បុរស​ម្នាក់​ស្លាប់​ក្នុង​ការ​បោក​គ្រាប់​បែក​នៅ​សៀមរាប

បុរស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុសស្រី ប្រមាណ ៣០នាក់ ផ្សេងទៀត បាន​រងរបួស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្នុង​ឧប្បត្តិហេតុ វាយប្រហារ​ដោយ​គ្រាប់​បែក​ដៃ មួយ​គ្រាប់ ពី​ជន​មិន​ស្គាល់​មុខ ទៅ​ក្នុង​ចំណោម​មនុស្ស​កុះករ ដែល​កំពុង​តែ​រាំ​វង់ នា​ថ្ងៃ​បញ្ចប់ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ កាល​ពី​រាត្រី​ថ្ងៃ​ពុធ ទី​១៦ ខែមេសា នៅ​ក្នុង​វត្ត​ស្រែណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ ពី​ទី​រួមខេត្ត​សៀមរាប ។

នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​ស្រែណូយ លោក​អនុសេនីយ៍​ទោ ម៉ន ម៉ិច បាន​មាន​ប្រសាសន៍ ឱ្យ​ដឹង កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថា ឧប្បត្តិហេតុ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ប្រហែល​ជា ៩ និង ២៥​នាទី យប់​ថ្ងៃពុធ បណ្តាល​ឱ្យ​បុរស​ម្នាក់ ស្លាប់ នៅ​នឹង​កន្លែង ២៦​នាក់ រង​របួស​ធ្ងន់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ក្នុង​ចំណោម​អ្នក​របួសនោះ មាន​កង​ទាហាន ៤​នាក់​ផងដែរ ។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា នាយ​ប៉ុស្តិ៍​នគរបាល​រូប​នោះ នៅ​មិន​ទាន់​ឤច​បញ្ជាក់​អំពី​មូលហេតុ ដែល​បណ្តាល​ឱ្យ​មាន​ការវាយ​ប្រហារ ដោយ​គ្រាប់​បែកដៃ និង​មិន​ទាន់​ឤច​បញ្ជាក់ ពី​មុខ​សញ្ញា​ជន​ដៃដល់ ក្នុង​ការ​វាយ​ប្រហារនោះ នៅ​ឡើយ​ទេ ៖ «šរងគ្រោះ​ច្រើន ២៦​នាក់ ២៧​នាក់ វង់រាំ​ហ្នឹង មុខ​វត្តយើង... ។ អត់​សង្ស័យ​អ្នកណា​ផង ព្រោះ​មនុស្ស​ច្រើនដែរ›»

មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌ របស់​ស្នងការ​នគរបាល ខេត្ត​សៀមរាប និង​មន្ត្រី​យោធា​ខ្លះ ដែល​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ មិន​បាន​អធិប្បាយ​ឱ្យដឹង ពី​បញ្ហា​នោះឡើយ ដោយ​គេ​និយាយ​ថា គេ​កំពុង​តែ​ស្វែងរក​ភស្តុតាង ទាក់ទង​នឹង​បញ្ហា​នោះ ។

ចំណែក សាក្សី​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា គេ​ពុំ​បាន​ដឹង​ពី​មូល​ហេតុ នៃ​ការវាយ​ប្រហារ ដោយ​គ្រាប់​បែកដៃ​នោះទេ ក៏​ប៉ុន្តែ​ហេតុការណ៍​នោះ គេ​បាន​ឃើញ​មនុស្ស​ជាច្រើន បាន​រង​របួស ៖ «šងាក​មក ឃើញ​តែ​ផ្សែង ឮ​ឡើង​ចង់​បែក​ក្រដាស​ត្រចៀក មនុស្ស​រត់​ពេញ​ហ្នឹង ឃើញ​គេ​សែង​អង្រឹង ខ្លះ​ត្រូវ​ជើង ត្រូវ​អី​ទៅ ស្រែក​ថ្ងូរ​ពេញហ្នឹង›»

បុរសឈ្មោះ លឿ ស្វិត ជា​ជន​រងគ្រោះ​ម្នាក់ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​នោះ បាន​មាន​ប្រសាសន៍​ថា គាត់​ទើប​តែ ចូល​រាំ​បាន​មួយ​បទ ហើយ​ចេញ​មក​ផឹក ទឹក​កក​ឈូស នៅ​ខាង​ក្រៅ​វង់ ស្រាប់​តែ​គ្រាប់បែក​បាន​ផ្ទុះ​ឡើង ដោយ​មិន​បាន​ដឹង​ពី​មូលហេតុ​អ្វី មុន​ពេល​កើតហេតុ​នោះទេ ។

