ចៅក្រមជម្រះក្តី លោក ស៊ិន វិសាល នៃតុលាការសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានប្រកាសសាលក្រមភ្លាមៗទេនៅថៃ្ងពុធ ទី៩ ខែកញ្ញា ក្រោយពីបានជម្រះក្តីនេះរយៈពេលជាង៣ម៉ោង ប៉ុន្តែលោកបានប្រកាសថា តុលាការនឹងប្រកាសសាលក្រមរហូតដល់ថៃ្ងទី២២ ខែកញ្ញា នៅវេលាម៉ោង២កន្លះរសៀល។
លោក Kevin Doyle ជានិពន្ធនាយកកាសែត The Cambodia Daily មិនបានធ្វើអត្ថាធិប្បាយអ្វីទេក្រោយពីសវនាការជាង៣ម៉ោងនោះ។
លោក សុខ ដារ៉ា ជាមេធាវីរបស់លោក ណៅ វណ្ណារិន ជាអ្នកយកព័ត៌មាននៃកាសែត The Cambodia Daily បានសុំឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់មកលើកូនក្តីរបស់លោក ដោយសារតែលោក នៅ វណ្ណារិន គ្រាន់តែជាអ្នកយកព័ត៌មាន ហើយបានលោក Kenvin Doyle បានចុះផ្សាយតាមសម្ដីដែលលោក ហូ វ៉ាន់ ក្នុងបទសម្ភាសន៍តែប៉ុណ្ណោះ។
លោក ខេង លី ជាមេធាវីរបស់មន្រ្តីយោធាចំនួន២២នាក់បានទាមទារនៅក្នុងសវនាការឲ្យលោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ី សងជំងឺចិត្តកូនក្តីរបស់លោក២២នាក់ ក្នុងម្នាក់ៗ១០លានរៀល ក្រោមបទបរិហារកេរ្តិ៍កូនក្តីរបស់លោក។
លោក ជា ប៉ូច តំណាងរាស្រ្តគណបក្សសមរង្ស៊ី ដែលបានចូលរួមតាមដាននៅក្នុងសវនាការនោះដែរ បានមានប្រសាសន៍ថា ៖ «ខ្ញុំយល់ឃើញថា អ្វីដែលសវនាការអម្បាញ់មិញនេះ គឺជារឿងមួយនយោបាយ ដោយសារលោក ហូ វ៉ាន់ លោកបានធ្វើតាមអ្វីដែលច្បាប់សារព័ត៌មាន អ្វីដែលលោកបានធ្វើចប់សព្វគ្រប់អស់ហើយ លោកអត់មានទទួលកំហុសអីទេ ប៉ុន្តែរឿងនេះគឺជារឿងនយោបាយសុទ្ធសាធ»។
លោក អំ សំអាត ជាប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ បានមានប្រសាសន៍អត្ថាធិប្បាយនៅក្រៅតុលាការថា ៖ «យើងឃើញនៅក្នុងអង្គសវនាការ ដើមបណ្ដឹងហាក់បីដូចជាសង្កត់ធ្ងន់ទៅលើតែលោក ហូ វ៉ាន៉ ដែលជាតំណាងរាស្រ្ដរបស់គណបក្សសមរង្ស៊ីមួយតែប៉ុណ្ណោះ»។
សូមជម្រាបថា លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ី ត្រូវបានមន្រ្តីយោធាចំនួន២២នាក់នៃកងយោធពលខេមរភូមិន្ទកម្ពុជាប្តឹងក្រោមបទបរិហារកេរ្តិ៍ ក្រោយពីលោកបានមានប្រសាសន៍រិះគន់កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ តាមរយៈកាសែត The Cambodia Daily ថា សញ្ញាបត្រយោធាដែលមន្រ្តីយោធាកម្ពុជាបានបញ្ចប់ការសិក្សានៅក្នុងប្រទេសវៀតណាមនោះមិនមានគុណភាពឬតម្លៃអ្វីទេ។
លោក Kevin Doyle ជានិពន្ធនាយកនៃកាសែត The Cambodia Daily និងលោក នៅ វណ្ណារិន ជាអ្នកយកព័ត៌មាននៃកាសែតនេះ ដែលបានដកស្រង់យកផ្សាយនៅថៃ្ងទី២១ ខែមេសានោះ បានរងការប្តឹងផងដែរក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត៕
