គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២ បានរៀបចំពិធីបុណ្យរំឭកខួប ១៥ឆ្នាំ ដើម្បីគោរពវិញ្ញាណក្ខន្ធបាតុករអហិង្សាដែលស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ នៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។ គិតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ មានរយៈពេល ១៥ឆ្នាំ កន្លងមកហើយ ប៉ុន្តែសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា មិនទាន់ចាប់បានជនល្មើស ឬជនសង្ស័យណាម្នាក់នៅឡើយ។
ក្នុងពិធីបុណ្យរំឭកខួប លោក សម រង្ស៊ី ជាប្រធានគណបក្ស សម រង្ស៊ី បានថ្លែងផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ឬវីដេអូ ទូខន ហ្វើរិន (Video Conference) ពីក្រៅប្រទេស ដោយបានជំរុញឲ្យសមត្ថកិច្ចរដ្ឋាភិបាលវែករកមុខឃាតកយកទៅផ្ដន្ទាទោសតាមច្បាប់។
ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានសម្លាប់មនុស្សចំនួន ១៦នាក់ និងរបួសជាង ១០០នាក់។
ទាក់ទងបញ្ហានេះ សាច់ញាតិជនរងគ្រោះដែលបានចូលរួមក្នុងពិធីបុណ្យរំលឹកខួបលើកទី១៥ ចង់ឃើញរដ្ឋាភិបាលចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។
លោកស្រី ឈឹម ស្រីទូច ត្រូវជាប្អូនស្ត្រីរងគ្រោះឈ្មោះ ឈឹម ស្រីខេង ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហារគ្រាប់បែក បានថ្លែងទាំងក្រៀមក្រំថា ពន្លឺនៃការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះរបស់រដ្ឋាភិបាលរហូតមកដល់ពេលនេះងងឹតឈឹង។
ដូចគ្នាដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏ចង់ឃើញប្រសិទ្ធភាពរបស់សមត្ថកិច្ចរដ្ឋាភិបាលក្នុងការស្វែងរកមុខមេភេរវកម្មគប់គ្រាប់បែកលើហ្វូងបាតុករ បណ្តាលឲ្យស្លាប់ និងរងរបួសជាង ១០០នាក់នេះដែរ។
ទាក់ទងហេតុការណ៍នេះ អង្គការការពារសិទ្ធិមនុស្ស ឈ្មោះ Human Rights Watch (WRW) កាលពីថ្ងៃទី២៨ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយបានឲ្យដឹងថា ឆ្លងកាត់ការស៊ើបអង្កេតភស្តុតាង និងសាក្សីជាច្រើនបញ្ជាក់ថា កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគប់គ្រាប់បែកក្នុងបំណងធ្វើឃាត លោក សម រង្ស៊ី ដែលជាប្រធានគណបក្សជាតិខ្មែរកាលគ្រានោះ។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា បានហៅសេចក្ដីថ្លែងការណ៍របស់ Human Rights Watch ស្ដីពីការរំឭកខួប ១៥ឆ្នាំ នៃព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករអហិង្សាថា មានចរិតលក្ខណៈនយោបាយ និងវិទ្ធង្សនា។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានរិះគន់សេចក្ដីថ្លែងការណ៍របស់ Human Rights Watch ថា ជាការវាយប្រហារមកលើរដ្ឋាភិបាលខុសការពិត។
ពិធីបុណ្យរំឭកខួបអ្នកស្លាប់ ផ្ដើមដោយគណបក្ស សម រង្ស៊ី មាននិមន្តព្រះសង្ឃបង្សុកូលរាប់បាត្រនៅចេតិយក្នុងសួនច្បារមុខអតីតមន្ទីររដ្ឋសភា ជាប់ខាងត្បូងព្រះបរមរាជវាំង ដោយមានការចូលរួមពីសាច់ញាតិជនរងគ្រោះ និងមន្ត្រីបក្សប្រឆាំង សរុបប្រមាណ ៣០០នាក់។
កាលពីថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ កន្លងទៅ សកម្មជនអ្នកគាំទ្របក្សប្រឆាំង និងកម្មករកាត់ដេរប្រមាណ ៣០០នាក់ បានដង្ហែជាក្បួនបាតុកម្មនៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ។ បាតុកម្មនោះដឹកនាំដោយលោក សម រង្ស៊ី។ ខណៈពេលក្បួនបាតុកម្មបានហែរទៅដល់មុខអតីតអគាររដ្ឋសភានោះ មានគ្រាប់បែក ៤គ្រាប់ ត្រូវបានជនមិនស្គាល់មុខគប់ចូលក្នុងហ្វូងបាតុករ បណ្ដាលឲ្យផ្ទុះស្លាប់មនុស្ស ១៦នាក់និងជាង ១០០នាក់ទៀតរងរបួស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។