ជន​ប្រដាប់​អាវុធ​បាញ់​គំរាម​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​នៅ​បាត់ដំបង

យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​៣​នាក់​ដុត​បំផ្លាញ​ចោល ហើយ​បាន​បាញ់​កាំភ្លើង​គំរាម​អ្នក​ភូមិ​ចំនួន​២០​គ្រាប់ កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា នៅ​ភូមិ​ចម្លងរម៉ាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

0:00 / 0:00

លោក ស៊ីម ម៉ី ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ទៀត បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​វិច្ឆិកា ថា នៅ​យប់​ថ្ងៃ​សុក្រ​វេលា​ម៉ោង​១១ មាន​ជន​មិន​ស្គាល់​មុខ​៣​នាក់​បាន​ចូល​ទៅ​ដុត​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ខាង​លើ ឆេះ​អស់​ចំនួន​៣​ខ្នង និង​បាន​បាញ់​ជា​ច្រើន​គ្រាប់ ហើយ​ស្រែក​គំរាម​ឲ្យ​អ្នក​ភូមិ​ដែល​មាន​ផ្ទះ​នៅ​ទី​នោះ​រើ​ចេញ បើ​មិន​ព្រម​រើ​ទេ​គេ​នឹង​សម្លាប់​ទាំង​ពូជ។

លោក ស៊ីម ម៉ី បាន​បញ្ជាក់​ថា ៖ «គ្នា​វា​៣​នាក់ ដុត​ផ្ទះ​ប្រជាជន​អស់​៣​ខ្នង ហើយ​និង​បាញ់​២០​គ្រាប់​គំរាម​ប្រជាជន បើ​ថា​អត់​ចេញ​ពី​ដី​គេ​ទេ យប់​ហ្នឹង​គេ​នឹង​ដុត​ផ្ទះ​ហើយ​គេ​សម្លាប់​ទាំង​ពូជ​ទៀត។ កាំភ្លើង​១​ដើម អាកា»

ក្រុម​អ្នក​ភូមិ​ថ្លែង​ថា មិន​មាន​អ្នក​ណា​ម្នាក់​ទទួល​រង​គ្រោះថ្នាក់​ពី​ការ​ដុត​បំផ្លាញ​ផ្ទះ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​ទាំង​៣​នាក់​ខាង​លើ​នេះ​ទេ ដោយសារ​ម្ចាស់​ផ្ទះ​បាន​ទៅ​ដេក​កាច់​ពោត​នៅ​ចម្ការ ៖ «មនុស្ស​នៅ​តើ! ប៉ុន្តែ​គ្រាន់តែ​ថា ដល់​ពេល​ខែ​កាច់​ពោត​គ្នា​ចុះ​ទៅ​ចម្ការ»

លោក ហែន សុផល អភិបាល​ស្រុក​សំឡូត បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ូលិស​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ករណី​នេះ​បង្ក​មក​ពី​បញ្ហា​អ្វី​ទេ។

លោក ហែន សុផល បាន​មាន​ប្រសាសន៍​ថា ៖ «មិន​ទាន់​ច្បាស់​ទេ ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ ទាល់​តែ​ឲ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ជាក់ស្តែង​សិន»

លោក លី ប៊ួយ អធិការ​នគរបាល​ស្រុក​សំឡូត បាន​ថ្លែង​ថា កម្លាំង​ប៉ូលិស​បាន​ចុះ​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​មុខសញ្ញា​ទេ។

លោក លី ប៊ួយ បាន​ថ្លែង​ថា ៖ «ផ្ទះ​ហ្នឹង​វា​អត់​មាន​មនុស្ស​នៅ ៤​(ម៉ែត្រ)​គុណ​នឹង​៥​ហ្នឹង​៣​ខ្នង វា​ដុត​ហើយ​ថា​បាញ់​២០​គ្រាប់ វា​យប់​ហើយ​មើល​អត់​ឃើញ​ទេ។ ឥឡូវ​នេះ​កំពុង​ឲ្យ​ស្រាវជ្រាវ​មុខ​សញ្ញា​ហ្នឹង ជា​ទាហាន ឬ​មួយ​ជា​ប្រជាពលរដ្ឋ ឬ​មួយ​ខាង​ណា?»

លោក ផឹង ហ៊ន មេ​ឃុំ​អូរសំរិល ស្រុក​សំឡូត បាន​ថ្លែង​ថា ករណី​ខាង​លើ​នេះ​កើត​ឡើង​ដោយសារ​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុម​គ្រួសារ​យោធា។

លោក ផឹង ហ៊ន បាន​ឲ្យ​ដឹង​ថា ៖ «ដី​ហ្នឹង​មិន​មែន​ពាក់ព័ន្ធ​ជាមួយ​កងទ័ព​ទេ វា​ពាក់ព័ន្ធ​ជា​កម្មសិទ្ធិ​បុគ្គល​ម្នាក់​ពីរ​នាក់​ដែល​គ្នា​ជា​យោធិន​កាត់​រំសាយ ឬ​ក៏​បុគ្គល​គ្រួសារ​គាត់​ហ្នឹង មិន​មែន​ទ្រង់ទ្រាយ​ធំ​អង្គភាព​ទេ!»

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក យិន ម៉េងលី បាន​ចាត់ទុក​ថា ករណី​បាញ់​និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ទំនង​កើត​ឡើង​ដោយសារ​ទំនាស់​ដី​ធ្លី។

គួរ​បញ្ជាក់​ថា ទំនាស់​ដី​ធ្លី​នៅ​ចំណុច​ខាង​លើ​នេះ​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​យោធា ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៧ អ្នក​ភូមិ​ម្នាក់​បាន​ទទួល​រង​របួស​ជា​ទម្ង​ ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​កូន​ទាហាន​របស់​លោក ប៉ែន សាវឿន ដែល​គេ​ដឹង​ថា​ជា​មន្ត្រី​យោធា​នៃ​យោធ​ភូមិភាគ​៥។ ចំណែក​ឯ​អាជ្ញាធរ​ស្រុក​សំឡូត​និង​ខេត្ត​ធ្លាប់​បាន​បង្កើត​គណៈកម្មការ​ចុះ​ដោះស្រាយ​ទំនាស់​ខាង​លើ​នេះ​ដែរ តែ​មិន​មាន​លទ្ធផល៕