និស្សិត​បញ្ចប់​ការ​សិក្សា​ប្រឈម​មុខ​នឹង​ភាព​គ្មាន​ការងារ​ធ្វើ

2009-06-15

កុ្រម​យុវជន​បួន​ប្រាំ​នាក់​នៅ​កន្លែង​ម៉ាស៊ីន​ថត​ចម្លង​ឯកសារ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្បែរ​វិទ្យាល័យ​សន្ធរ​ម៉ុក ម្នាក់​ក្នុង​ចំណោម​នោះ បាន​និង​កំពុង​រៀបចំ​ឯកសារ​របស់​ខ្លួន។

AFP file photo

និស្សិត​ខ្មែរ​ដើរ​ចេញ​ពី​សកលវិទ្យាល័យ​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី៨ តុលា ២០០៧។

លោក ជួប ជៀន អាយុ ២៩​ឆ្នាំ បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​លើ​ឯកទេស​ធនាគារ​និង​ហិរញ្ញវត្ថុ​ពីរ​ឆ្នាំ​មក​ហើយ​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកសារ​ដែល​លោក​កំពុង​តែ​រៀបចំ​នោះ​មិន​មែន​ជា​ឯកសារ​ធ្វើ​មុខ​ជំនួញ​នោះ​ទេ តែ​វា​ជា​ឯកសារ​កំណត់​ហេតុ​ពិន្ទុ​និង​សញ្ញា​បត្រ​បរិញ្ញាបត្រ រួម​ទាំង​ប្រវត្តិ​រូប​សង្ខេប​សម្រាប់​ដាក់​ទៅ​តាម​អង្គការ​និង​ក្រុមហ៊ុន​នានា​ដើម្បី​រក​ការងារ​ធ្វើ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​មមាញឹក​នឹង​ការ​អាន​សារ​ព័ត៌មាន​ក្នុង​ទំព័រ​ជ្រើស​រើស​ការងារ ហើយ​និង​ទៅ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ។

លោក ជួប ជៀន ថ្លែង​ដូច្នេះ​ថា ៖ «ការ​ស្វែងរក​ការងារ​ធ្វើ​នេះ និយាយ​ឲ្យ​ចំ​ទៅ​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ ហើយ​យើង​មើល​ប្រភេទ​ការងារ​ដែល​ចំ​នឹង​ជំនាញ​របស់​យើង​ទៀត ចំ​ជំនាញ​របស់​យើង យើង​ដាក់​ទៅ​ហើយ shortlist ដែល​យើង​សង្ឃឹម​បាន​ជាប់​នោះ គឺ ២០ ទៅ ៣០% ប៉ុណ្ណោះ អ៊ីចឹង​វា​ពិបាក។ ហើយ​ចំនួន​អ្នក​ដាក់​ពាក្យ​គឺ​ច្រើន​ទៀត ជាក់​ស្ដែង​ខ្ញុំ​ដាក់​ទៅ​អង្គការ​មួយ​ហ្នឹង គឺ​រើស​តែ​ម្នាក់​ទេ ប៉ុន្តែ CV ជាង ១​ពាន់​នាក់។ គេ​រើស​ផ្នែក​ជំនួយការ​ហិរញ្ញវត្ថុ»

លោក ជួប ជៀន បាន​មាន​ប្រសាសន៍​ទៀត​ថា នា​ពេល​បច្ចុប្បន្ន​នេះ មាន​អង្គភាព​មួយ​ចំនួន​ជ្រើស​រើស​បុគ្គលិក​តែ​ម្នាក់​ទេ ប៉ុន្តែ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ទៅ​នោះ មាន​ច្រើន​រយ​នាក់​ចូលរួម​ប្រណាំង​ប្រជែង​គ្នា។

លោក​បាន​បញ្ជាក់​ទៀត​ថា ទីផ្សារ​ការងារ​សម្រាប់​ក្រុម​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថា្នក់​មហាវិទ្យាល័យ ហើយ​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​នោះ មាន​តូច​ចង្អៀត​សម្រាប់​ពួក​គាត់ ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្មីៗ កាន់​តែ​មិន​អាច​រក​ការងារ​បាន​ធ្វើ​ឡើយ។

