ពលរដ្ឋ​នៅ​រតនគិរី​​ជាង​៤​ពាន់​គ្រួសារ​មិន​បាន​ទទួល​មុង​សុវត្ថិភាព

យុទ្ធនាការ​ចែក​មុង​សុវត្ថិភាព​ជំហ៊ាន​ទីពីរ​នៅ​ខេត្ត​រតនគិរី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​បាន​បញ្ចប់​ហើយ ក៏​ប៉ុន្តែ​មាន​សេចក្តី​រាយ​ការណ៍​ថា ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ជាង ៤​ពាន់​គ្រួសារ មិន​ទាន់​បាន​ទទួល​មុង​សុវត្ថិភាព​ពី​យុទ្ធនាការ​ចែក​មុង​នេះ​នៅ​ឡើយ។

0:00 / 0:00

មន្ត្រី​មូលដ្ឋាន​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជិត ២​ម៉ឺន​នាក់ នៅ​ក្នុង​សង្កាត់​នេះ មិន​ទាន់​បាន​ទទួល​មុង​ការពារ​មូស​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់​នៅ​ឡើយ។

ចៅ​សង្កាត់​ឡាបានសៀក លោក ញៀន តៃស៊ី មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​ផ្សព្វផ្សាយ​ពី​គំរោង​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស​ឲ្យ​គ្រប់​ប្រជាពលរដ្ឋ មិន​ថា​ចាស់ ក្មេង គ្រប់​រូប និង​គ្រប់​ក្រុម​គ្រួសារ ត្រូវ​បាន​ទទួល​មុង​ម្នាក់​មួយ ជា​ពិសេស​ក្នុង​មួយ​គ្រួសារ​នឹង​ត្រូវ​បាន​មុង អង្រឹង មួយ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ នេះ លោក​មិន​ទាន់​បាន​ទទួល​មុង ដើម្បី​ចែក​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បាន​នរណា​ម្នាក់​នៅ​ឡើយ។

លោក​បន្ត​ថា មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់​ពី​ករណី​នេះ​ថា ប្រជាពលរដ្ឋ​សង្កាត់​ឡាបានសៀក នឹង​ទទួល​បាន​មុង​នៅ​ពេល​ក្រោយ៖ «ខ្ញុំ​បាន​ទៅ​ជួប​ខាង​សុខាភិបាល​ហើយ សុខាភិបាល​គេ​ថា ឥឡូវ​គំរោង​ដែល​គេ​ចែក​មួយ​សា​មុន​ហ្នឹង​អស់​ហើយ ចាំ​លើក​ក្រោយ​ទៀត។ ឲ្យ​គ្រប់​ឃុំ ប៉ុន្តែ​គេ​ថា​ក្រុមហ៊ុន​អ្នក​ទទួល​ធ្វើ​អត់​ទាន់ អ៊ីចឹង​បើក​មួយ​ចំនួន​ណា​មក​គេ​ចែក​ទៅ​ក្រៅៗ​សិន ក្នុង​សង្កាត់​យើង​ក្នុង​ក្រុង​គេ​ថា ចាំ​ក្រោយ»

កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១២ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បាន​អំពាវ​មន្ត្រី​សុខាភិបាល នៅ​ខេត្ត ក្រុង ប្រញាប់​ចាត់ចែង​ចែក​មុង​សុវត្ថិភាព​ជូន​ប្រជាពលដ្ឋ​ឲ្យ​បាន​រួច​រាល់​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០១២ និង​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​មុង​ការពារ​ជំងឺ​គ្រុនចាញ់​ឲ្យ​មក​ទទួល​មុង​ពី​មន្ត្រី​ភូមិ​ឃុំ​របស់​ខ្លូន លើក​លែង​តែ​ប្រជាពលរដ្ឋ​រស់​នៅ​ចល័ត​អាច​មក​ទទួល​មុង​សុវត្ថិភាព​នេះ​បាន​គ្រប់​ពេល​វេលា​ពី​មន្ត្រី​មូលដ្ឋាន។

