ហើយ​កម្ពស់​ទឹក​ទន្លេ​ក៏​មាន​ទំហំ​ធំ ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន។

មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កំពុង​ពិនិត្យ​ពី​ស្ថានភាព​អាកាសធាតុ​ដែល​កម្ពុជា រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន។

លោក ចាន់ យុត្ថា ​មន្ត្រី​នាំ​ពាក្យ និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា ទឹក​ភ្លៀង​បាន​ធ្លាក់​ចុះ​តាម​ខេត្ត​ក្រុង​ភាគ​ខាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

លោក​ឲ្យ​ដឹង​ថា ខេត្ត​សៀមរាប ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្ទឹងត្រែង ជាដើម​កំពុង​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង៖ «ខេត្ត​សៀមរាប ជា​ខេត្ត​មួយ​ដែល​ក្រសួង​ជូន​ដំណឹង​ឲ្យ​ប្រុងប្រយ័ត្ន គឺ​ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង ហើយ​គ្រប់​ស្រុក​ទាំង​អស់​នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​តាំង​ពី​ម៉ោង​ ៧ និង ៤៥​នាទី​មក​ម្ល៉េះ។ ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​ការ​ជម្រាប​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ គឺ​មាន​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ និង​ខេត្ត​កំពង់ធំ ជាដើម។ មក​ដល់​ម៉ោង ៦​ព្រឹក​មិញ​នេះ កំពស់​ទឹក​ស្ទឹង​សែន គឺ​ក្នុង​ខេត្ត​ព្រះវិហារ ទឹក​បាន​កើន​ដល់ ១០,៣៥​ម៉ែត្រ ក្នុង​កម្រិត​ដែល​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន គឺ​កម្រិត ១១​ម៉ែត្រ»

លោក​បន្ត​ថា បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់ ​អាច​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​តាម​ខេត្ត​មួយ​ចំនួន ដូចជា​​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ខេត្ត​កំពត ជាពិសេស​ខេត្ត​​​ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និង​​ខេត្ត​តាកែវ។

ក្រសួង​ធនធាន​ទឹក កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ជូនដំណឹង​​​ពី​ស្ថានភាព​អាកាសធាតុ​នៃ​ឥទ្ធិពល​ជ្រលង​សម្ពាធ​​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​​ទាប បាន​បន្ត​មាន​​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា រហូត​​ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា។ ឥទ្ធិ​ពល​​នេះ​នាំ​ឲ្យ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង។

បញ្ហា​នេះ លោក ហៀង ម៉េង ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ខេត្ត​កែប មាន​សភាព​អាប់អួ និង​មាន​ទឹក​ភ្លៀង​ជាប់​ជានិច្ច​ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ មក​ម្ល៉េះ៖ «ម្សិលមិញ​ជួរ​ភ្នំ​វល្លិ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដល់​នៅ​ជួរ​មាត់​សមុទ្រ​ភ្លៀង​តិច។ ប៉ុន្តែ​ព្រឹក​ថ្ងៃ​នេះ​ភ្លៀង​គ្រប់​កន្លែង​ទូទាំង​ខេត្ត​កែប តែ​ខាង​លិច​ភ្នំ​កែប ភ្លៀង​ខ្លាំង​ជាង​ខាង​កើត​ភ្នំ»

យ៉ាង​នេះ​ក្តី លោក​ថា​ជំនន់​ទឹក​ភ្លៀង​មិន​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​ប្រជា​នេសាទ​ពួកគេ​មិន​បាន​ចេញ​ទូក​ទៅ​នេសាទ​នៅ​សមុទ្រ​ទៀត​ឡើយ ព្រោះ​​មាន​ខ្យល់ និង​ភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់។

ចំណែក​លោក អាន ចន្ទតារា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា មូលដ្ឋាន​នេះ​មាន​​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ។ លោក​បន្ត​ថា ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​នេសាទ​មិន​សូវ​ឃើញ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ឬ​ចុះ​ទូក​នេសាទ​ច្រើន​ទេ ព្រោះ​ពួកគេ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។