លោក ជួប ជៀន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ទីផ្សារ​ការងារ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង សម្រាប់​យុវជន​គឺ​មាន​ការ​លំបាក​ខ្លាំង ព្រោះ​ថា យុវជន​ដែល​បញ្ចប់​ពី​មហាវិទ្យាល័យ​មាន​ចំនួន​ច្រើន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​រហូត ប៉ុន្តែ​ការងារ​អត់​មាន​ការ​កើន​ឡើង​ទេ។ អ៊ីចឹង​បើ​យើង​ប្រៀប​ធៀប​ជាមួយ​និស្សិត​ដែល​អត់​មាន​ការងារ​ធ្វើ គឺ​មាន​ច្រើន។ ខ្ញុំ​យល់​ថា កាល​ពី​មុន​ដែល​យើង​មិន​ទាន់​មាន​វិបត្តិ​សេដ្ឋកិច្ច​ហ្នឹង យុវជន​ហ្នឹង​ក៏​មាន​បញ្ហា​ច្រើន​ក្នុង​ការ​រក​ការងារ​ធ្វើ​ទៅ​ហើយ ប៉ុន្តែ​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ ថែម​ទាំង​មាន​វិបត្តិ​សេដ្ឋកិច្ច​ថ្មីៗ​ហ្នឹង​ទៀត អ៊ីចឹង​ធ្វើ​ឲ្យ​យុវជន​ដែល​អត់​មាន​ការងារ​ធ្វើ គឺ​កាន់​តែ​មាន​ការ​កើន​ឡើង»

ស្រដៀង​គ្នា​នេះ និស្សិត​ឯកទេស​ផ្នែក​នីតិសាស្ត្រ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​មិន​ទាន់​មាន​ការងារ​ធ្វើ បាន​ថ្លែង​ថា បរិមាណ​និស្សិត​មាន​ច្រើន ហើយ​ចំនួន​ការងារ​មាន​តិច​តួច​ដែល​មិន​អាច​ផ្តល់​ឱកាស​ឲ្យ​និស្សិត​គ្រប់​គ្នា​អាច​រក​ការងារ​ធ្វើ​បាន​ងាយ​ស្រួល​ឡើយ ។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០០៧ នៅឯ​សាលា​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គាត់​នៅ​តែ​រក​ការងារ​ធ្វើ​មិន​បាន។

មន្ត្រី​កម្មវិធី​របស់​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅថា YRDP បាន​ឲ្យ​ដឹង​ថា ក្រុម​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នានា​ក្នុង​មួយ​ឆ្នាំៗ មាន​ប្រមាណ​បួន​ម៉ឺន​នាក់ ប៉ុន្តែ​ទីផ្សារ​ការងារ​អាច​ទទួល​យក​បាន​តិច​តួច​ប៉ុណ្ណោះ។

លោក ជា សុភ័ក្រ្ដ បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា បញ្ហា​ចំណេះ​ដឹង​និង​គុណភាព​នៃ​ការ​អប់រំ​គឺ​ជា​បញ្ហា​ចម្បង​ដែល​យុវជន​កំពុង​ជួប​ប្រទះ​នោះ ៖ «សមត្ថភាព ក៏​ដូចជា​ជំនាញ​ចំណេះ​ដឹង​ដែល​គាត់​ទទួល​បាន​ពី​សាលារៀន​ហ្នឹង គឺ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​បំពេញ​ការងារ​នៅ​ខាង​ក្រៅ ពីព្រោះ​បើ​យើង​និយាយ​អំពី​រឿង​ថា ហេតុអី​បាន​ជា​ចំណេះ​ដឹង​សមត្ថភាព​គាត់​ទទួល​បាន​មិន​ពេញ​លេញ? យើង​អាច​ឆ្លុះ​បញ្ចាំង​ទៅ​លើ​គុណភាព​អប់រំ។ សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​សង្គម​កម្ពុជា​យើង ដែល​គុណភាព​របស់​យើង​មិន​អាច​ទទួល​ស្គាល់ មិន​អាច​ប្រកួត​ប្រជែង​ទៅ​នឹង​ប្រទេស​ខាង​ក្រៅ​ទៀត​បាន ដូច្នេះ​យើង​ឃើញ​ថា​ក្នុង​មួយ​ឆ្នាំៗ យើង​មាន​និស្សិត​ចេញ​ពី​សកល​វិទ្យាល័យ​ច្រើន ប៉ុន្តែ​អត្រា​នៃ​ការ​រក​ការងារ​ហ្នឹង​ពិបាក ទាក់ទង​ទៅ​នឹង​ជំនាញ​ចំណេះ​ដឹង ជួនកាល​គាត់​រៀន​ចប់ តែ​គាត់​អត់​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​ទេ។ ហើយ​ទី​២ ហ្នឹង ទាក់ទង​ទៅ​នឹង​រឿង​ទីផ្សារ​ការងារ​ផង​ដែរ»

