សហរដ្ឋ​អាមេរិក ផ្ដល់​មណ្ឌល​សុខភាព​មួយ ដល់​អ្នក​ភូមិ​រស់​នៅ​លើ​បឹង​ទន្លេ​សាប

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា យូ.អេស.អេ.អាយ.ឌី (USAID) បាន​ឱ្យ​ដឹង​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​គេ​បាន​ប្រឹងប្រែង​ឧបត្ថម្ភ​ទៅ​លើ​កម្មវិធី​អប់រំ​ជា​ច្រើន ដូច​ជា ការ​បណ្ដុះបណ្ដាល​ខាង​កសិកម្ម ការ​ផ្ដល់​ជូន​នូវ​អនាម័យ និង​កន្លែង​ផលិត​ទឹក​ស្អាត ឱ្យ​សហគមន៍​ប្រើប្រាស់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ផ្សេង​ទៀត ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

0:00 / 0:00

ទោះ​យ៉ាង​ណា​ក្ដី យូ.អេស.អេ.អាយ.ឌី នៅ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​ផ្នែក​ថែទាំ​សុខភាព​ ក្នុង​គោល​បំណង​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក នៅ​ក្នុង​កម្ពុជា ឱ្យ​ថយ​ចុះ​ក្នុង​កម្រិត​ទាប ​ដោយ​សម​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ប្រមាណ ៣៦ ម៉ឺន​ដុល្លារ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដោយ​សាងសង់​មណ្ឌល​សុខភាព​មួយ នៅ​បឹង​ទន្លេ​សាប ក្នុង​សង្កាត់​ចុង​ឃ្នាស ក្រុង​សៀមរាប ដើម្បី​ព្យាបាល​វះកាត់ និង​សម្រាល​កូន ដល់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ជាង ៦ ពាន់​នាក់ ដែល​កំពុង​រស់​នៅ​លើ​ភូមិ​បណ្ដែត​ទឹក។

អាគារ​មណ្ឌល​សុខភាព​ថ្មី ដែល​មាន​កម្ពស់ ២ ជាន់ និង​បំពាក់​ទៅ​ដោយ​បរិក្ខារ​ពេទ្យ ប្រព័ន្ធ​ច្រោះ​ទឹក​ស្អាត ប្រព័ន្ធ​អគ្គិសនី និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផង​នោះ បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៣ ខែ​ធ្នូ។

លោក ហ៊្វ្លីន ហ៊្វូលើ (Flyn Fuller) ជា​ប្រធាន​បេសកកម្ម ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា។ លោក​ថ្លែង​នៅ​ក្នុង​ការ​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​មណ្ឌល​សុខភាព​នោះ​ថា យើង​កំពុង​ធ្វើ​ឱ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សុខភាព​ល្អ ហើយ​អាគារ​មណ្ឌល​សុខភាព​ដ៏​ល្អ​មួយ​នេះ នឹង​ជួយ​ទប់ស្កាត់​អត្រា​ស្លាប់​របស់​មាតា និង​កុមារ​កម្ពុជា​ផង​ដែរ។

លោក ហ៊្វ្លីន ហ៊្វូលើ៖ «យើង​ដឹង​ថា ប្រជា​ពលរដ្ឋ ដែល​មាន​សុខភាព​ល្អ គឺ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​សកម្ម និង​រស់​រវើក។ មាន​ន័យ​ថា ភាព​ក្រី​ក្រ​បាន​កាត់​បន្ថយ ហើយ​ការ​អប់រំ​កាន់​តែ​ប្រសើរ​ឡើង។បន្ថែម​លើ​នេះ ការ​មាន​ជីវិត​ប្រសើរ​ឡើង គឺ​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ម្នាក់ៗ តែង​ចង់​បាន»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល គឺ​បាន​កាត់​បន្ថយ​អត្រា​មរណៈ​របស់​មាតា និង​ទារក​ជា​ច្រើន។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​សុខាភិបាល​នឹង​ជំរុញ​ឱ្យ​ការ​បម្រើ​សេវា​សុខ​ភាព​សាធារណៈ បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ឱ្យ​អត្រា​ស្លាប់​របស់​មាតា និង​កុមារ បាន​ថយ​ចុះ​នៅ​កម្រិត​ទាប​បំផុត។ លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង បញ្ជាក់​ថា ចិត្ត​របស់​លោក មិន​ចង់​ឱ្យ​មា​តា និង​កុមារ​ណា​ម្នាក់​ស្លាប់ នៅ​ពេល​មាន​ផ្ទៃពោះ​នោះ​ឡើយ ហើយ​មណ្ឌល​សុខភាព​ថ្មី​មួយ ដែល​កើត​ឡើង​នៅ​តំបន់​ចុង​ឃ្នាស គឺ​មាន​សារសំខាន់​ជា​ខ្លាំង សម្រាប់​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទី​ជនបទ​នេះ។

វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង៖ «នេះ​គឺ​ជា​សមិទ្ធផល​របស់​បង​ប្អូន​ទាំង​អស់​គ្នា។ ពេទ្យ​នេះ ក៏​ជា​ពេទ្យ​របស់​បង​ប្អូន​ដែរ។ សូម​ឱ្យ​បង​ប្អូន​ប្រើប្រាស់​ពេទ្យ​របស់​យើង។ ខ្ញុំ​សូម​ឱ្យ​ពេទ្យ​របស់​យើង​មេត្តា​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បង​ប្អូន​​ប្រជា​ពលរដ្ឋ គិត​ជួយ​ដល់​បងប្អូន ដែល​ខ្វះ​ខាត។ លើកលែង​ការ​បង់​ថ្លៃ ការ​ផ្ដល់​មូលនិធិ​សមធម៌។ ធ្វើ​យ៉ាង​ម៉េច កុំ​ឱ្យ​មាន​បញ្ហា​ដល់​បង​ប្អូន​យើង ដែល​ថា​ខ្វះខាត ហើយ​មិន​ហ៊ាន​មក​ពេទ្យ»។

អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្ត​ពូជ រ៉ាចា (RACHA) ដែល​ជា​ដៃគូ​អនុវត្តន៍​គម្រោង​សាងសង់​មណ្ឌល​សុខភាព​ចុង​ឃ្នាស​នោះ បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​មណ្ឌល​សុខភាព​បាន​សាងសង់​រួច​រាល់​មក គឺ​គេ​បាន​ទទួល​ប្រជា​ពលរដ្ឋ​ប្រមាណ ៦០០ ករណី ដែល​មក​ទទួល​សេវា​ពិនិត្យ​ជំងឺ និង​ព្យាបាល ក្នុង ១ ខែៗ។ ជាមួយ​គ្នា​នោះ មណ្ឌល​សុខភាព​បាន​ផ្ដល់​សេវា​ការពារ និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ការ​វះកាត់ សម្រាល​កូន ការ​ដាក់​កង​ពន្យារ​កំណើត ប្រហែល​ពី ១០០ ទៅ ២០០ ករណី​ក្នុង ១ ខែៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។