តុលាការ​កាត់ក្ដី​សំណុំ​រឿង​ពុករលួយ​របស់​សាច់ញាតិ​នាយករដ្ឋមន្ត្រី

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១១ បាន​បើក​សវនាការ​កាត់​ទោស​អតីត​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ សេង យៀន និង​ប្អូន​ជីដូន​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី ឌី ប្រឹម ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទឹក​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក។

0:00 / 0:00

ចៅ​ក្រម​ជម្រះ​ក្ដី​លោក ឌុច គឹមស៊ន បាន​ប្រកាស​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក។

នេះ​ជា​សវនាការ​លើក​ទី​៤​ហើយ ដែល​តុលាការ​បាន​ដំណើរការ​ពេញលេញ​ដោយ​គ្មាន​ការ​លើក​ពេល​ដូច​ពេល​មុន។

ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា គឺ​លោកស្រី សោម គឹមសួ ដែល​បាន​ប្ដឹង​ក្រោម​បទ​អំពើ​ពុករលួយ និង​ទាមទារ​ឲ្យ​តុលាការ​ផាក​ពិន័យ​ចំនួន ២០​លាន​រៀល ស្មើ​នឹង ៥.០០០​ដុល្លារ​អាមេរិក។

មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា លោក ឡុង នរិន្ទ នៅ​ក្រោយ​ពី​សវនាការ​ជាង ៣​ម៉ោង បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា លោក​រក្សា​ជំហរ​ប្ដឹង​ជា​ដដែល ៖ «សវនាការ​ដំណើរការ​ទៅ​តាម​នីតិវិធី​ច្បាប់ ហើយ​ការ​សម្រេច​យ៉ាង​ម៉េច ស្ថិត​នៅ​លើ​តុលាការ​ជា​អ្នក​សម្រេច»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង យៀន គឺ​លោក ខៀវ សុផល បាន​មាន​ប្រសាសន៍​ថា គ្មាន​ភស្តុតាង​ជាក់ស្ដែង​ដើម្បី​ចោទ​ប្រកាន់​ដាក់​បន្ទុក​លើ​កូន​ក្ដី​ឡើយ ៖ «ឯ​ភស្តុតាង​ទាំង​អស់​ហ្នឹង គឺ​គ្រាន់​តែ​ជា​ភស្តុតាង​មួយ​ដូច​ជា​ក្រដាស​ស​ប៉ុណ្ណឹង។ ដូច្នេះ​សូម​បដិសេធ​ចោល ហើយ​សុំ​ឲ្យ​តុលាការ​សម្រេច​ឲ្យ​រួច​ពី​បទ​ចោទ»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី ឌី ប្រឹម គឺ​លោក ជីវ ខេង នៅ​ក្នុង​សវនាការ​នោះ បាន​សុំ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​មក​លើ​កូន​ក្ដី ពីព្រោះ​ឯកសារ​ដាក់​បន្ទុក​កន្លង​មក​ជា​ឯកសារ​ថត​ចម្លង​មិន​អាច​យក​ជា​ការ​បាន។

មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​រង​គ្រោះ​ឈ្មោះ ហួត សារុំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​ថា ៖ «ចង់​ឲ្យ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លើ​ជន​ជាប់​ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ»

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា លោក សេង យៀន ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដក​ចេញ​ពី​តំណែង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩ ក្រោយ​ពី​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា លោក​បាន​ទទួល​សំណូក​ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​ដីធ្លី ឈ្មោះ​លោកស្រី ឌី ប្រឹម ដើម្បី​ធ្វើ​របាយការណ៍​ភូត​កុហក​រដ្ឋាភិបាល​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ។

ការ​រត់ការ​នោះ​មិន​បាន​សម្រេច​ទេ​ក្នុង​ការ​រឹប​យក​ដី​ស្រែ​ជាង ៥​ហិកតារ​ពី​កសិករ​ឈ្មោះ ហួត សារុំ ដើម្បី​ទុក​លក់​ក្នុង​តម្លៃ​ជាង ៧​លាន​ដុល្លារ​អាមេរិក។

ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ លោកស្រី ម៉ម ស៊ីថា ដែល​បាន​ចូល​រួម​តាម​ដាន​សវនាការ បាន​មាន​ប្រសាសន៍​ថា ៖ «វា​មិន​មែន​តែ​រដ្ឋាភិបាល​ដែល​ទទួល​រង​គ្រោះ​ដោយ​អំពើ​ពុករលួយ​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ​ដូច ហួត សារុំ ហ្នឹង​ឯង ក៏​គាត់​ទទួល​រង​គ្រោះ​ដោយ​អំពើ​ពុករលួយ​ដែរ»

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក សេង យៀន តាម​មាត្រា​ទី​៣៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អន្តរកាល​អ៊ុនតាក់ (UNTACT) ក្រោម​បទ​ស៊ី​សំណូក។ លោកស្រី ឌី ប្រឹម ជា​ប្អូន​ជីដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូក​ប៉ាន់៕