ក្រសួង​សុខាភិបាល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម

ក្រសួង​សុខាភិបាល​បាន​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ក្នុង​គោលដៅ​ចូល​រួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនឈាម។

0:00 / 0:00

យុទ្ធនាការ​នេះ មាន​ការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ប្រមាណ ៦០០​នាក់។

ក្រសួង​សុខាភិបាល បាន​បង្កើន​ថវិកា ៣០% លើស​ពី​ឆ្នាំ​ចាស់ ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​រីក​រាលដាល​ជំងឺ​គ្រុន​ឈាម។ ការ​បង្កើន​ថវិកា​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្ដី​ព្រួយបារម្ភ ចំពោះ​ការ​ព្យាករ​របស់​អ្នក​ជំនាញ​ថា នៅ​ឆ្នាំ​២០១២ នេះ ជា​ឆ្នាំ​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​មួយ​សម្រាប់​ជំងឺ​គ្រុន​ឈាម។

នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ច ម៉េងចួ មាន​ប្រសាសន៍​ថា ហេតុផល​សំខាន់​នាំ​ឲ្យ​មាន​ការ​រាតត្បាត​ជំងឺ​គ្រុនឈាម​នៅ​ឆ្នាំ​២០១២​នេះ ដូចជា កម្ពស់​ទឹក​ភ្លៀង​មាន​ការ​កើន​ឡើង ដង់ស៊ីតេ​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ក៏​មាន​ការ​កើន​ឡើង និង​ហេតុផល​ផ្សេង​ទៀត។

លោក​ថា ករណី​បាន​តម្រូវ​ឲ្យ​ក្រសួង​ត្រូវ​ការ​ថវិកា​ចំនួន​២​លាន​២​សែន​ដុល្លារ​សម្រាប់​ការងារ​ប្រឆាំង​ជំងឺ​គ្រុនឈាម៖ «ដោយសារ​ហានិភ័យ​ដែល​ខ្ញុំ​បញ្ជាក់​បួន​ចំណុច​ហើយ យើង​ត្រូវ​ត្រៀម​មុន​ប្រសើរ​ជាង​ចាំ​ដល់​ពេល​មាន​ឆ្លង​ច្រើន​ហើយ​គឺ​ពិបាក​ទប់​ណាស់។ សំខាន់​ទី១ ការ​ចូល​រួម​របស់​គ្រួសារ​នីមួយៗ ពីព្រោះ​ជំងឺ​គ្រុនឈាម​វា​កើត​ដោយសារ​មូស​ខ្លា​ខាំ។ បំបាត់​ជម្រក​មូស​ខ្លា បំបាត់​ដង្កូវ​ទឹក​គឺ​បំបាត់​នៅ​តាម​ផ្ទះ។ អ៊ីចឹង​ខ្ញុំ​ជូន​ដំណឹង​មុន យើង​ចាប់​ផ្ដើម​ផ្សាយ​ពី​ហានិភ័យ​នោះ រក​ឃើញ​ភ្លាម​គឺ​ផ្សាយ​ជូន​សារព័ត៌មាន​ទាំង​អស់»

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បញ្ជាក់​ថា ក្នុង​ថវិកា​សរុប​នោះ មាន ៥០% ជា​ថវិកា​ជាតិ ៣៥% ជា​គម្រោង​ថវិកា​ទ្រទ្រង់​វិស័យ​សុខាភិបាល​ដែល​មាន​ដៃគូ​ចំនួន​៦ ក្នុង​នោះ​មាន​ធនាគារ​ពិភពលោក និង ១៥% ផ្សេង​ទៀត​ជា​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ការ​ថ្លែង​នេះ នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម នៅ​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១២ នៅ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រោម​ប្រធានបទ បង្ការ​ជំងឺ​គ្រុនឈាម ជា​កាតព្វកិច្ច​របស់​យើង​គ្រប់ៗ​រូប។