លោក អាន ចន្ទតារា ឲ្យ​ដឹង​ដូច្នេះ៖ «ភ្លៀង​រាំងៗ និង​មេឃ​ស្រទំ​រហូត។ ខ្យល់​មិន​ខ្លាំង​ពេក​ទេ តែ​មេឃ​ងងឹត​ហើយ​ភ្លៀងៗ ១០​នាទី ឬ ២០​នាទី​ក៏​រាំង​វិញ។ ភ្លៀង​រាំងៗ​តែ​មេឃ​ងងឹត​រហូត»

ទោះ​ជា​បែប​នេះ​ក្ដី លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​​ថ្លែង​​ថា ស្ថានភាព​ទឹក​ភ្លៀង ឬ​ទំហំ​ទឹក​ទន្លេ​មិន​ទាន់​ដល់​ប្រកាស​អាសន្ន​ទេ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែន​ដី ត្រូវ​​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ។

លោក ញឹម វណ្ឌដា៖ «កំពុង​ត្រួត​ពិនិត្យ​បន្ត​ទៀត តើ​ទឹក​ជំនន់​មាន​ដែរ ឬ​អត់? យើង​បាន​ពិនិត្យ​ត្រឹម​ថ្ងៃ​នេះ ព្រឹកមិញ​នេះ បើ​ប្រៀបធៀប​ទៅ​ពេល​វេលា​ដូច​គ្នា​ឆ្នាំ​មុន ទឹក​ជំនន់​បាន​កើន​យឺត​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ទឹក​នៅ​ស្ទឹងត្រែង កើន​ជាង​ឆ្នាំ​ទៅ ៣​តឹក​ពេល​ដូច​គ្នា តែ​នៅ​ខេត្ត​ក្រចេះ មិន​ទាន់​ស្មើ​ឆ្នាំ​ទៅ​ទេ»

មន្ត្រី​​នាយកដ្ឋាន​ជលសាស្ត្រ​នៃ​ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ថា ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​កំពង់ចាម ទន្លេ​បាសាក់ ចតុមុខ និង​ស្ថានីយ​ជលសាស្ត្រ​​បឹង​ទន្លេសាប ក្រគរ កំពង់លួង កំពស់​ទឹក​បាន​កើន​ខ្ពស់​ពី ១​ថ្ងៃ​ទៅ​១​ថ្ងៃ។

ផ្ដើម​ពី​បញ្ហា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​​បាន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ​ឬ​អាជ្ញាធរ ​ត្រូវ​ត្រៀម​លក្ខណៈ​សង្គ្រោះ និង​​ប្រុង​ប្រយ័ត្ន​​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​អាច​នឹង​កើត​មាន​ឡើង។

ទោះ​យ៉ាង​ណា តាម​របាយការណ៍​អង្កេត​របស់​វិទ្យាស្ថាន​​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) បាន​បង្ហាញ​ថា ​គ្រួសារ​ដែល​នៅ​​មូលដ្ឋាន​រង​ផល​ប៉ះ​ដោយ​សារ​គ្រោះ​​រាំង​ស្ងួត​ខ្លាំង​ជាង ដោយសារ​គ្រោះ​ទឹក​ជំនន់ ដែល​ក្នុង​នោះ​គ្រួសារ​​ជាង ​៣០% បាត់​បង់​ទ្រព្យ​សម្បត្តិ​ដោយ​សារ​គ្រោះ​រាំង​​ស្ងួត រី​​ឯ ១២%​ នៃ​គ្រួសារ​នៅ​មូលដ្ឋាន​​បាត់​បង់​ទ្រព្យ​សម្បត្តិ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់។

កត្តា​នេះ​បញ្ជាក់​ថា​​ គ្រួសារ​ទទួល​រង​ឥទ្ធិពល​ដោយ​គ្រោះ​រាំងស្ងួត​ និង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ឡើង។ ម៉្យាង​វិញ​ទៀត ទាំង​​រដ្ឋាភិបាល ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ បាន​ផ្ដល់​ជំនួយ​តែ​លើ​ផ្នែក ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ច្រើន​ជាង​លើ​ផ្នែក​គ្រោះ​ដោយ​រាំង​ស្ងួត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។