ការលើកឡើងដូច្នេះ គឺនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ស្តីពីស្ថានភាពនិងចំណេះដឹងថ្មីៗ នៃជំងឺផ្តាសាយប្រភេទថ្មីជូនដល់អ្នកសារព័ត៌មាននិងសិល្បករ នាព្រឹកថ្ងៃទី១៩ តុលា នៅឯវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
លោក សុខ ទូច បានបញ្ជាក់ថា អ្នកសារព័ត៌មាននិងសិល្បករមានតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង មានការប្រុងប្រយ័ត្ននិងការពារ ចៀសវាងនៃការឆ្លងជំងឺប្រភេទថ្មី A(H1N1)នេះ។
លោក សុខ ទូច បានបញ្ជាក់ដូច្នេះ ៖ «ការរាលដាលគ្រប់ច្រកល្ហក គឺមានទាំងអស់ រួចហើយបានជាយើងឆ្លងមក ប៉ុន្តែការចម្លងស្រុកយើងនេះ ទោះបីឥឡូវបានបញ្ជាក់មានជាង១០០(នាក់)ហើយក៏ដោយ យើងឃើញថា ការចម្លងមិនគំហុក»។
មន្ត្រីបច្ចេកទេសគម្រោងផ្នែកជំងឺឆ្លងនៃអង្គការសុខភាពពិភពលោក លោកកស្រី ម៉ាក ហ្គីនណេស្ស៍ (Mac Guinness) បានលើកឡើងដែរថា នៅលើសកលលោក មានអ្នកឆ្លងជុះងឺប្រភេទថ្មី A(H1N1) នេះ ជាង៣សែនករណី ក្នុងនោះស្លាប់ជាង៤ពាន់នាក់ ប៉ុន្តែយ៉ាងនេះក្តី លោកស្រីបញ្ជាក់ថា ចំនួនអ្នកស្លាប់នេះ បើប្រៀបធៀបទៅនឹងអត្រាវិញ គឺនៅមានកម្រិតទាបនៅឡើយ។
លោកស្រី ម៉ាក ហ្គីនណេស្ស៍ បានថ្លែងដូច្នេះ ៖ "អ្នកសារព័ត៌មាននិងសិល្បករមានតួនាទីសំខាន់ ក្នុងការនាំសារទៅប្រជាពលរដ្ឋឲ្យយល់អំពីជំងឺនេះ ដូចជាត្រូវលាងដៃនឹងសាប៊ូ ក្អកត្រូវខ្ទប់មាត់ជាដើម ហើយសារមួយទៀត គឺបើពលរដ្ឋណាម្នាក់សង្ស័យថា មានជំងឺផ្តាយសាយកុំចម្លងដល់អ្នកដទៃ"។
រហូតមកទល់ពេលនេះ ចាប់ពីខែកញ្ញមក គឺមានប្រជាពលរដ្ឋខ្មែរបានស្លាប់ចំនួន៣រូបហើយ គឺស្រី២នាក់ ប្រុសម្នាក់ ដោយសារជំងឺប្រភេទថ្មី A(H1N1) នៅក្នុងចំណោមអ្នកកើតជំងឺគ្រុនផ្តាសាយប្រភេទថ្មី A(H1N1) សរុបចំនួន១៣៣ករណីនៅកម្ពុជា។
ជំងឺនេះត្រូវកត់ត្រាករណីនៃជំងឺគ្រុនផ្តាសាយថ្មី ដែលត្រូវបានអះអាងឡើងជាលើកដំបូងរបស់ខ្លួន កាលពីចុងខែមិថុនា ក្រោយពីលទ្ធផលធ្វើតេស្តមួយចំនួនលើទេសចរជាតិអាមេរិកម្នាក់ អាយុ១៦ឆ្នាំ បានបង្ហាញថាវិជ្ជមាននោះមក។
អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ក៏បានឲ្យដឹងនៅក្នុងកិច្ចបង្ហាញដល់អ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមនោះ អំពីការឆ្លងនៃជំងឺនេះថា គឺចម្លងពីមនុស្សដែលមានជំងឺផ្តាសាយថ្មី ឬអ្នកផ្ទុកមេរោគផ្តាសាយថ្មីដោយតំណក់តូចៗ តាមរយៈកណ្តាស និយាយ ក្អក ឬស្តោះ និងប៉ះពាល់លើផ្ទៃមានផ្ទុកតំណក់ទឹកតូចៗ ដែលមានមេរោគ រួចយកមកញីលើភ្នែកនិងច្រមុះជាដើម។
ជំងឺប្រភេទថ្មី A(H1N1) នេះ នៅស្រាលនៅឡើយ ប៉ុន្តែវាអាចវិវត្តទៅជាធ្ងន់និងបណ្តាលឲ្យស្លាប់។
ការឆ្លងជំងឺផ្ដាសាយថ្មីនៅកម្ពុជាកើនដល់១៦១ករណី
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៩ ការឆ្លងមេរោគគ្រុនផ្តាសាយថ្មីប្រភេទ A(H1N1) នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន១៦១ករណីហើយ។
រីឯខេត្តក្រុងដែលមានករណីឆ្លងមេរោគគ្រុនផ្តាសាយថ្មីប្រភេទនេះ គឺរួមមានខេត្តសៀមរាប បាត់ដំបង កណ្តាល តាកែវ ស្វាយរៀង កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ៕