លោក​បាន​ថ្លែង​ទៀត​ថា ការ​ជ្រើស​រើស​បុគ្គលិក​នៅ​តាម​បណ្តា​ក្រុមហ៊ុន​និង​ក្រសួង​មន្ទីរ​មួយ​ចំនួន ដែល​តាមរយៈ​បក្ស​ពួក​និង​ការ​សូក​ប៉ាន់ ក៏​ធ្វើ​ឲ្យ​ក្រុម​និស្សិត​និង​យុវជន​ដែល​មាន​ចំណេះ​ដឹង​បាត់​បង់​ឱកាស​ទទួល​បាន​ការងារ​ដែរ។

មន្ត្រី​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​បន្ត​ទៀត​ថា និស្សិត​មួយ​ចំនួន​បាន​ទៅ​បំពេញ​ការងារ​ដែល​ខុស​មុខ​ជំនាញ​ទៅ​វិញ ៖ «មាន​ន័យ​ថា និស្សិត​ដែល​រៀន​នៅ​សកល​វិទ្យាល័យ​ច្បាប់ គាត់​ចេញ​មក​មិន​បាន​ធ្វើការ​ច្បាប់​ទេ ប្រហែល​ជា​គាត់​ត្រូវ​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង​ទៀត។ ជួនកាល​អ្នក​ខ្លះ​ចប់​ខាង​ផ្នែក​ពាណិជ្ជកម្ម ធ្វើការ​នៅ​អង្គការ​អី​អ៊ីចឹង។ នេះ​វា​ជា​រឿង​គ្រោះថ្នាក់​មួយ​ធំ​ណាស់​នៅ​ពេល​ដែល​យើង​រៀន​ខាង​ជំនាញ​ណា​មួយ​ហើយ ទទួល​បាន​ការងារ​ធ្វើ​ខុស​ជំនាញ គឺ​ធ្វើ​ឲ្យ​សមត្ថភាព ឬ​ក៏​ធនធាន​យើង​ហ្នឹង អត់​អាច​រីក​ចម្រើន​បាន​លឿន​រហ័ស ហើយ​អត់​អាច​អភិវឌ្ឍ​នូវ​ជំនាញ​ដែល​ខ្លួន​មាន​បាន​ល្អ ១០០%​ទេ»

រីឯ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​ជំនាញ​របស់​យុវជន​ខ្មែរ​មាន​តិច​តួច ហើយ​មាន​ជន​បរទេស​កំពុង​មក​ជ្រៀត​ជ្រែក​ការងារ​ផង​នោះ​ធ្វើ​ឲ្យ​ទីផ្សារ​របស់​ពួក​គេ​កាន់​តែ​មាន​តិច​តួច​ថែម​ទៀត។

លោក សុន ឆ័យ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​ផ្សេងៗ​តាម​ឧស្សាហកម្ម ក៏​យើង​មិន​បាន​ជំរុញ ឬ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទទួល​យក​និស្សិត ឬ​ប្រជាជន​ខ្មែរ​មាន​ជំនាញ ឬ​ក៏​យើង​មិន​បាន​វឹក​វ៉ឺន​ជំនាញ ដើម្បី​នឹង​ឲ្យ​យុវជន​ហ្នឹង​បាន​ទៅ​បម្រើ​លើ​វិស័យ​ឯកជន។ បញ្ហា​មួយ​ទៀត គឺ​គុណភាព​នៃ​ការ​អប់រំ។ គុណភាព​នេះ​យើង​ដឹង​ឮ​ទាំង​អស់​គ្នា​ថា កម្រិត​នៃ​ការ​អប់រំ​យើង ជា​ទូទៅ​មិន​ទាន់​ស្តង់ដារ​អី​ដែល​អាច​ធានា​ដល់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការងារ​ក្នុង​ស្រុក​ទេ ម្ល៉ោះ​ហើយ​បាន​ជា​យើង​ឃើញ​តួនាទី​ក្នុង​ការងារ​ឯកជន​ច្រើន​មាន​បរទេស​មក​ធ្វើ»

