មន្ត្រី​ជំនាញ​ព្រមាន​ពី​ការឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​រដូវ​រងា​នេះ

មន្ត្រី​ផ្នែក​បសុព្យាបាល​កម្ពុជា​ព្រមាន​ពី​ការឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​រដូវ​រងា​នេះ ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ជំងឺ​នេះ​កំពុង​កើត​មាន​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ។

0:00 / 0:00

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម លោក កៅ សុផល មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ពី​វត្តមាន​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក៏​ដោយ​ចុះ​តែ​ក្រសួង​កសិកម្ម​បាន​រៀបចំ​យ៉ាង​ប្រុង​ប្រយ័ត្ន​ក្នុង​ការបង្ការ​និង​ការពារ​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ លោក​បន្ត​ថា តាម​ការស្រាវជ្រាវ​គេ​រក​ឃើញ​ថា ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​តែង​កើត​មាន​នៅ​រដូវ​រងា។

លោក កៅ សុផល បាន​ឲ្យ​ដឹង​ថា ៖ «ផ្ដាសាយ​បក្សី​តែងតែ​កើត​មាន​នៅ​ក្នុង​រដូវ​ត្រជាក់ ពីព្រោះ​ជំងឺ​ផ្ដាសាយ ដូច​យើង​ផ្ដាសាយ​មនុស្ស​អ៊ីចឹង​ដែរ បង្ក​ឡើង​ដោយ​វីរុស។ អ៊ីចឹង​យើង​បាន​ធ្វើ​សេចក្ដី​ណែនាំ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​មន្រ្តី​របស់​យើង ពិសេស​ឲ្យ​ជំរុញ​នូវ​ភ្នាក់ងារ​ក្នុង​ភូមិ​ហ្នឹង គឺ​ថា​លោក​ចុះ​អង្កេត​ស្រាវជ្រាវ​មើល​បញ្ហា​កន្លែង​ដែល​មាន​បក្សី»

លោក កៅ សុផល ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការនាំ​ចូល​នូវ​ស៊ុត​និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​ពី​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​ប្រទេស​ថៃ។

ក៏ប៉ុន្តែ​ទាំង​ប៉ូលិស​និង​គយ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​១៨ វិច្ឆិកា ថា ច្រើន​ខែ​កន្លង​មក​នេះ​លោក​ពុំ​ឃើញ​មាន​ការនាំ​ចូល​ស៊ុត​និង​សត្វ​ស្លាប​តាម​ច្រក​នេះ​ទេ ៖ «តាម​ច្រក​ប៉ោយប៉ែត​ដូច​អត់​ឃើញ​មាន​ពង​មាន់​អី មាន​តែ​ផ្លែ​ឈើ ហើយ​មាន​ត្រី​អី មាន់ ទា មិន​ដែល​ចូល​តាម​ខាង​ខ្ញុំ​ទេ»

ប្រភព​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ថា នៅ​ឯ​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី ករណី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កំពុង​កើត​មាន​ឡើង​ក្នុង​ប៉ុន្មាន​ខែ​នេះ។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សុវណ្ណ មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​មាន​ករណី​ផ្ដាសាយ​ច្រើន... សូម​អញ្ជើញ​ទៅ​មន្ទីរពេទ្យ ហើយ​រាយការណ៍​ជា​បន្ទាន់ បើ​ករណី​កើត​ជា​បណ្ដុំ ខុស​ធម្មតា​ច្រើន ហើយ​ទូរស័ព្ទ​មក​ទំនាក់​ទំនង​រាយការណ៍​ទៅ​មន្រ្តី​សុខាភិបាល​នៅ​គ្រប់​ស្រុក​ប្រតិបត្តិ ខេត្ត​ក្រុង​ទាំងអស់ ឬ​មួយ​ទំនាក់​ទំនង​ផ្ទាល់​មក​លេខ​ទូរស័ព្ទ ខ្សែ​ទី​១ ០១២ ៤៨៨ ៩៨១ និង​មួយ​ទៀត ០១២ ៨៨៦ ៨៦៨»

គួរ​បញ្ជាក់​ផងដែរ​ថា ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​នេះ​មិន​ទាន់​មាន​ការប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​រាតត្បាត​នៅ​ឡើយ​ទេ។ តែ​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៧ ជំងឺ​នេះ​ធ្លាប់​បាន​សម្លាប់​មនុស្ស​ចំនួន​៧​នាក់។ ហើយ​សត្វ​មាន់​និង​ទា​ជា​ច្រើន​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់​នៅ​ខេត្ត​កំពត ព្រៃវែង កំពង់ស្ពឺ កំពង់ចាម​ជាដើម ហើយ​បើ​តាម​របាយការណ៍​កាសែត​ក្នុង​ស្រុក​របស់​ថៃ​ការផ្ទុះ​នូវ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ និង​ករណី​ថ្មីៗ​នេះ​ផងដែរ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ថៃ​ចំនួន​១៧​នាក់​ស្លាប់៕