ហង្ស​ចក្រា​​​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៣ មេសា​នេះ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក ហេង ហាក់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក រួម​ជាមួយ​នឹង​អ្នក​ទោស​ចំនួន ២៣​នាក់​ផ្សេង​ទៀត​នៅ​គុក​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ពិធី​ដោះលែង​នៅ​ល្ងាច​នេះ តាម​ព្រះរាជ​ក្រឹត្យ​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​របស់​ព្រះ​មហាក្សត្រ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​លោក​ទើប​នឹង​ទទួល​បាន​ថ្មី​ៗ​នៅ​ថ្ងៃ​នេះ ហើយ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​រៀបចំ​ពិធី​ដោះលែង​ភ្លាម​ៗ ដើម្បី​ឲ្យ​ពួក​គេ​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​មួយ​ថ្ងៃ។

លោក ហេង ហាក់ បាន​មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​នេះ​ខ្ញុំ​បាន​ទទួល​ព្រះរាជ​ក្រឹត្យ​ហើយ ហើយ​ឥឡូវ​ខ្ញុំ​កំពុង​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស ដើម្បី​រៀបចំ​ពិធី​ប្រកាស ដើម្បី​ឲ្យ​បង​ប្អូន​ចេញ​ទៅ​ឲ្យ​បាន​ទាន់​ចូល​ឆ្នាំ។ ចំពោះ​បង​ប្អូន​នៅ​ខេត្ត ឥឡូវ​នេះ​ខ្ញុំ​បាន​បញ្ជា​ទៅ​គ្រប់​ខេត្ត​ទាំង​អស់ ឲ្យ​សហការ​ជាមួយ​តុលាការ គឺ​ពេល​ព្រះរាជ​ក្រឹត្យ​ទៅ​ដល់​ពេល​ណា គឺ​យើង​ធ្វើ​ពិធី​នៅ​ពេល​នោះ»

មេធាវី​ការពារ​ក្ដី លោក ហង្ស ចក្រា គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ដោយ​លោក ហង្ស ចក្រា បាន​រួច​ទោស​មុន​ការ​កំណត់​យ៉ាង​នេះ ៖ «ខ្ញុំ​ត្រេកអរ​ណាស់ ដោយសារ​គាត់​អាច​ចេញ​មុន ដូច​ថា មិន​អនុវត្ត​ទទួល​ទោស​ពេញ ១២​ខែ​ណា៎! ព្រោះ​ដល់​ថ្ងៃ​២៦ ខែ​៦ គឺ​គ្រប់ ១២​ខែ​ពេញ ហើយ​ថ្ងៃ​នេះ ថ្ងៃ​១៣ ខែ​៤ អ៊ីចឹង​គឺ​គាត់​បាន​ចេញ​មុន ជា​ការ​ល្អ​ហើយ!»

នៅ​រសៀល​ម៉ោង ៤:៣០​នាទី​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក សុខ សេរី បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក ហង្ស ចក្រា នៅ​ពេល​ដែល​លោក​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ថ្មី​ៗ ដោយ​មាន​ក្រុម​គ្រួសារ​ទៅ​ទទួល​ផង បាន​មាន​ប្រសាសន៍​ជា​លើក​ដំបូង​ជាមួយ​អ្នក​កាសែត​យ៉ាង​ដូច្នេះ ៖ «ពេល​នេះ​គឺ​ខ្ញុំ​មាន​សេចក្ដី​រំភើប​សោមនស្ស​រីករាយ​ណាស់ ព្រោះ​ខ្ញុំ​បាន​ជួប​ក្រុម​គ្រួសារ​ខ្ញុំ​វិញ ដែល​ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ពន្ធនាគារ»

សុខ សេរី ៖ ក្រោយ​ពី​មាន​សេរីភាព តើ​លោក​នឹង​ធ្វើ​អ្វី? ហង្ស ចក្រា ៖ ខ្ញុំ​មិន​ទាន់​បាន​គិត​ឃើញ​នូវ​អ្វី​ទៀត​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ថា បញ្ហា​សង្គម​ជាតិ​របស់​យើង​។ សុខ សេរី ៖ លោក​ជាប់​ទោស​បាន​ប៉ុន្មាន​ខែ​ហើយ? ហង្ស ចក្រា ៖ ៩​ខែ ១៧​ថ្ងៃ។

កាល​ពី​ថ្ងៃ​២៦ មិថុនា ២០០៩ លោក ហង្ស ចក្រា ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បទ​បរិហារ​កេរ្តិ៍​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ថា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក ហេង ហាក់ បាន​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​ទណ្ឌិត​ប្រមាណ​ជាង ២០០​នាក់​នៅ​ក្នុង​បញ្ជី​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​ចំនួន​ដែល​ត្រូវ​លើកលែង​ទោស​មាន​ជាង ៦០​នាក់​នៅ​ទូទាំង​ប្រទេស។

កាល​ពី​ដើម​ខែ​មេសា ក្រសួង​យុត្តិធម៌ និង​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​រៀបចំ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ជាង ៤០០​នាក់​នៅ​ទូទាំង​ប្រទេស ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី សូម​ទ្រង់​ព្រះ​រាជ​ទាន​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ ប៉ុន្តែ​ព្រះរាជ​ក្រឹត្យ​ចេញ​នៅ​ពេល​នេះ​មាន​តែ​ជាង ២០០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស។

លោក ហេង ហាក់ បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ទេ អាច​នៅ​មាន​ជំហាន​ទី​២​ទៀត តែ​លោក​មិន​បញ្ជាក់​ថា នៅ​ពេល​ណា​នោះ​ទេ៕