លោក លឿ ស្វិត បានឱ្យដឹងថា ៖ «šខ្ញុំ​រាំ​បាន​មួយ​បទ មក​រក​ផឹក​ទឹកកក លាន់​ខ្លាំង ហ៊ឹង​ត្រចៀក ខ្ញុំ​ត្រូវ ហើយ​ខ្ញុំ​ហើម... ។ ឤមួយនោះ នៅ​ពី​ក្រោយ​ខ្ញុំ ឮ​ថា​ងាប់ អង្គុយ​លើ​ម៉ូតូ ម្នាក់›»

យោងតាមការបំភ្លឺ ពី​សមត្ថកិច្ច​មូលដ្ឋាន មានប៉ូលិស និង​ប៉េអឹម បាន​ឱ្យ​ដឹង​ថា មុន​ពេល​មាន​ការវាយ​ប្រហារ ដោយ​គ្រាប់​បែក​ដៃ​នោះ កាល​ពី​ថ្ងៃ គឺ​មាន​ជម្លោះ រវាង ក្មេង​ស្ទាវ​ពីរក្រុម ក៏ប៉ុន្តែ ទោះយ៉ាងណា សមត្ថកិច្ច ហាក់​មិន​បង្ហាញ​ឱ្យ​ចំៗ នៅ​ឡើយទេ ។ នៅក្បែរ កន្លែង​កើតហេតុ ប៉ូលិស​បាន​រក​ឃើញ ដាវ​សាម៉ូរ៉ៃមួយ និង​ច្រវាក់​ម៉ូតូ ដែល​ទំនង​ជា​ឧបករណ៍ សម្រាប់​វាយ​ប្រហារ របស់​ក្រុមស្ទាវ ។

ចំណែកអ្នកភូមិខ្លះ បាននិយាយថា កាលពីពេលថ្ងៃ ពួកទាហាន ដែល​មាន​បន្ទាយ នៅក្បែរ​នោះ ក៏​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុម​ក្មេងស្ទាវ​ដែរ ។

អ្នក​ស៊ើប​អង្កេត របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ឤដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​បន្ទោស​សមត្ថកិច្ច​ទីនោះ ថា ធ្វេស​ប្រហែស​សន្តិសុខ នៅ​ពេល​ដែល ដឹង​ថា មាន​ជម្លោះ​កើត​ឡើង​ទៅ​ហើយ ។

លោក សួស ណារិន បាន​មាន​ប្រសាសន៍ថា ៖ š«ករណី គប់​គ្រាប់​បែក នៅ​កន្លែង​រាំវង់ នៅ​វត្ត​ស្រែ​ណូយ​ហ្នឹង វាជា ការធ្វេស​ប្រហែស​មួយ របស់​សមត្ថកិច្ច ដែល​គាត់​ដឹង​ថា មាន​ហេតុការណ៍​ទំនាស់ នៅ​ពេល​ថ្ងៃ​ហើយ គាត់​នៅ​តែ​បណ្តោយ​ឱ្យ​មាន​ការរាំលេង​កម្សាន្ត បន្ត​នៅ​យប់​ហ្នឹង​ទៀត ។ ចំណុច ដែល​កើត​ហេតុ​ហ្នឹង ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​របស់​កងទ័ព កង​ពល​លេខ​៥ កៀក​នឹង​បន្ទាយ​ទាហាន​ដែរ មិន​គួរ​ឱ្យ​មាន​ការថ្លោះធ្លោយ ការប្រើប្រាស់ ឤវុធ​ខុស​ច្បាប់ អីហ្នឹង កើត​មាន​ទេ»

តាមមន្ត្រីប៉េអឹមមួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា គេ​បាន​រក​ឃើញ បំណែក​គ្រាប់​បែក ធុន​ប្លាស្ទិក ផលិត​នៅ​ប្រទេស​វៀតណាម ដែល​ជន​មិន​ស្គាល់​មុខ បាន​យក​ទៅ​ប្រើប្រាស់ ក្នុង​ការវាយ​ប្រហារ លើ​ហ្វូង​មនុស្ស បណ្តាល​ឱ្យ​ស្លាប់ និង របួស​ជា​ច្រើន​នោះ ៕