មន្ត្រី​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ថែរក្សា​អនាម័យ

មន្ត្រី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ​ដោយ​សារ​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ។

0:00 / 0:00

ទឹក​ភ្លៀង​ជន់​លិច​ពី​ប្រទេស​ថៃ បាន​ស្រក​ចុះ​ទៅ​ជា​បណ្ដើរ​ហើយ ប៉ុន្តែ នៅ​ពេល​ទឹក​ស្រក ភាព​កង្វក់​នឹង​កើត​មាន​ច្រើន ដូច្នេះ​ហើយ​ការ​ថែទាំ​អនាម័យ និង​ការ​រស់នៅ​ស្អាត ជា​កត្តា​សំខាន់​ដើម្បី​ចៀសវាង​ការ​កើត​មាន​ជំងឺ​ផ្សេងៗ។

មន្ត្រី​សុខាភិបាល​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ពី​ប្រទេស​ថៃ មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចេះ​ថែរក្សា​អនាម័យ ដើម្បី​ចៀសវាង​ការ​កើត​មាន​ជំងឺ​ផ្សេងៗ ជា​ពិសេស​ទៅ​លើ​ក្មេង។

ការ​ដាស់​តឿន​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទឹក​ជន់​លិច​ពី​ប្រទេស​ថៃ បាន​ស្រក​ចុះ និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​កើត​មាន​ជំងឺ​រមាស និង​ជំងឺ​រាគ ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្រា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី២៩ ខែ​កញ្ញា ថា គិត​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា រហូត​មក​ដល់​ពេល​នេះ ជំនន់​ទឹកភ្លៀង​ដែល​ជន់​ពី​ប្រទេស​ថៃ លិច​ស្រុក ក្រុង ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ស្រក​ចុះ​បន្តិច ប៉ុន្តែ គេ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ៖ «ជាទូទៅ នៅ​ពេល​ទឹក​សម្រក យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ព្រោះ​យើង​ដឹង​ហើយ​ថា ក្រោយ​ពី​ទឹក​សម្រក​ទៅ វា​សត្វ​ធាតុ ទីធ្លា វា​បែក​ភក់ អ៊ីចឹង​ទៅ វា​អាច​បង្ក​រោគ​ច្រើន។ អ៊ីចឹង​ហើយ បាន​មន្ទីរ​សុខាភិបាល​ធ្វើ​ការ​ផ្សព្វផ្សាយ ធ្វើ​ការ​អប់រំ​ក្រុម​ស្ម័គ្រ​ចិត្ត​ភូមិ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​សម្អាត​អនាម័យ ដើម្បី​កម្ទេច​វា​ចោល»

លោក​បន្ត​ថា អំឡុង​ពេល​ទឹក​លិច មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​កើត​មាន​ជំងឺ​រមាស ជំងឺ​រាគ និង​ការ​រលាក​ផ្លូវ​ដង្ហើម ប៉ុន្តែ​ពុំ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ជំនន់​ទឹក​ភ្លៀង បាន​សម្លាប់​មនុស្ស​ចំនួន ៧នាក់ ដោយ​សារ​ការ​លង់​ទឹក និង​ឆក់​ខ្សែ​ភ្លើង។ ក្នុង​នោះ មាន​ពីរ​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ពីរ​នាក់ នៅ​ស្រុក​អូរជ្រៅ ពីរ​នាក់​នៅ​ក្រុង​សិរីសោភ័ណ និង​ម្នាក់​នៅ​ស្រុក​ភ្នំស្រុក។

រយៈពេល​កន្លង​មក​នេះ មន្ទីរ​សុខាភិបាល​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​សហការ​ជាមួយ​អង្គការ​ដៃគូ ចុះ​ទៅ​តាម​ទី​ទួល​សុវត្ថិភាព និង​វត្ត​អារាម ដែល​មាន​ប្រជាពលរដ្ឋ​ស្នាក់​នៅ ហើយ​បាន​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ថែទាំ​សុខភាព និង​ផ្ដល់​ថ្នាំ​សង្កូវ​ព្យាបាល៖ «ថ្នាំ​សង្កូវ យើង​មិន​មាន​បញ្ហា​អី​ទេ ដោយ​សារ​ក្រសួង​សុខាភិបាល បាន​ឧបត្ថម្ភ​ជា​ធីប​កញ្ចប់ សម្រាប់​គ្រោះ​ទឹក​ជំនន់ មាន​ន័យ​ថា យើង​មាន​ថ្នាំ​គ្រប់គ្រាន់។ ក្រសួង​ក៏​បាន​ចែក​អាវ​ពោង ក៏​ដូច​ជា​មេក្រូ សម្រាប់​បំពង​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​ចេះ​ថែរក្សា​អនាម័យ ការពារ​ខ្លួន​គាត់ ក្នុង​នោះ យើង​បាន​ចែក​ខ្លូរ៉ាមីន ឲ្យ​គាត់​ដាក់​ក្នុង​ទឹក​ឲ្យ​គាត់​ដាក់​ក្នុង​ពាង សម្លាប់​មេរោគ ផ្ដល់​សាប៊ូ​រមាស យើង​បាន​ចែក​ខិត្តប័ណ្ណ​តូច​សម្រាប់​ឲ្យ​គាត់ និង​មុង​សុវត្ថិភាព​ដែល​ក្រសួង​បាន​ផ្ដល់​ឲ្យ»

ទឹកភ្លៀង​ពី​ប្រទេស​ថៃ បាន​ជន់​លិច​ដំណាំ​ស្រូវ​ជាង ៤​ម៉ឺន​ហិកតារ និង​ប៉ះពាល់​ដំឡូងមី​ជាង ២ម៉ឺន​ហិកតារ។ ប្រជាពលរដ្ឋ​ជាង ៣ពាន់​គ្រួសារ បាន​រំដោះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។ ទឹក​ជំនន់​នេះ លិច​ផ្លូវ​ថ្នល់​ជាង ៤​ម៉ឺន​ម៉ែត្រ ខូច​ខាត ៣​ពាន់​ម៉ែត្រ សាលា​រៀន ១១៨​ខ្នង និង​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៦​ពាន់​ខ្នង។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​ទៀត​ថា សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក​នោះ បាន​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី៤ ខែ​តុលា។ អាកាសធាតុ​នេះ អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា។ ក្រសួង​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​រាជធានី និង​បណ្ដា​ខេត្ត មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។