សវនាការ ២ ថ្ងៃ រឿង​ស្មារតី អៀង ធីរិទ្ធ ចប់​ដោយ​មិន​ទាន់​សម្រេច​អ្វី

សវនាការ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ បាន​បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃ​ទី ២០ ខែ​តុលា។

ក្រោយ​ការ​បញ្ចប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​ទេ រឿង​លទ្ធភាព​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​លេខ ០០២ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នៅ​មុន​ពេល​បិទ​សវនាការ ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង លោក និល ណុន បាន​ប្រកាស​ឱ្យ​ដឹង​ថា សេចក្ដី​សម្រេច​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។

លោក និល ណុន៖ «បន្ទាប់​ពី​ស្ដាប់​សក្ខីកម្ម និង​ទឡ្ហីករណ៍​ផ្ទាល់​មាត់ ពាក់​ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​បន្ថែម​របស់​អ្នក​ជំនាញ ដែល​បាន​ផ្ដល់​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កន្លង​មក​នេះ អង្គ​ជំនុំជម្រះ​នឹង​ចេញ​សេចក្ដីសម្រេច​របស់​ខ្លួន​ទាក់ទិន​ទៅ​នឹង​បញ្ហា​សម្បទា និង​បញ្ហា​ស្មារតី​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ក្នុង​ការ​ចូល​រួម​សវនាការ​នៅ​ពេល​វេលា​សម​ស្រប​នៅ​ពេល​ខាង​មុខ»។

ការ​ជជែក​ដេញដោល​គ្នា ដែល​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​នេះ ភាគី​សហ​ព្រះរាជអាជ្ញា​នៅ​តែ​ទាមទារ​ឱ្យ​តុលាការ​នាំ​យក​ជន​ជាប់ចោទ អៀង ធីរិទ្ធ មក​ចូលរួម​សវនាការ​ដដែល ដោយ​លើក​ឡើង​ថា ស្ថានភាព​សុខភាព​ចុះ​ខ្សោយ​សតិ​បញ្ញា​របស់​ជន​ជាប់​ចោទ​រូប​នេះ មិនទាន់​ធ្ងន់ធ្ងរ​ ដែល​ចូល​សវនាការ​មិន​បាន​ទេ ហើយ​ក៏​មិន​ត្រូវ​បំបែក​នីតិវិធី​ចេញ​ដោយឡែក​ពី​នីតិវិធី​ជន​ជាប់​ចោទ​ដទៃ​ដែរ ព្រោះ​ជន​ជាប់​ចោទ​រូប​នេះ​នៅ​ស្ដាប់ និង​ឆ្លងឆ្លើយ​គ្នា​បាន។

សហ​ព្រះរាជអាជ្ញា៖ «បើ​សិន​ជា​បំបែក​នឹង​កើត​មាន ជន​ជាប់​ចោទ​ផ្សេង​ទៀត នឹង​ស្នើសុំ​បំបែក​នីតិវិធី​សម្រាប់​ជន​ជាប់​ចោទ​បី​រូប​ផ្សេង​ទៀត អាច​នឹង​ស្នើសុំ​ទៀត។ ដូច្នេះ បង្ក​ការ​លំបាក និង​ឧបសគ្គ​ជា​ច្រើន​ដល់​អង្គ​ជំនុំជម្រះ ដែល​នីតិវិធី​នេះ​អាច​អូស​បន្លាយ​ពេល​វេលា ធ្វើ​ឱ្យ​ការ​ខាត​បង់​កាន់​តែ​ច្រើន។ ចំណុច​មួយ​ទៀត ដែល​សហ​ព្រះរាជអាជ្ញា​យល់​ឃើញ គឺ​ការ​បំបែក​នីតិវិធី​នេះ អូស​បន្លាយ​ពេល​វេលា និង​ខាត​ផលប្រយោជន៍​សេដ្ឋកិច្ច ផលប្រយោជន៍​ហិរញ្ញវត្ថុ ហើយ​បន្ថែម​បន្ទុក​ការងារ​ច្រើន​ថែម​ទៀត ដល់​អង្គ​ជំនុំ​ជម្រះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បន្ថែម​ទៀត»។

មេធាវី​ការពារ​ក្ដី​ចុង​ចោទ​ថ្លែង​ថា ជនជាប់ចោទ អៀង ធីរិទ្ធ មិន​ចាំ​អំពី​ហេតុការណ៍​អ្វី​ដែល​បាន​កើត​ឡើង​ទេ។ ដូច្នេះ គាត់​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​បទ​ចោទ​មក​លើ​រូប​គាត់​ទេ៖ «គាត់​មិន​អាច​ចង្អុល​បញ្ជាក់​អំពី​ហេតុការណ៍​ទាំង​អស់​នោះ។ ដូច្នេះ វា​ជា​ការ​ចុះ​ខ្សោយ​សតិ​បញ្ញា​របស់​គាត់។ គាត់​មិន​អាច​ទៅ​នឹង​បទ​ចោទ ហើយ​វា​ប៉ះពាល់​ទៅ​ដល់​សម្បទា​របស់​គាត់​ដូច​ដែល​ច្បាប់​តម្រូវ។ យើង​យល់​យ៉ាង​ច្បាស់​ដោយ​គ្មាន​ការ​សង្ស័យ​ពី​អ្នក​ជំនាញ​ថា ជនជាប់ចោទ​ពិត​ជា​មាន​ការ​ចុះ​ខ្សោយ​មែន»។

