មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ នៅក្នុងខេត្តសៀមរាប គឺជាសាខានៃមន្ទីរពេទ្យដែលមានអ្នកគ្រប់គ្រងតែមួយជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផានៅទីក្រុងភ្នំពេញ។ មន្ទីរពេទ្យទាំងពីរនេះបានបើកពិនិត្យ និងព្យាបាលជំងឺកុមារ រួមទាំងស្រ្តីសំរាលកូនជាច្រើនរយនាក់ក្នុង១ថ្ងៃៗ ក្នុងលក្ខណៈមនុស្សធម៌។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋមួយចំនួនបានរិះគន់ថា គ្រូពេទ្យខ្លះដែលបំរើការនៅក្នុងមន្ទីរពេទ្យនេះ មានពាក្យសំដីមិនសមរម្យឱ្យសក្ដិសមទៅនឹងកិត្តិយសរបស់មន្ទីរពេទ្យនៅឡើយទេ។
ស្ត្រីម្នាក់ដែលរស់នៅភូមិតាវៀន នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប។ គាត់បានមានប្រសាសន៍ថា គាត់ធ្លាប់អាក់អន់ចិត្តជាមួយគ្រូពេទ្យខ្លះនៃមន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ហើយគាត់ក៏ឈប់នាំកូនទៅកាន់មន្ទីរពេទ្យនោះដែរ បើទោះបីជាពេលខ្លះកូនរបស់គាត់មានជំងឺត្រូវនាំទៅកាន់មន្ទីរពេទ្យជាថ្មីទៀតក៏ដោយ។
ស្រីដដែលរៀបរាប់បន្ថែម៖ «កូនខ្ញុំវាឈឺពីស្រុកមក វាក្តៅត្រជាក់ៗទៅ វាចេះតែគេងរហូតអត់ងើប។អ៊ីចឹងខ្ញុំទៅពេទ្យបន្ទប់លេខ៣ហ្នឹងទៅ គេឱ្យទៅពេទ្យប្រុសនៅខាងក្រៅ។ ដល់ទៅដល់ខ្ញុំអត់ហ៊ានហៅទេ ឃើញលោកគ្រូពេទ្យគាត់ចុចទូរស័ព្ទលេង តែមិនដឹងគាត់ចុចពីអីទេ ក៏ឈរ...។ ពេទ្យហ្នឹងគេថា ម៉េចមកពីស្រុកឈរឬ ម៉េចក៏មិនអង្គុយ? ខ្ញុំក៏អង្គុយទៅ ខ្ញុំសួរគាត់ថា លោកគ្រូកូនខ្ញុំចេះតែក្ដៅខ្លួនដេករហូត។ គាត់ (ពេទ្យ) និយាយសំដីខ្លាំងៗ គាត់ថា ក្មេងអ៊ីចឹងឯង តែវាអស់កម្លាំងវាដេកអ៊ីចឹងហើយ។ ខ្ញុំថា វាមិនដេកតែ១ថ្ងៃទេលោកគ្រូ វាដេក ៣-៤ថ្ងៃជាប់គ្នាហើយ ដល់ពេលហើយគាត់សម្លុតថា ឥឡូវធ្វើសំបុត្រពេទ្យដេកឬ? បើដេកគាត់ធ្វើសំបុត្រឱ្យដេក?»។
បុរសម្នាក់ទៀតជាមន្ត្រីនគរបាលនៅក្នុងខេត្តសៀមរាប។ គាត់បានរិះគន់ទៅលើក្រុមអ្នកយាមសន្តិសុខនៅក្រៅរបងមន្ទីរពេទ្យកុមារគន្ធបុប្ផា ជ័យវរ្ម័នទី៧ នោះថា គឺមានការរឹតបន្តឹងហួសហេតុ ក្នុងការបើកឱ្យចូលទៅក្នុងមន្ទីរពេទ្យនោះ។ បុរសដដែលបានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុនប្រពន្ធរបស់គាត់បានឈឺពោះសម្រាលកូន ហើយគាត់បាននាំប្រពន្ធទៅមន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែក្រុមអ្នកយាមមន្ទីរពេទ្យមិនអនុញ្ញាតឱ្យគាត់បានគ្រាប្រពន្ធជូនចូលទៅដល់ក្នុងមន្ទីរពេទ្យឡើយ សូម្បីតែគាត់សុំចូលដើម្បីយកអីវ៉ាន់ខ្លះទៅឱ្យប្រពន្ធសំរាលកូនក៏ចូលមិនបាន។
បុរសដដែលបានបញ្ជាក់ថា គាត់មានការអាក់អន់ចិត្តជាមួយនឹងក្រុមអ្នកយាមមន្ទីរពេទ្យនោះ ហើយគិតថា ប្រសិនបើប្រពន្ធមានកូននៅពេលក្រោយទៀត គឺគាត់នឹងមិននាំប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យនោះទៀតទេ។
កាលពីដើមខែសីហា វិទ្យុអាស៊ីសេរីបានសរសេរលិខិតមួយច្បាប់ដាក់ជូនតាមរយៈអ្នកយាមទៅកាន់ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ដើម្បីសុំណាត់ជួបធ្វើការសម្ភាសន៍អំពីការងារមនុស្សធម៌ និងមានការរិះគន់ខ្លះៗនោះ ក៏ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីអ្នកគ្រប់គ្រងមន្ទីរពេទ្យថា យ៉ាងណានៅឡើយ។
ចំណែកលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា លោកសុំមិនអធិប្បាយជុំវិញការរិះគន់ទេ ក៏ប៉ុន្តែលោកសុំលើកពីគុណសម្បតិ្តដ៏ធំធេង របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជ័យវរ្ម័នទី៧ ដែលបានធ្វើកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារខ្មែររាប់ពាន់នាក់ក្នុង១ខែៗ។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «យើងឃើញថា មន្ទីរពេទ្យគេជួយច្រើនណាស់។ គាត់ទទួល១ថ្ងៃៗរាប់សិបរយនាក់ឯណោះ។ ជួយមនុស្សធម៌ គាត់មិនទើបតែធ្វើការឥឡូវឯណា គាត់ធ្វើរាប់សិបឆ្នាំមកហើយ ហើយអារឿងរិះគន់នោះ វាចេះតែរិះគន់ហើយ សូម្បីតែពេទ្យខេត្តយើងទៅខាងណាក៏គេចេះតែរិះគន់ដែរ។ កុំយកអារឿងកំប៉ិកកំប៉ុក ជួនកាលបុគ្គលខ្លួនឯងធ្វើខុស»។
បច្ចុប្បន្នគេដឹងថា មន្ទីរពេទ្យកុមារគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានទទួលពិនិត្យ និងព្យាបាលជំងឺកុមារខ្មែរដោយឥតគិតថ្លៃជាច្រើនម៉ឺននាក់ក្នុង១ខែៗ។ កុមារទាំងនោះ ក្រៅតែនៅក្នុងខេត្តសៀមរាប គឺមានមកពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ បន្ទាយមានជ័យ និងបាត់ដំបង ផងដែរ។
បើទោះបីជាប្រជាពលរដ្ឋមួយចំនួនបានរិះគន់ក្រុមគ្រូពេទ្យខ្លះនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទៅលើការប្រើពាក្យសំដីមិនសមរម្យក៏ដោយ ក៏ឪពុកម្តាយកុមារជាច្រើនទៀត បានសំដែងដឹងគុណចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ទាំងនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ឪពុកម្ដាយកុមារជាច្រើនបានទទួលស្គាល់ថា មន្ទីរពេទ្យកុមារទាំងពីរបានជួយសង្គ្រោះកុមារខ្មែរអាចដល់ចំនួនលាននាក់ក្នុង១ឆ្នាំៗ។ ដោយសារការដឹងគុណមន្ទីរពេទ្យនេះ ឪពុកម្ដាយកុមារខ្លះបានតែងនិពន្ធជាបទចម្រៀងទៀតផង។
លោក ហុង ស្រីសម្បត្តិ គឺជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រែកខ្វិត នៃសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ទីក្រុងភ្នំពេញ និងជាអ្នកតែងនិពន្ធបទចំរៀងនេះ។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមកូនៗរបស់គាត់ចំនួន ៨នាក់ គឺ ៤នាក់ធ្លាប់បានគ្រូពេទ្យនៃមន្ទីរគន្ធបុប្ផា នៅទីក្រុងភ្នំពេញ ជួយសង្គ្រោះជីវិតឱ្យរួចផុតពីស្លាប់នៅពេលដែលពួកគេមានជំងឺធ្ងន់ធ្ងរ។
លោក ហុង ស្រីសម្បត្តិ៖ «គោលដៅទី១ បំណងរបស់ខ្ញុំហ្នឹងចង់ថ្លែងអំណរគុណទៅដល់គន្ធបុប្ផាមែន ព្រោះកូនរបស់ខ្ញុំហ្នឹង គឺរស់រានមកដល់ថ្ងៃហ្នឹងគឺដោយសារគន្ធបុប្ផាដែរ។ ប៉ុន្តែនៅត្រង់ន័យចុងក្រោយដែលថា ក្រុមគ្រូពេទ្យទាំងអស់ដែលមានសីលធម៌ផ្អែមល្ហែមហ្នឹង ចង់ដាស់ទៅគ្រូពេទ្យ ឱ្យគួរតែប្ដូរអត្តចរិតពាក្យពេចន៍ ន័យរបស់ខ្ញុំតែប៉ុណ្ណឹង»។
លោក ហុង ស្រីសម្បត្តិ បានបញ្ជាក់ថា វត្តមានមន្ទីរពេទ្យកុមារគន្ធបុប្ផានៅក្នុងប្រទេសកម្ពុជា គឺជាអង្គការមនុស្សធម៌ដែលបានជួយជីវិតកុមារខ្មែររាប់លាននាក់ ហើយលោកមានការព្រួយបារម្ភនៅពេលដែលឭថា មន្ទីរពេទ្យនេះកំពុងមានវិបត្តិខ្វះមូលនិធិសម្រាប់យកទៅធ្វើការងារមនុស្សធម៌ប្រចាំថ្ងៃ។ បុរសដដែលគិតថា ប្រសិនបើនៅក្នុងប្រទេសកម្ពុជា មិនមានសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា តទៅមុខទៀតទេ គឺជីវិតរបស់កុមារខ្មែរជាច្រើននាក់នឹងស្ថិតនៅក្នុងគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
