មន្ដ្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលនៅភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨នេះ ថា មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានធ្វើការចែកចាយមុងនិងអង្រឹងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ឲ្យដល់កងទ័ពជាតិខ្មែរដែលកំពុងតែឈរជើងការពារតំបន់ប្រាសាទព្រះវិហារ ពីព្រោះថានៅទីនោះគឺជាតំបន់មួយមានអត្រាជំងឺគ្រុនចាញ់ខ្ពស់ ។
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ។
ប្រធានផ្នែកមុងជ្រលក់ថ្នាំនៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថាពេលនេះគឺជារដូវភ្លៀងធ្លាក់ខ្លាំង ដូច្នេះជំងឺគ្រុនចាញ់អាចនឹងកើតមានច្រើនជាងពេលធម្មតា ជាពិសេសនៅតាមតំបន់ព្រំដែនដូចជាខេត្តព្រះវិហារនោះ ។
លោកបានបន្តទៀតថា ប៉ុន្តែសម្រាប់កងទ័ពខ្មែរដែលកំពុងតែការពារតំបន់ប្រាសាទព្រះវិហារនោះ គេនៅមិនទាន់ឃើញមានករណីណាមួយកើតឡើងនូវជំងឺគ្រុនចាញ់នោះទេ ពីព្រោះមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានជួយការពាររួចជាស្រេចទៅតាមរយៈការផ្តល់មុងនិងអង្រឹងជ្រលក់ថ្នាំនោះ ។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថា ៖ «ខាងយើងមិនមានអីកត់សម្គាល់ថា ឈឺអីធំដុំធ្ងន់ធ្ងរដូចខាងថៃផ្សាយនោះទេ បើមានបញ្ហាឈឺធ្ងន់ធ្ងរគឺមានវិធានការចុះទៅប្រើថ្នាំបាញ់បំបាត់ប្រភពមូស ឬក៏យើងមានវិធានការអីផ្សេងទៀត ឬក៏យើងត្រូវយកគ្រូពេទ្យយើងចុះទៅជាបន្ទាន់ យើងព្យាបាលភ្លាមៗ» ។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត ឌួង សុជាតិ បានឲ្យដឹងថាក្រៅពីបានផ្ដល់មុងនិងអង្រឹងជ្រលក់ថ្នាំ ក្នុងនោះមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់របស់ក្រសួងសុខាភិបាលថ្មីៗនេះ ក៏បានធ្វើការផ្តល់ឪសថមួយចំនួនផងដែរឲ្យដល់កងទ័ពជាតិដែលកំពុងតែឈរជើងនៅតំបន់ប្រាសាទព្រះវិហារនោះ ។
មន្ដ្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានឲ្យដឹងទៀតថា កាលពីមិនទាន់មានបញ្ហាទាហានឈុតខ្មៅថៃចូលមកលុកលុយក្នុងទឹកដីប្រាសាទព្រះវិហារខ្មែរនោះ គឺមជ្ឈមណ្ឌលជាតិបានធ្វើការចែកចាយមុងជ្រលក់ថ្នាំឲ្យដល់កងទ័ពដែលធ្លាប់យាមប្រចាំការនៅតាមព្រំដែននិងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារនោះរួចហើយដែរដែលបានផ្ដល់មុងថ្មីជិតដប់ម៉ឺនមុង ។
ប្រធានផ្នែកមុងជ្រលក់ថ្នាំនៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានបញ្ជាក់ថាតាមរយៈការផ្តល់មុងនិងអង្រឹងជ្រលក់ថ្នាំ ព្រមទាំងផ្តល់ឪសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ផងនោះ ទាំងកងទ័ពក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារឆ្នាំនេះគេរំពឹងថាអាចការពារជំងឺគ្រុនចាញ់បានប្រមាណ៩០% ។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថា ៖ «អ្នកដែលឈរនៅហ្នឹងចាស់ពីមុនយើងបានចែក យើងបានជ្រលក់មុងគាត់ដែលចាស់ហ្នឹងដើម្បីការពារជំងឺគ្រុនចាញ់» ។
ទាក់ទងទៅនឹងអត្រាជំងឺគ្រុនចាញ់នៅទូទាំងប្រទេសវិញនោះ មន្ត្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅក្នុងឆ្នាំនេះគិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះគឺមានជំងឺគ្រុនចាញ់ចំនួន១៥៥០០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៤៦នាក់ ៕
អ្នកភូមិជនជាតិដើមម្នាក់ស្លាប់ដោយសារជំងឺអាសន្នរោគនៅរតនគិរី
អ្នករត់តាក់ស៊ីនៅបន្ទាយមានជ័យប្ដឹងក្រុមហ៊ុនពីបទធ្វើឲ្យខូចខាតរថយន្ត
ពលរដ្ឋនៅកំពង់ឆ្នាំងត្រេកអរចំពោះការបង្រ្កាបវង់ល្បែង
បដិមាព្រះវិស្ណុនិងព្រះនាងលក្សី្មត្រូវគេប្រទះឃើញនៅកំពង់ចាម
កម្មការិនីម្នាក់ត្រូវគេសង្ស័យថាស្លាប់ដោយសារខំធ្វើការខ្លាំងពេក
មនុស្ស៤នាក់ស្លាប់ដោយសារជំងឺរាកនៅកំពង់ស្ពឺ
អំពើហិង្សានិងការរំលោភផ្លូវភេទកើនឡើងក្នុងឆ្នាំ២០០៩
ជំងឺរាករូសរាតត្បាតនៅខេត្តកំពង់ស្ពឺ
អ្នកភូមិនៅស្រុកកណ្ដាលស្ទឹងរង់ចាំលទ្ធផលពីការចរចាតម្លៃអគ្គិសនី
អាជ្ញាធរខែត្រកណ្ដាលរារាំងការតវ៉ាពីបញ្ហាភ្លើងឡើងថ្លៃ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.