ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា វាជាភាពភ្លាំងភ្លាត់មួយរបស់ប៉ូលិស ពីព្រោះជនសង្ស័យដែលបានបាញ់ប៉ូលិសនោះ គឺបានធ្វើសកម្មភាពនៅពេលដៃបានជាប់ខ្នោះទៅហើយ ។
ហេតុការណ៍ដែលបានកើតឡើងគឺនៅបន្ទាប់ពីប៉ូលិសបានព័ទ្ធចាប់ជនល្មើស២នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញ។ ប៉ូលិសនៅពេលដែលបានដាក់ខ្នោះជនសង្ស័យ បានភ្លេចឆែកខ្លួនជនសង្ស័យរកអាវុធដែលព្រឹត្តិការណ៍នោះបានបណ្តាលឲ្យជនសង្ស័យឈ្មោះ កែប សុម៉ុន បាញ់សមត្ថកិច្ចក្នុងបំណងចង់រំដោះខ្លួន ។
លោក ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «ក្នុងកិច្ចប្រតិបត្តិការយើងចាប់បានវាហើយ មនុស្សជួញដូរថ្នាំញៀនហ្នឹង ហើយមន្រ្តីយើងមានការធ្វេសប្រហែស ត្រូវពួកជនល្មើសវាបាញ់ត្រូវយើងម្នាក់ស្លាប់ ។ គ្នាវាតែពីរនាក់ហ្នឹង ម្នាក់អត់ ម្នាក់ទៀតវាមានកាំភ្លើងវាបាញ់យើងទៅ» ។
ជនសង្ស័យឈ្មោះ កែប សុម៉ុន ត្រូវអាជ្ញាធរបានចាប់ខ្លួន ប៉ុន្តែជនសង្ស័យម្នាក់ទៀតបានរំដោះខ្លួនរត់រួចនៅក្នុងពេលហេតុការណ៍បានកើតឡើង ៕
