ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ឲ្យចាញ់ក្តីលើករណីពាក្យបណ្ដឹងបទផ្សព្វផ្សាយព័ត៌មានមិនពិតនិងបរិហារកេរ្តិ៍មន្ត្រីរដ្ឋាភិបាលខ្មែរនោះគឺត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ក្នុងពន្ធនាគារព្រៃសក្នុងក្រុងភ្នំពេញហើយ។
លោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក»។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានឲ្យដឹងថា លោក ហង្ស ចក្រា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅដាក់ពន្ធនាគារកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ មិថុនា បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងចាប់ខ្លួនលោកនៅក្នុងផ្ទះជួលមួយក្នុងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។
មេធាវីរបស់លោក ហង្ស ចក្រា លោក ជួង ជូងី មានប្រសាសន៍ថា ការកាត់ក្តីរបស់សាលាដំបូងនេះ គឺមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ដោយសារតុលាការបានកាត់កំបាំងមុខ មិនមានទាំងរូបលោកជាមេធាវីចូលការពារកូនក្តីនោះផង ប៉ុន្តែតុលាការបែរជាបន្តជំនុំជម្រះក្តីដោយមានតែចៅក្រម មេធាវីដើមបណ្តឹង និងអយ្យការតែប៉ុណ្ណោះ។ លោកថាលោកនឹងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍។
លោក ជួង ជូងី បានបញ្ជាក់ថា ៖ «អ៊ីចឹងនៅពេលដែលគាត់បើកសវនាការ គាត់ផ្ដោតអារម្មណ៍ថាប្រញាប់ប្រញាល់នឹងអាលទៅផ្ដន្ទាទោស។ ដូច្នេះទោះបីអវត្តមានកូនក្ដីខ្ញុំ ទោះបីខ្ញុំសុំពន្យារពេលក៏គាត់អត់ព្រមដែរ»។
លោក អំ សំអាត បានហៅនីតិវិធីរបស់តុលាការក្រុងភ្នំពេញដែលបានកាត់ទោស លោក ហង្ស ចក្រា ឲ្យជាប់ពន្ធនាគារមួយឆ្នាំ និងពិន័យជាប្រាក់៩លានរៀលនោះថា ៖ «យើងឃើញថា វាប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិនៃអ្នកសារព័ត៌មានក្នុងការបញ្ចេញមតិ»។
លោក អំ សំអាត បន្តថា នេះជាការបំបាក់ស្មារតីអ្នកសារព័ត៌មាននិងការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានដើម្បីបង្ហាញឲ្យអ្នកសារព័ត៌មានផ្សេងទៀតមានការរារែកក្នុងការបញ្ចេញមតិរបស់ខ្លួន។
លោក អំ សំអាត បានមានប្រសាសន៍ថា ៖ «អ៊ីចឹងសូមឲ្យខាងសាលាឧទ្ធរណ៍នេះពិចារណាទៅលើករណីរបស់លោក ហង្ស ចក្រា នេះ ហើយសូមឲ្យយកច្បាប់សារព័ត៌មានមកធ្វើការពិចារណាជាមុនមុននឹងឈានដល់រឿងព្រហ្មទណ្ឌ»។
ចៅក្រមសាលាដំបូងតុលាការក្រុងភ្នំពេញនិងមន្ត្រីតុលាការមិនអាចទាក់ទងបានដើម្បីពន្យល់អំពីនីតិវិធីការជំនុំជម្រះក្តីនិងការសម្រេចសាលក្រមនោះ។
សូមជម្រាបថា លោក ហង្ស ចក្រា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី២៦ ខែមិថុនានេះ យោងតាមពាក្យបណ្តឹងរបស់មេធាវីរដ្ឋាភិបាលក្រោមបទចោទប្រកាន់ផ្សាយព័ត៌មានមិនពិតនិងបរិហារកេរ្តិ៍ ក្រោយពីកាសែតនេះបានផ្សាយអត្ថបទព័ត៌មានមួយចំនួនកាលពីខែមេសានិងឧសភាកន្លងទៅ ដែលចោទប្រកាន់មន្រ្តីមួយចំនួននៅជុំវិញលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ថាជាមន្រ្តីពុករលួយ។
ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលនិងក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាសម្តែងការព្រួយបារម្ភចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជានិងសម្តែងការខកចិត្តដែលតុលាការមិនបានប្រើច្បាប់សារព័ត៌មានក្នុងការចាត់ការរឿងក្តីនេះ៕
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន
អ្នកកាសែតខ្មែរមួយរូបទទួលពានរង្វាន់អន្តរជាតិ
ស៊ូរិយ៉ា ស៊ូប៊េឌី៖ សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាកំពុងធ្លាក់ចុះ
អាជ្ញាធរខែត្រឧត្ដរមានជ័យផ្អាកកម្មវិធីវិទ្យុនៃបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
អ្នកកាសែតប្រយ័ត្នប្រយែងក្នុងការសរសេរព័ត៌មានទាក់ទងនឹងមន្ត្រីជាន់ខ្ពស់