ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភពីប្រភេទជំងឺម្យ៉ាងដែលកំពុងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយពលរដ្ឋមិនអាចទប់ស្កាត់បាន។
លោកស្រី ឆេ ខាវ ពលរដ្ឋរស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ថា កូនស្រីគាត់ម្នាក់បានធ្លាក់ខ្លួនឈឺជំងឺអាការៈក្ដៅខ្លួន មានកន្ទួលក្រហមចេញលើរាងកាយ និងឈឺសន្លាក់ដៃសន្លាក់ជើង មិនអាចដើរបាន។
អាណាព្យាបាលរូបនេះបានស្នើឲ្យមន្ត្រីជំនាញក្រសួងសុខាភិបាល ឬមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ជួយមានវិធានការទប់ស្កាត់ ឬបញ្ជូនគ្រូពេទ្យចុះព្យាបាលអ្នកជំងឺ ជូនពលរដ្ឋរស់នៅឃុំស្រង់ ស្រុកគងពិសី ឲ្យបានទាន់ពេល ព្រោះជំងឺកំពុងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
លោកស្រី ឆេ ខាវ បន្ថែម៖ «កើតជំងឺហ្នឹងចង់ ១ខែហើយ។ មុនដំបូងឈឺមួយៗទេ ហើយកូនខ្ញុំឈឺមុនគេ រួចហើយឈឺតៗគ្នាទាំងអស់។ ឥឡូវកាន់តែឈឺរាលដាលពេញភូមិ ផ្ទះប្អូនខ្ញុំ ៦នាក់ ឈឺទាំង ៦ ហើយប្អូន ១គ្រួសារទៀតឈឺទាំងគ្រួសារ»។
ចំណែកពលរដ្ឋច្រើននាក់ទៀតក៏អំពាវនាវឲ្យមន្ត្រីជំនាញសុខាភិបាលចុះជួយព្យាបាលជំងឺដល់ពលរដ្ឋរស់ឃុំស្រង់ ស្រុកគងពិសី ឲ្យបានទាន់ពេល ព្រោះសព្វថ្ងៃនេះមានអ្នកជំងឺប្រហែល ២នាក់ក្នុង១គ្រួសារ បានឈឺជំងឺចម្លែកនេះ។
ប្រជាពលរដ្ឋឲ្យដឹងដូច្នេះ៖ «អាការៈអ្នកជំងឺឡើងកន្ទួលក្រហមដូចជំងឺកញ្ជ្រឹលអ៊ីចឹង ឡើងត្មិលពេញខ្លួន ហើយទន់ដៃទន់ជើង ហើមមុខ និងមានមុខក្រហម ឈឺឆ្អឹងឆ្អែង របៀបគ្រុនផ្ដាសាយធំ។ ឈឺក្នុង១ផ្ទះឆ្លងគ្រប់គ្នា ពីប្រពន្ធទៅប្ដីទៅកូន។ ១ភូមិឈឺទាំងអស់គ្នា ក្នុង១ផ្ទះឈឺឆ្លងទាំងអស់»។
ពលរដ្ឋរស់នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជំងឺដែលឆ្លងរាតត្បាតក្នុងមូលដ្ឋាននេះ បានកើតមានតាំងពីខែមេសា មកម្ល៉េះ ប៉ុន្តែមិនទាន់ឃើញមានវត្តមានមន្ត្រីសុខាភិបាលចុះដល់មូលដ្ឋាន ដើម្បីអប់រំ ឬក៏ជួយព្យាបាលជំងឺជូនពលរដ្ឋនោះទេ។
ទាក់ទងបញ្ហានេះ លោក ជា សុខ អនុប្រធានភូមិពង្រ ស្ថិតឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ពិតជាមានពលរដ្ឋរាប់រយគ្រួសារនាមូលដ្ឋានលោកកើតមានជំងឺពិតមែន។ លោកឲ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង ១០០គ្រួសាររស់នៅមូលដ្ឋានលោក គឺបានកើតជំងឺនេះស្ទើរគ្រប់ផ្ទះ។
លោកថ្លែងថា ជំងឺរាតត្បាតនេះមិនទាន់ឃើញមន្ត្រីជំនាញសុខាភិបាលផ្នែកណាមួយចុះជួយព្យាបាលជំងឺជូនពលរដ្ឋដល់មូលដ្ឋាននៅឡើយទេ។ ដូច្នេះលោកស្នើឲ្យមន្ត្រីសុខាភិបាលចុះជួយព្យាបាលជំងឺជូនពលរដ្ឋឲ្យបានឆាប់។
ឆ្លើយតបកង្វល់ពលរដ្ឋ លោកវេជ្ជបណ្ឌិត ងាន់ ចន្ថា នាយករងមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានបញ្ជូនគ្រូពេទ្យជំនាញចុះស្រាវជ្រាវ និងអប់រំពីការទប់ស្កាត់ជំងឺជូនពលរដ្ឋខេត្តកំពង់ស្ពឺ រួចហើយ។
លោកថា ជំងឺរាតត្បាតនៅស្រុកគងពិសី មិនបង្កឲ្យពលរដ្ឋរងគ្រោះដល់អាយុជីវិតទេ ព្រោះដើមហេតុបណ្ដាលមកពីមូសខ្លាំងក្លា។ ដូច្នេះវិធីទប់ស្កាត់លោកស្នើឲ្យប្រជាពលរដ្ឋសំអាតលំនៅឋានរបស់ខ្លួនឲ្យមានអនាម័យ និងត្រូវទទួលទានដំណេកក្នុងមុងសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោក ងាន់ ចន្ថា៖ «យើងឃើញថា អ្នកជំងឺគ្រុនក្ដៅ ហើយមានចេញកន្ទួលក្រហមៗនៅលើខ្លួន ដូចជាជំងឺគ្រុនឈាម ហើយមានអ្នកជំងឺខ្លះស្បែកឡើងដោល ហើយរោគសញ្ញា ១ទៀត អ្នកជំងឺខ្លះឈឺសន្លាក់ដៃជើង។ ជំងឺហ្នឹងយើងបានបូមឈាមមកមើល យើងឃើញថា វាជាជំងឺ ១ យើងហៅថា ជំងឺឈិនគុនយ៉ា ហើយជំងឺនេះឆ្លងដោយការខាំរបស់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»។
លោក ងាន់ ចន្ថា ឲ្យដឹងដែរថា មានអ្នកជំងឺពី ២០០ ទៅ ៣០០នាក់ ដែលកើតមានជំងឺមិនបានទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ ទេ ដោយរង់ចាំគ្រូពេទ្យចុះទៅដល់មូលដ្ឋាន។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានអះអាងថា មិនទាន់ឃើញវត្តមានមន្ត្រីក្រសួង ឬមន្ទីរសុខាភិបាលចុះដល់មូលដ្ឋានរបស់ខ្លួនទេ ចាប់តាំងពីជំងឺនេះបានរាតត្បាតចាប់ពីខែមេសា ឆ្នាំ២០១២ មកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