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​កែ​ទម្រង់​ផ្នែក​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ ដូច​ជា​មន្ត្រី​រាជការ​ដែល​យក​ពេល​ទៅ​បម្រើ​ការងារ​ឯកជន និង​ដាក់​មន្ត្រី​ដែល​ដល់​អាយុ​ឲ្យ​ចូល​និវត្តន៍​ជាដើម​នោះ ៖ «ព្រោះ​យើង​ឃើញ​ថា ចំនួន​មនុស្ស​ក្នុង​ការងារ​រដ្ឋ​នេះ មាន​តែ​ឈ្មោះ អត់​មនុស្ស​នោះ​ក៏​ច្រើន​ដែរ នៅ​ក្នុង​ព្រឹទ្ធ​សភា ជា​ឧទាហរណ៍ យើង​ឮ​ថា ឥឡូវ​មាន​រហូត​ដល់ ៣​ពាន់​នាក់​ហើយ ប៉ុន្តែ​តាម​ពិត​ទៅ​យើង​ឃើញ​មនុស្ស​មក​ធ្វើការ​មិន​បាន ៥០០​ផង។ ត្រូវ​តែ​ពិនិត្យ​មើល តើ​ចំនួន​ដែល​មាន​នៅ​ក្នុង​ការងារ​រដ្ឋ​ទាំង​អម្បាល​ម៉ាន​នោះ​ពិត​ជា​មាន​មនុស្ស​ធ្វើការ​ពិត​ឬ​អត់? ខ្លះ​មាន​មនុស្ស​ដែរ ប៉ុន្តែ​មនុស្ស​នោះ​គាត់​ធ្វើការ ២​-៣​កន្លែង»

លោក សុន ឆ័យ បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​រក​ទីផ្សារ​ការងារ​សម្រាប់​យុវជន​ខ្មែរ​និង​និស្សិត​មាន​ការងារ​ធ្វើ​ផង​នោះ ជា​ចាំបាច់​រដ្ឋ​ត្រូវ​តែ​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​គ្រប់​សណ្ឋាន​ដើម្បី​បង្កើន​ការ​ផលិត​និង​បណ្តាក់​ទុន​នៅ​ក្នុង​ស្រុក រួមទាំង​បណ្តុះ​បណ្តាល​ជំនាញ​ឯកទេស​ដល់​យុវជន​ផង។

លោក កាន់ ម៉ន រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រៀបចំ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចំនួន ២០​ជំនាញ ដល់​យុវជន ក្នុង​គ្រា​ដែល​ពួក​គេ​កំពុង​ជួប​បញ្ហា​ខ្វះ​ការងារ​ធ្វើ​នោះ ៖ «ខ្ញុំ​ជឿ​ថា មាន​ប៉ះពាល់​ខ្លះ​អ៊ីចឹង​មែន ប៉ុន្តែ​រដ្ឋាភិបាល​យើង​បាន​រៀបចំ បាន​ប្រុង​ប្រៀប​នឹង​ជួយ​ដល់​ការ​ប៉ះពាល់​នេះ។ រដ្ឋាភិបាល​បាន​បញ្ចេញ​មូលនិធិ​ដើម្បី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ»

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដោយសារ​តែ​រដ្ឋាភិបាល​និង​មន្ត្រី​ជំនាញ​នានា កំពុង​តែ​មមាញឹក​ក្នុង​ការ​រិះរក​មធ្យោបាយ​និង​ដំណោះស្រាយ​វិបត្តិ​ការងារ​នេះ ហើយ​លោក​សង្ឃឹម​ថា បញ្ហា​ខ្វះ​ការងារ​នេះ នឹង​បាន​ប្រសើរ​ឡើង​ក្នុង​ពេល​ឆាប់ៗ ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​រង​ឥទ្ធិពល​ខ្លាំង​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នេះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

WB៖ GDP​របស់​កម្ពុជា​ធ្លាក់ចុះ​-២%​ក្នុង​ឆ្នាំ​២០០៩

កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

ចៅហ្វាយ​ខេត្ត​នៃ​ប្រទេស​GMS​ជួប​ជុំ​គ្នា​អំពី​រឿង​សេដ្ឋកិច្ច

កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ

មន្ត្រី​ជំនាញ​ថ្លែង​អំពី​បញ្ហា​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា