កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡា​បែប​ទេសចរណ៍​នៅ​សៀមរាប

ជនជាតិ​ខ្មែរ​និង​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៣.៤០០​នាក់​មក​ពី​ប្រទេស​ចំនួន ៤៨ បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ជុំវិញ​បរិវេណ​អង្គរ​នៃ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​៦ ធ្នូ ដើម្បី​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​និង​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ សម្រាប់​ជួយ​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត​ឲ្យ​មក​ទស្សនា​កម្ពុជា។

0:00 / 0:00

មន្ត្រី​ខ្មែរ​ដែល​ជា​អ្នក​រៀបចំ​ការ​រត់​ប្រណាំង​កីឡា​ម៉ារ៉ាតុង​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កីឡាករ​បរទេស​ជាង ១.៨០០​នាក់​ដែល​មក​ចូល​រួម​លើក​នេះ គឺ​ភាគ​ច្រើន​មក​ពី​ប្រទេស​ជប៉ុន​ដែល​រៀបចំ​ដោយ​អង្គការ​បេះដូង​មាស​របស់​ជប៉ុន មក​ពី​ប្រទេស​អង់គ្លេស សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កីឡាករ​បរទេស​ដែល​មក​ចូលរួម​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​នេះ គឺ​គេ​ចូលរួម​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ចលនា​នេះ​សំខាន់​មិន​ត្រឹមតែ​ពង្រឹង​មិត្តភាព​ជាមួយ​ពិភពលោក​ទាំង​មូល​នោះ​ទេ គឺ​ជា​មិត្តភាព​រវាង​ប្រទេស​ជប៉ុន​និង​ប្រទេស​នៃ​តំបន់​ទន្លេ​មេគង្គ​ផងដែរ។

លោក ថោង ខុន បាន​បញ្ជាក់​ថា ៖ «គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​ ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ទៅ​ដល់​ការ​ឃោសនា​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​យើង ដែល​យើង​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ឃោសនា​កម្ពុជា "ព្រះ​រាជាណា​ចក្រ​អច្ឆរិយ" ជាមួយ​នឹង​ពាក្យ​ស្លោក "ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត​និង​សេវាកម្ម​ល្អ"»

លោក ស៊ូ ភិរិន្ទ​ អភិបាល​ខេត្ត​សៀមរាប​ បានថ្លែង​ទៅ​កាន់​ក្រុម​កីឡាករ​ចម្រុះ​ជាតិ​សាសន៍ ​ដោយ​ចាត់ទុក​កីឡា​មាន​សារ​ប្រយោជន៍ និង​ជា​លំហាត់​ប្រាណ​ដែល​ជនជាតិ​ខ្មែរ​និយម​ចូល​ចិត្ត​គ្រប់​ទី​កន្លែង​និង​គ្រប់​សម័យកាល ដោយ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​បូរាណ​មាន​ចារ​ទុក​ជា​ភស្តុតាង​ស្រាប់។

លោក ស៊ូ ភិរិន្ទ បាន​ថ្លែង​ថា ៖ «ខ្ញុំ​យល់​ថា ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នេះ​ នឹង​ក្លាយ​ទៅ​ជា​បេះដូង​ព្រលឹង​មួយ​ថ្មី​ថែម​ទៀត​សម្រាប់​ដាស់​សតិ​អារម្មណ៍​ពលរដ្ឋ​ទូទាំង​ពិភពលោក ពលរដ្ឋ​ខ្មែរ»

កីឡាករ​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ជនជាតិ​ម៉ាឡេស៊ី គឺ​លោក ម៉ុក ប៊ុនធឿន​ បាន​សម្ដែង​ការ​រីករាយ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​នេះ ៖ «កីឡា​ពិត​ជា​អស្ចារ្យ! ខ្ញុំ​ចូលរួម​រាល់​តែ​ឆ្នាំ សប្បាយ​ចិត្ត​ណាស់! ខ្ញុំ​មាន​កម្លាំង​ហាត់​ត​ទៅ​ទៀត»

មន្ត្រី​ក្រសួង​ទេសចរណ៍នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ខ្មែរ​តាមរយៈ​ការ​ប្រកួត​កីឡា​និង​មធ្យោបាយ​ឃោសនា​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា បើ​ទោះ​បី​ជា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​កំពុង​ធ្លាក់​ចុះ​ចំនួន​ទេសចរ​បណ្តាល​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏​ដោយ ក៏​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ។

លោក ថោង ខុន បាន​រំពឹង​ថា ក្នុង​ឆ្នាំ​២០០៩​នេះ ទេសចរ​បរទេស​ចូល​មក​កម្ពុជា​នឹង​មាន​ចំនួន​ប្រមាណ ២​លាន​២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​នឹង​មាន​ការ​កើន​ឡើង​ប្រហែល​ពី ២% ទៅ ៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨​កន្លង​មក៕