មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសមត្ថកិច្ច បានស្នើសុំឲ្យក្រសួងសុខាភិបាល ចុះត្រួតពិនិត្យដើម្បីកែសម្រួលប្រព័ន្ធរដ្ឋបាលពេទ្យ និងមានវិធានការអប់រំចំពោះបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឲ្យចេះប្រើពាក្យសំដីឲ្យបានសមរម្យ នៅពេលមានអ្នកជំងឺនាំគ្នាទៅសុំសេវាសុខាភិបាល។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានបេសកកម្មជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា និងការចាប់រំលោភសេពសន្ថវៈ បានថ្លែងនៅថ្ងៃច័ន្ទ ទី២០ ខែសីហា ថា កាលពីថ្ងៃទី១៩ ខែសីហា មន្ត្រីនគរបាលយុត្តិធម៌បានជូនម្ដាយ និងក្មេងស្រីរងគ្រោះអាយុ ៤ឆ្នាំ ក្នុងករណីចាប់រំលោភសេពសន្ថវៈ អោយពេទ្យពិនិត្យ និងសុំលទ្ធផលបឋមដើម្បីចាប់ជនសង្ស័យ។ ពួកគាត់បានទៅអង្គុយចាំតាំងពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោងជិត ៦ល្ងាច តែពុំមានគ្រូពេទ្យធ្វើការ។ ក្រោយមកពួកគាត់បានទូរស័ព្ទទៅសួរប្រធានមន្ទីរពេទ្យ ទើបមានគ្រូពេទ្យចេញមកសួរនាំ ប៉ុន្តែត្រូវពេទ្យស្ដីបន្ទោសទៅវិញ។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល៖ «គ្រូពេទ្យខាងរដ្ឋបាលគាត់ថា ជីវិតគេជិតងាប់ហើយ អ្ហែងហ្នឹងស្អី? ខ្ញុំថា លោកគ្រូខ្ញុំអត់បន្ទាន់ថាខ្ញុំជិតងាប់ទេ គ្រាន់តែថា ឥឡូវឲ្យខ្ញុំធ្វើម៉េច ខ្ញុំរត់ឡើងប៉ុន្មានដងហើយ អោយខ្ញុំអង្គុយចាំ គ្មានបុគ្គលិកអីម្នាក់ ឬក៏មន្ត្រីណាមួយរង់ចាំផ្ដល់សេវាអីសោះ ឲ្យខ្ញុំទៅអង្គុយចាំរាប់ម៉ោងហ្នឹង។ គ្រូពេទ្យរដ្ឋបាលជិះម៉ូតូមកបក់ដៃហៅខ្ញុំចូល ហើយគ្រូពេទ្យឈ្មោះ វ៉ាត់ ខាងរដ្ឋបាលហ្នឹងដែរ គាត់លត់ខ្ញុំ។ គាត់ថា ធ្វើការទាល់តែធ្វើជាពេទ្យបានដឹងថាគេពិបាកប៉ុណ្ណា អត់ងងុយ យប់ព្រលប់ ប្រាក់ខែតែ ១០ម៉ឺន (រៀល) ជាងទេ»។
បុគ្គលអង្គការដដែលបានថ្លែងថា រូបគាត់ និងមន្ត្រីនគរបាលយុត្តិធម៌ រួមទាំងគ្រួសារជនរងគ្រោះផង មានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គលិកពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ នេះពុំមានជាករណីទី១ ដែលពួកគាត់បានជួបប្រទះនោះទេ នៅមានអ្នកជំងឺជាច្រើននាក់ណាស់បានរងនូវពាក្យសំដីពុំសមរម្យ៖ «គាត់ស្ដីឲ្យខ្ញុំថា រឿងហ្នឹងជារឿងសង្គមទេ យើងកុំមកចង់កែប្រែសង្គម។ ខ្ញុំថា ពិបាកណាស់មិនដឹងរកដំណោះស្រាយយ៉ាងម៉េចឲ្យស្រួលទាំងពេទ្យ អោយស្រួលទាំងខ្ញុំ។ គាត់ថា ជារឿងរបស់សង្គម ខ្ញុំថា មិនមែនជារឿងសង្គមទេ រឿងរបស់មនុស្សម្នាក់ៗនេះនាំគ្នាជួយរួមចំណែកម្នាក់បន្តិចៗទៅបានសង្គមវាកែប្រែ បើរវល់បន្ទោសសង្គមអត់នាំគ្នាចូលរួមអ៊ីចឹងចប់បាត់ហើយ»។
ប្រធានសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក សុន តឹក បានថ្លែងថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គួរពង្រឹងខាងផ្នែកសីលធម៌ និងក្រមសីលធម៌ឲ្យបានប្រសើរជាងនេះ។ លោកថា ទោះបីនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកក៏ដោយ នៅមន្ទីរពេទ្យត្រូវមានបុគ្គលិកប្រចាំការជាប្រចាំ។ ករណីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តត្រូវចាត់វិធានការត្រួតពិនិត្យបញ្ហាឲ្យមានភាពប្រសើរឡើងវិញ។
ប្រធានមន្ទីរពេទ្យបង្អែកបាត់ដំបង លោក កាក់ សីលា បានមានប្រសាសន៍ទទួលស្គាល់បញ្ហាដែលបានកើតមាននៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ទី១៩ សីហា។ ប៉ុន្តែលោកបញ្ជាក់ថា ទំនាស់ពាក្យសំដីនោះកើតឡើងដោយការភាន់ច្រឡំ។ ម្យ៉ាងវិញទៀត ខាងគ្រូពេទ្យមានការប្រុងប្រយ័ត្នខ្លាចមានការលួចបន្លំដោយចេតនាមិនល្អណាមួយ ទើបគ្រូពេទ្យទាមទារឲ្យមានសំបុត្របញ្ជាក់ច្បាស់លាស់មួយ ហើយក៏បណ្ដាលឲ្យមានសេវាមិនល្អ។
លោកបានបញ្ជាក់ថា មន្ទីរពេទ្យនឹងកោះប្រជុំនៅថ្ងៃអង្គារ ទី២១ ខែសីហា ជាមួយបុគ្គលិកនៅផ្នែកខាងរោគស្ត្រី និងបុគ្គលិកផ្នែកកោសល្យវិច័យ ដើម្បីប្រាប់ឲ្យដឹង៖ «រាល់ការស្នើសុំឲ្យមានការពិនិត្យ ជាពិសេសខាងអង្គការដែលបានបញ្ជូនមកសុំឲ្យគាត់បង្ហាញកាតអង្គការ ហើយពេទ្យកត់ត្រាទុក និងពិនិត្យឲ្យគាត់ ទោះបីក្នុងលក្ខខណ្ឌក្នុងថ្ងៃឈប់សម្រាកក៏ដោយ»។
មន្ទីរពេទ្យមានគម្រោងធ្វើលិខិតផ្លូវការមួយផ្សេងទៀតទៅអង្គការដៃគូពាក់ព័ន្ធ ដើម្បីបញ្ជាក់ប្រាប់ឲ្យបុគ្គលិករបស់អង្គការទាំងអស់ រាល់ពេលបញ្ជូនជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យ ត្រូវឲ្យបុគ្គលិករបស់អង្គការនោះបង្ហាញប័ណ្ណសម្គាល់ខ្លួន (ID Card) របស់អង្គការទៅឲ្យគ្រូពេទ្យ នឹងអាចទទួលពិនិត្យជនរងគ្រោះបានដោយពុំចាំបាច់ទាមទារឲ្យមានលិខិតបញ្ជាក់ទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
