Global Witness ចង់​​ឲ្យ​សម្បទាន​រុក​រក​រ៉ែ​​​ទៅ​ក្រុមហ៊ុន​ឯកជន​មាន​តម្លាភាព

ក្រុម​អ្នក​ឃ្លាំមើល​អំពី​បរិស្ថាន​ពិភពលោក​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​សា​ជា​ថ្មី ចំពោះ​ការ​ផ្ដល់​សម្បទាន​រុក​រក​រ៉ែ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​នៅ​កម្ពុជា ថា មិន​មាន​តម្លាភាព ហើយ​ថា ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជា​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ហ៊ុន​គ្នា។

0:00 / 0:00

ក្រុម​នេះ​និយាយ​ថា ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ខ្មែរ​កាន់​តែ​រង​ការ​បំផ្លិចបំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​អាច​នាំ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កាន់​តែ​រង​ទុក្ខ​វេទនា។

លោក ចច បូឌិន (George Boden) មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) មាន ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ​សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​បង្ហាញ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ អំពី​ប្រាក់​ចំណូល​ក្នុង​វិស័យ​ធនធាន​រ៉ែ និង​ហេតុផល​នៃ​ផ្ដល់​សម្បទាន​រ៉ែ​ដល់​ក្រុម​អ្នក​វិនិយោគ​ទាំង​ឡាយ។

លោក ចច បូឌិន៖ «ចាប់​តាំង​ពី​យើង​បាន​ឃ្លាំមើល​បរិស្ថាន​របស់​ប្រទេស​កម្ពុជា យើង​នៅ​មិន​ទាន់​ឃើញ​ថា រដ្ឋាភិបាល​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការពារ​បរិស្ថាន​របស់​ខ្លួន ហើយ​ថា តើ​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ទាំង​នោះ​បាន​ទទួល សម្បទាន​រ៉ែ​តាម​របៀប​ណា បញ្ហា​នេះ​យើង​មិន​ដែល​ដឹង។ ម្យ៉ាង​ទៀត​តើ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​មាន​ដែល​សុំ​យោបល់ ឬ​ពិភាក្សា​ជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​អំពី​បញ្ហា​សម្បទាន​ដែល​នាំ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដែរ ឬ​យ៉ាង​ណា?»

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ទី​៩ ខែ​មីនា បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១១ កម្ពុជា​បាន​ផ្ដល់​សម្បទាន​រុក​រ៉ែ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចំនួន​២៤។ ក្រុមហ៊ុន​ខ្លះ​កំពុង​ជីក​យក​រ៉ែ​មាស​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ហើយ​មួយ​ចំនួន​កំពុង​រុក​រក​រ៉ែ​លោហធាតុ និង​រ៉ែ​បុកស៊ីត ក្នុង​ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និង​ក្រុមហ៊ុន​ខ្លះ​ទៀត​កំពុង​រាវ​រក​រ៉ែ​ធ្យូង​ថ្ម ក្នុង​ខេត្ត​កំពង់ធំ។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​ស្ដីពី​ធនធាន​រ៉ែ កាល​ពី​ថ្ងៃ​សុក្រ ទី​៩ ខែ​មីនា ហើយ​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួរ ចុះ​ផ្សាយ​ថា លោក​បាន​ទូន្មាន​ដល់​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​ទាំង​នោះ ហើយ​ធានា​ឲ្យ​បាន​ច្បាស់​ថា សកម្មភាព​របស់​ពួក​គេ​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់។

លោក ស៊ុយ សែម ថ្លែង​ថា ការ​អភិវឌ្ឍ​ខាង​ផ្នែក​ធនធាន​រ៉ែ គឺ​ជា​អាទិភាព​ខ្ពស់​របស់​រដ្ឋាភិបាល ហើយ​ថា ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគ​ទុន​ឲ្យ​បាន​ច្រើន វា​សំខាន់​ណាស់​ដែល​កម្ពុជា ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុម​វិនិយោគ​ទុន និង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ឬ​កិច្ច​ព្រមព្រៀង​នានា។

ផ្ទុយ​ទៅ​វិញ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី បាន​រិះគន់​ថា កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​បរិស្ថាន​របស់​ខ្លួន គឺ​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ ហើយ​ថា ក្រុមហ៊ុន​បរទេស​ទាំង​នោះ​កំពុង​តែ​លក់​វត្ថុធាតុ​ដើម​របស់​ខ្មែរ​តែម្ដង។

លោក ឈុត វុទ្ធី បន្ត​ថា សូម្បី​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដាក់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា ដេញ​ថ្លៃ​ជា​សាធារណៈ​នូវ​សម្បទាន​រ៉ែ​ទាំង​នោះ​នៅ​ឡើយ​ទេ ហើយ​ដែល​បញ្ហា​នេះ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ទ្រព្យធន​របស់​ខ្លួន​យ៉ាង​ធំធេង។

លោក​បន្ត​ថា ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​សម្បទាន​រ៉ែ​នេះ​មាន​សារសំខាន់​ណាស់​សំរាប់​រដ្ឋាភិបាល​ក្នុង​ការ​រក​តម្លៃ​ខ្ពស់​លើ​សម្បទាន​នីមួយៗ និង​ជា​ការ​បង្ហាញ​តម្លាភាព​សង្គម ដើម្បី​ជៀស​វាង​នូវ​អំពើ​ពុករលួយ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុម​ឈ្មួញ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ផល​ប៉ះពាល់​បរិស្ថាន​សង្គម​ពី​ឧស្សាហកម្ម រ៉ែ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បរទេស​ចំនួន ១២៨ ឲ្យ​មាន​សិទ្ធិ​រាវ​រក​រ៉ែ។ ក្រុមហ៊ុន​បរទេស​ទាំង​នោះ​មាន​ចិន វៀតណាម ថៃ កូរ៉េ ជប៉ុន សិង្ហបុរី អូស្រ្តាលី សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​បារាំង ជាដើម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។