អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី

មន្ត្រី​ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​ផ្ដាសាយបក្សី ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

0:00 / 0:00

ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ផ្ដាសាយ​បក្សី H5N1 លោក លី សូវ៉ាន់ អនុ​ប្រធាន​ការពារ​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​៦ ខែ​មេសា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សត្វ​ស្លាប​មាន មាន់ ទា ជាដើម។ លោក​ថា ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដោយ​ហេតុ​ថា មាន​សត្វ​បក្សី​ដឹក​ចុះ​ដឹក​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​យក​ទៅ​លក់ និង​ធ្វើ​ម្ហូប​អាហារ។

លោក លី សូវ៉ាន់ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ជំងឺ​ផ្ដាសាយ​បក្សី​តែង​កើត​ក្នុង​រវាង​ខែ​១២ រហូត​ដល់​ខែ​មេសា ពីព្រោះ​រយៈពេល​ហ្នឹង​យើង​មាន​បុណ្យទាន​ច្រើន...។ បើ​បង​ប្អូន​មាន​មាន់​ឈឺ ឬ​ងាប់ សូម​រាយការណ៍​ជា​បន្ទាន់ ឬ​កុំ​យក​មាន់ ទា ងាប់​យក​មក​ធ្វើ​ជា​អាហារ ត្រូវ​កប់​ចោល។ បើ​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​លើស​ពី ៣៨​អង្សា មាន​ក្អក ឈឺ​ក ឬ​មាន​សញ្ញា​ហត់ គួរ​គិត​ថា តើ​មាន​ប៉ះពាល់​បក្សី​ឬ​អត់? បើ​សិន​ជា​មាន​សូម​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​ជិត​បំផុត ដើម្បី​ព្យាបាល...។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ ១១៥»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ថ្មីៗ​នេះ ជំងឺ​ផ្ដាសាយ​បក្សី​បាន​សម្លាប់​កុមារី​ម្នាក់​ទៀត​អាយុ ១១​ឆ្នាំ ដែល​មាន​ទី​លំនៅ នៅ​ភូមិ​ក្បាលអូរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

កុមារី​ដែល​បាន​ស្លាប់​នោះ ធ្លាក់​ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។ ដំបូង​នាង​ត្រូវ​បាន​គ្រូពេទ្យ​ក្នុង​ភូមិ​ពិនិត្យ​ព្យាបាល និង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក ប៉ុន្តែ​ពុំ​បាន​ធូរ​ស្រាល។ នៅ​ថ្ងៃ​ទី​៣១ មីនា ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អង្គរ ខេត្ត​សៀមរាប ទី​ដែល​នាង​បាន​ស្លាប់​ក្នុង​រយៈពេល ៤​ម៉ោង​ក្រោយ​មក។

លោក លី សូវ៉ាន់ អនុ​ប្រធាន​ការពារ​ជំងឺ​ឆ្លង​មាន​ប្រសាសន៍​ថា កុមារី​ដែល​ស្លាប់​នោះ​ពិត​ជា​បាន​ប៉ះពាល់​បក្សី​នៅ​មុន​ពេល​មាន​ជំងឺ​នោះ​មែន ហើយ​អ្នក​ជំងឺ​បាន​បង្ហាញ​ពី​ការ​រលាក​សួត​ធ្ងន់ធ្ងរ ទើប​គ្រូពេទ្យ​ឯកជន​ពុំ​អាច​ព្យាបាល​បាន ហើយ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​អង្គរ​នេះ។

លោក លី សូវ៉ាន់ បាន​បន្ថែម​ទៀត​ថា ដោយសារ​តែ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ហ្នឹង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅ​នឹង​ជំងឺ​រលាក​សួត ឬ​ក៏​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ដែរ ដូច្នេះ​លោក​សុំ​ឲ្យ​គ្រូពេទ្យ​ទាំង​អស់​សាកសួរ​អ្នក​ជំងឺ​អំពី​ប្រវត្តិ​ប៉ះពាល់​នឹង​សត្វ​បក្សី។

កុមារី​ដែល​បាន​ស្លាប់​ចុង​ក្រោយ​នេះ នាង​គឺ​ជា​អ្នក​ជំងឺ​ទី​១៤​ហើយ ដែល​បាន​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី H5N1 នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នាង​ក៏​ជា​មនុស្ស​ទី​១០ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះ៕