នៅ​១៤​សប្ដាហ៍​ដើម​ឆ្នាំ​២០១២ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ៨​នាក់ និង​មាន​កុមារ ១.៣៩៣​នាក់​កើត​ជំងឺ​នេះ។ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១១ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​ចំនួន ៤​នាក់ និង​មាន​កុមារ​កើត​ជំងឺ​នេះ​ចំនួន ៣៣៩​នាក់។ មាន​ន័យ​ថា ជំងឺ​គ្រុនឈាម​បាន​កើន​ជាង​៣០០% ឬ​មាន​ន័យ​ថា កើន​ឡើង​បី​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ថ្លែង​ថា គឺ​ប្រើប្រាស់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការ​បង្កើន​ថ្នាំ​អាបេត (Abet) ចែក​ជូន​ពលរដ្ឋ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​ដើម្បី​បន្ត​ព្យាបាល​ជូន​ពលរដ្ឋ៖ «ការ​សំខាន់​បំផុត​គឺ​ការ​ឲ្យ​សារ​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ ​ឲ្យ​ចូលរួម​ឲ្យ​បាន​មុន គាត់​បាន​ដឹ​មុន​គាត់​ដឹង​ត្រៀម​លក្ខណៈ​ជា​ស្រេច ឲ្យ​យល់​ពី​បញ្ហា​ថា​វា​នឹង​ផ្ទុះ​ជំងឺ​គ្រុនឈាម នៅ​រដូវ​វស្សា​នេះ​ហើយ។ សំខាន់​បំផុត​គ្រុនឈាម​គឺ​ការ​ដែល​គ្រួសារ​នីមួយៗ យល់​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ការ​ការពារ​ជំងឺ​គ្រុន​ឈាម ហើយ​ប្រតិបត្តិ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល»

ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​យុទ្ធនាការ​របស់​ក្រសួង​សុខាភិបាល​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​នោះ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​រាតត្បាត​នៃ​មេរោគ​នេះ ពីព្រោះ​សមាជិក​ក្នុង​គ្រួសារ​ពួកគេ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ជំងឺ​នេះ៖ «ជំងឺ​គ្រុនឈាម​នេះ​សាហាវ ដែល​កើត​លើ​ប្អូន​ផ្ទាល់ ពេល​ដែល​គាត់​មាន​ជំងឺ​គ្រុនឈាម​ហ្នឹង គាត់​ក្ដៅ​ខ្លួន​ហើយ ងុយ​គេង ចេះ​តែ​អ៊ីចឹង​ទៅ​មាន​ការ​សង្ស័យ​យក​គាត់​ទៅ​មន្ទីរពេទ្យ​ទាន់។ គិត​ថា ជំងឺ​ហ្នឹង​វា​សាហាវ​វា​សម្លាប់​ក្មេង។ មិន​ថា​តែ​ក្មេង​ទេ ប្អូន​ខ្ញុំ​អាយុ​ចង់​ម្ភៃ​នៅ​មាន​គ្រុន​ឈាម។ ធ្ងន់​ដែរ​បើ​ទុក​ដល់​តែ​មួយ​ថ្ងៃ​ល្ងាច​ទៀត​ដឹង​តែ​ថា ពេទ្យ​ថា​ឈាម​ឡើង​ខាប់​ហើយ។ ខ្ញុំ​អា​រឿង​គ្រុន​ឈាម​នេះ បើ​ចំពោះ​កូន​ខ្ញុំ ខ្ញុំ​ប្រយ័ត្ន​តាំង​ពី​ព្រៃ​ខាងៗ​ផ្ទះ​ខ្ញុំ​កាប់​ចោល ទឹក​ដក់ ខ្ញុំ​លុប។ ខ្ញុំ​មិន​ដែល​ឲ្យ​កូន​ខ្ញុំ​ដេក​ក្រៅ​មុង​ផង»

នៅ​លើ​សាកលលោក​ពុំ​ទាន់​រក​ឃើញ​នូវ​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង និង​ថ្នាំ​សម្លាប់​មេរោគ​គ្រុនឈាម​នេះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។