មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក សុខ ទូច បាន​ថ្លែង​ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1) នឹង​ឆ្លង​កាន់​តែ​ច្រើន​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ខាង​មុខ ប្រសិន​បើ​មិន​មាន​វិធានការ​ទប់​ស្កាត់​ឬ​ការ​ផ្សព្វផ្សាយ​ណា​មួយ បញ្ជ្រាប​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ការ​ឆ្លង​នៃ​ជំងឺ​នេះ​ទេ​នោះ។

ការ​លើក​ឡើង​ដូច្នេះ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ស្តី​ពី​ស្ថានភាព​និង​ចំណេះ​ដឹង​ថ្មីៗ នៃ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ជូន​ដល់​អ្នក​សារ​ព័ត៌មាន​និង​សិល្បករ នា​ព្រឹក​ថ្ងៃ​ទី​១៩ តុលា នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ។

លោក សុខ ទូច បាន​បញ្ជាក់​ថា អ្នក​សារ​ព័ត៌មាន​និង​សិល្បករ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ការពារ ចៀសវាង​នៃ​ការ​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី A(H1N1)​នេះ។

លោក សុខ ទូច បាន​បញ្ជាក់​ដូច្នេះ ៖ «ការ​រាលដាល​គ្រប់​ច្រក​ល្ហក គឺ​មាន​ទាំង​អស់ រួច​ហើយ​បាន​ជា​យើង​ឆ្លង​មក ប៉ុន្តែ​ការ​ចម្លង​ស្រុក​យើង​នេះ ទោះ​បី​ឥឡូវ​បាន​បញ្ជាក់​មាន​ជាង​១០០​(នាក់)​ហើយ​ក៏ដោយ យើង​ឃើញ​ថា ការ​ចម្លង​មិន​គំហុក»

មន្ត្រី​បច្ចេកទេស​គម្រោង​ផ្នែក​ជំងឺ​ឆ្លង​នៃ​អង្គការ​សុខភាព​ពិភពលោក លោកកស្រី ម៉ាក ហ្គីនណេស្ស៍ (Mac Guinness) បាន​លើក​ឡើង​ដែរ​ថា នៅ​លើ​សកល​លោក មាន​អ្នក​ឆ្លង​ជុះងឺ​ប្រភេទ​ថ្មី A(H1N1) នេះ ជាង​៣​សែន​ករណី ក្នុង​នោះ​ស្លាប់​ជាង​៤​ពាន់​នាក់ ប៉ុន្តែ​យ៉ាង​នេះ​ក្តី លោកស្រី​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​អត្រា​វិញ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

លោកស្រី ម៉ាក ហ្គីនណេស្ស៍ បាន​ថ្លែង​ដូច្នេះ ៖ "អ្នក​សារ​ព័ត៌មាន​និង​សិល្បករ​មាន​តួនាទី​សំខាន់ ក្នុង​ការ​នាំ​សារ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​យល់​អំពី​ជំងឺ​នេះ ដូច​ជា​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ក្អក​ត្រូវ​ខ្ទប់​មាត់​ជាដើម ហើយ​សារ​មួយ​ទៀត គឺ​បើ​ពលរដ្ឋ​ណា​ម្នាក់​សង្ស័យ​ថា មាន​ជំងឺ​ផ្តាយសាយ​កុំ​ចម្លង​ដល់​អ្នក​ដទៃ"។

រហូត​មក​ទល់​ពេល​នេះ ចាប់​ពី​ខែ​កញ្ញ​មក គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្លាប់​ចំនួន​៣​រូប​ហើយ គឺ​ស្រី​២​នាក់ ប្រុស​ម្នាក់ ដោយសារ​ជំងឺ​ប្រភេទ​ថ្មី A(H1N1) នៅ​ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) សរុប​ចំនួន​១៣៣​ករណី​នៅ​កម្ពុជា។

ជំងឺ​នេះ​ត្រូវ​កត់ត្រា​ករណី​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី ដែល​ត្រូវ​បាន​អះអាង​ឡើង​ជា​លើក​ដំបូង​របស់​ខ្លួន កាល​ពី​ចុង​ខែ​មិថុនា ក្រោយ​ពី​លទ្ធផល​ធ្វើ​តេស្ត​មួយ​ចំនួន​លើ​ទេសចរ​ជាតិ​អាមេរិក​ម្នាក់ អាយុ​១៦​ឆ្នាំ បាន​បង្ហាញ​ថា​វិជ្ជមាន​នោះ​មក។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ក៏​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​បង្ហាញ​ដល់​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ដែល​បាន​ចូល​រួម​នោះ អំពី​ការ​ឆ្លង​នៃ​ជំងឺ​នេះ​ថា គឺ​ចម្លង​ពី​មនុស្ស​ដែល​មាន​ជំងឺ​ផ្តាសាយ​ថ្មី ឬ​អ្នក​ផ្ទុក​មេរោគ​ផ្តាសាយ​ថ្មី​ដោយ​តំណក់​តូចៗ តាម​រយៈ​កណ្តាស និយាយ ក្អក ឬ​ស្តោះ និង​ប៉ះពាល់​លើ​ផ្ទៃ​មាន​ផ្ទុក​តំណក់​ទឹក​តូចៗ ដែល​មាន​មេរោគ រួច​យក​មក​ញី​លើ​ភ្នែក​និង​ច្រមុះ​ជាដើម។

ជំងឺ​ប្រភេទ​ថ្មី A(H1N1) នេះ នៅ​ស្រាល​នៅ​ឡើយ ប៉ុន្តែ​វា​អាច​វិវត្ត​ទៅ​ជា​ធ្ងន់​និង​បណ្តាល​ឲ្យ​ស្លាប់។

ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ថ្មី​នៅ​កម្ពុជា​កើន​ដល់​១៦១​ករណី

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៩ ការ​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ A(H1N1) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ចំនួន​១៦១​ករណី​ហើយ។

រី​ឯ​ខេត្ត​ក្រុង​ដែល​មាន​ករណី​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ​នេះ គឺ​រួម​មាន​ខេត្ត​សៀមរាប បាត់ដំបង កណ្តាល តាកែវ ស្វាយរៀង កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ៕