រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោក អូស្មាន ហាស្សាន់ មានប្រសាសន៍ថា លោកបានពិភាក្សាអំពីការបង្កើតគណៈកម្មការ Halal ដើម្បីធ្វើការត្រួតពិនិត្យទៅលើចំណីអាហារនិងសម្ភារៈប្រើប្រាស់ ដែលដាក់ឈ្មោះថា Halal សម្រាប់ឲ្យជនមូស្លីម ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រើប្រាស់ដើម្បីរក្សាបានសុខភាពឲ្យកាន់តែល្អថែមទៀត។
លោក អូស្មាន ហាស្សាន់ ថ្លែងយ៉ាងដូច្នេះ ៖ «នៅពេលដែលផលិតហ្នឹង គឺមិនឲ្យមានជាតិស្រវឹងលាយឡំ មានជាតិគ្រឿងញៀនលាយឡំ ហើយកុំឲ្យមានជាតិខ្លាញ់ អ៊ីចឹងចំពោះអ្នកដែលគេគិតពីសុខភាពរបស់គេហ្នឹង គេសំដៅទៅរកម្ហូបអាហារហ្នឹងដែរ មិនមែនសម្រាប់តែបងប្អូនអ៊ិស្លាមទេ»។
លោក អូស្មាន ហាស្សាន់ បានឲ្យដឹងទៀតថា នៅប្រទេសមួយចំនួនដែលជាប្រទេសមិនមែនអ៊ិស្លាមដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល និងប្រទេសថៃ ជាដើម ដែលជាប្រទេសនាំមុខក្នុងការបង្កើតម្ហូបអាហារ Halal សម្រាប់ផ្គត់ផ្គង់ទៅប្រទេសអ៊ិស្លាមនៅប៉ែកមជ្ឈិមបូព៌ា។
លោកបានបន្តថា អ្នកកាន់សាសនាអ៊ិស្លាមនៅលើសកលលោកគឺមានជាង ១.៣០០លាននាក់។ លើសពីនេះទៀត អ្នកដែលមិនមែនកាន់សាសនាអ៊ិស្លាមក៏មានតម្រូវការក្នុងការប្រើប្រាស់ម្ហូបអាហារ Halal និងសម្ភារៈដាក់ថា Halal នោះផងដែរ ៖ «អ្នកវិនិយោគហ្នឹង គេសម្លឹងមើលឃើញថា គេអាចមកបង្កើតឧស្សាហកម្មខាងផលិតម្ហូបអាហារ ឬក៏ការវេចខ្ចប់នៃម្ហូបអាហារហាឡាល់នេះ តែបើសិនជាយើងមានការផលិតទៅ វាអាចសម្រួលដល់ភ្ញៀវទេសចរ ដូចយើងទៅប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ទៅប្រទេសថៃ ឬបណ្ដាប្រទេសមួយចំនួន យើងមានម្ហូបអាហារដែលយើងមិនបាច់ទៅសួរ»។
ប្រជាពលរដ្ឋមួយរួប ឈ្មោះ អាដាម នៅខែត្រកំពង់ឆ្នាំង មានប្រសាសន៍ថា នៅពេលមានគណៈកម្មការនេះឡើង គឺធ្វើឲ្យងាយស្រួលដល់សាសនិកអ៊ិស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងការស្វែងរកទិញម្ហូបអាហារទំាងនោះនៅលើទីផ្សារយកមកបរិភោគ ៖ «មានការលំបាកដែរ ប៉ុន្តែតាមទំនិញនីមួយៗ យើងអាចឃើញ ដូចជាប្រេង ឃើញគេដាក់អក្សរ ហាឡាល់ អ៊ីចឹងអត់ពិបាកទេអាហ្នឹង ប៉ុន្តែម្ហូបមួយចំនួនទៀត ដូចជានំចំណីអ៊ីចឹងវាពិបាក»។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា លោកឧកញ៉ា សុះ កំរី ធ្លាប់ឲ្យដឹងថា ចំណីអាហារដែលហាឡាល់នេះជាម្ហូបដែលមានគណៈកម្មការត្រួតពិនិត្យច្បាស់លាស់ ដើម្បីធានាលើគុណភាពនិងមិនប៉ះពាល់ដល់សុខភាពអ្នកដែលបានប្រើប្រាស់។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា ការបង្កើតគណៈកម្មការនេះឡើង គឺអាចបង្កើនការងារលើវិស័យឧស្សាហកម្មចិញ្ចឹមសត្វកាន់តែច្រើនទៀតដល់ប្រជាពលរដ្ឋ។ ហើយក៏ទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសអ្នកកាន់សាសនាអ៊ិស្លាមកាន់តែច្រើនឲ្យមកប្រទេសកម្ពុជាផងដែរ៕