ឆ្លើយ​បញ្ជាក់​ពី​ករណី​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី គឺ​លោក ស៊ីម សនឡៃ។ លោក​បាន​ទទួល​ស្គាល់​ថា នៅ​សង្កាត់​ឡាបានសៀក មន្ទីរ​សុខាភិបាល​ពិត​ជា​មិន​ទាន់​បាន​ផ្តល់​មុង​សុវត្ថិភាព​ដល់​មន្ត្រី​មូលដ្ឋាន​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រាកដ​មែន ដោយសារ​តែ​ចំនួន​ប្រជាពលរដ្ឋ​កើន​ច្រើន​លើស​ពី​មុង​ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សំរាប់​ចែក​ជូន​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា មន្ត្រី​សុខាភិបាល​កំពុង​ធ្វើ​សំណើ​ទៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ដើម្បី​ផ្តល់​មុង​បន្ថែម​ចែក​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ឡាបានសៀក មិន​ទាន់​បាន​ទទួល​មុង៖ «ឡាបានសៀក ទទួល​ក្រោយ​គេ ព្រោះ​ឥឡូវ​យើង​មើល​ទៅ​លើ​ចំណុច​សំខាន់ៗ​សិន។ យើង​គិត​ទៅ​លើ​តំបន់​ឆ្ងាយៗ តំបន់​ដែល​ប្រឈម​នឹង​គ្រុនចាញ់​ខ្ពស់​សិន»

មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បាន​ទទួល​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ជាង ១៣​ម៉ឺន​មុង សំរាប់​ចែក​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​អចិន្ត្រៃយ៍​តាម​ភូមិ​ឃុំ និង​ប្រជាពលរដ្ឋ​រស់​នៅ​ចល័ត​តាម​កសិដ្ឋាន ការដ្ឋាន ជា​ពិសេស​ក្រុម​កម្មករ​ចំការ​កៅស៊ូ​ដែល​មិន​ទាន់​បាន​ទទួល​មុង​កាល​ពី​យុទ្ធនាការ​ចែក​មុង​ជំហាន​ទី​មួយ ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល លោក ស៊ីម សនឡៃ បាន​បញ្ជាក់​ថា ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បាន​កើន​ពី​ជាង ១៣​ម៉ឺន​នាក់​ឡើង​ដល់​ជាង ១៨​ម៉ឺន​នាក់​លើស​ពី​ការ​គ្រោង​ទុក។

យ៉ាង​នេះ​ក្តី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ លោក ច ម៉េងចួ បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​យុទ្ធនាការ​ចែក​មុង​ជំហាន​ទី​ពីរ​នេះ​ទៅ​នៅ​ខែ​មិថុនា ខាង​មុខ​នេះ មជ្ឈមណ្ឌល​ជាតិ​មាន​គំរោង​ទិញ​មុង​ជាង ១​លាន​ពីរ​សែន​មុង​បន្ថែម​ទៀត សំរាប់​ចែក​ជា​ប្រចាំ​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​មុង ប្រជាពលរដ្ឋ​អ្នក​បាន​ទទួល​មុង​ការពារ​សុវត្ថភាព​លើស​ពី​បី​ឆ្នាំ ប្រជាពលរដ្ឋ​តាំង​ទី​លំនៅ​ថ្មី និង​ប្រជាពលរដ្ឋ​រស់​នៅ​ចល័ត​ជាដើម៖ «យើង​មើល​ទៅ​ផែនការ​ពី​មុន​ហ្នឹង​ប្រជាជន​មួយ​ចំនួន​ទេ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ថា មាន​ថែម​ទៀត ដល់​អ៊ីចឹង​ប្រហែល​មួយ​ចំនួន​មិន​ទាន់​បាន​ទេ។ បើ​មិន​បាន​ទេ កុំ​បារម្ភ​ពាក់​កណ្តាល​ឆ្នាំ​បាន​ទៀត​ហើយ»

ក្រសួង​សុខាភិបាល​បាន​បើក​យុទ្ធនាការ​ជំហាន​ទី​ពីរ​ចែក​មុង​ចំនួន​ជាង ២,៧​លាន​មុង​នៅ​ក្នុង​ឆ្នាំ​២០១១ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ក្រុង​ដែល​បាន​រាតត្បាត ដោយសារ​ជំងឺ​គ្រុនចាញ់​ដើម្បី​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាង​ណា​រូម​គ្នា​លប់​បំបាត់​ជំងឺ​គ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​នា​ឆ្នាំ​២០២៥៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។