នៅ​ក្នុង​សវនាការ​ពីរ​ថ្ងៃ​នេះ ក៏​មាន​ការ​ជជែក​គ្នា​ដែរ​អំពី​រឿង​សំណង​ដល់​ជន​រង​គ្រោះ។ ភាគី​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នាំមុខ លោក ពេជ្រ អង្គ បាន​លើក​ឡើង​ពី​គម្រោង​ស្នើសុំ​សំណង​ចំនួន ៤ គឺ​ទី​មួយ​ឱ្យ​មាន​ការ​រំលឹក និង​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ថ្នាក់​ជាតិ ដោយ​ការ​សង់​ជា​ស្តូប ឬ​ចេតិយ​ ទី​ពីរ គឺ​ការ​ស្ដារ​នីតិ​សម្បទា​ជន​រងគ្រោះ ដែល​មេធាវី​នាំមុខ និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី សុំ​ឱ្យ​មាន​មជ្ឈមណ្ឌល​សេវា​សុខភាព​ផ្លូវ​កាយ និង​ចិត្ត​សម្រាប់​ជន​រងគ្រោះ។ ទី​បី គឺ​គម្រោង​ឱ្យ​ការ​ចង​ក្រង​ឯកសារ​អប់រំ​ថ្នាក់​ជាតិ​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម និង​ការ​ជំនុំ​ជម្រះ​មេ​ដឹកនាំ​ខ្មែរក្រហម ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ផ្ទេរ​បទ​ពិសោធន៍​របស់​ខ្លួន​ដល់​មនុស្ស​ជំនាន់​ក្រោយ និង​ទី​បួន​សំណង​ផ្សេងៗ ទៀត ដែល​ត្រូវ​ពិភាក្សា​លម្អិត​បន្ថែម។

មេធាវី​ការពារ​ជន​ជាប់​ចោទ បាន​លើក​ឡើង​ថា ការ​ទាមទារ​សំណង​ត្រូវ​តែ​មាន​ភស្តុតាង​ច្បាស់លាស់​អំពី​ការ​ខូចខាត​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង ហើយ​ការ​ទាមទារ​សំណង​ណា​មួយ​សម្រាប់​ជន​ជាតិ​ចាម និង​វៀតណាម​នៅ​កម្ពុជា គឺ​ជា​ការ​មិន​ត្រឹមត្រូវ ពី​ព្រោះ​ខ្មែរ​ជា​ជន​រងគ្រោះ​ភាគ​ច្រើន​បំផុត។

សរុប​សេចក្ដី​មក សេចក្ដី​សម្រេច​ពី​សវនាការ​លើ​កាយ​សម្បទា​ជន​ជាប់​ចោទ អៀង ធីរិទ្ធ និង​អំពី​គម្រោង​ស្នើសុំ​សំណង​ជា​បឋម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចៅក្រម​សាលា​ដំបូង​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ពេល​ណា​មួយ​សមស្រប​ឆាប់ៗ ខាង​មុខ​នេះ

សវនាការ​ថ្ងៃ​ទី ១៖ គ្រូ​ពេទ្យ​ជំនាញ​វិកល​វិជ្ជា​ថា បញ្ញា​ស្មារតី​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ធ្លាក់​ចុះ

សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​បើក​សវនាការ​លើ​ការ​ពិនិត្យ​កាយ​សម្បទា និង​បញ្ញា​ស្មារតី​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​កំពុង​ចុះ​ខ្សោយ មុន​នឹង​នាំ​ទៅ​ជំនុំជម្រះ​សំណុំ​រឿង​លេខ ០០២ នៅ​ចុង​ឆ្នាំ​នេះ។

ការ​ជជែក​ដេញដោល​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១ នេះ គ្រូពេទ្យ​ជំនាញ​ខាង​វិកល​វិជ្ជា​មនុស្ស​ចាស់​ជាន់​ខ្ពស់​ខ្មែរ និង​បរទេស ២​រូប បាន​លើក​ឡើង​ថា ស្ថានភាព​សតិបញ្ញា និង​ស្មារតី​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​មាន​វ័យ ៧៩​ឆ្នាំ កំពុង​ធ្លាក់​ចុះ។

វេជ្ជបណ្ឌិត​ខ្មែរ​ឯកទេស​វិកល​វិជ្ជា លោក ហួត លីណា បញ្ជាក់​ជូន​អង្គ​សវនាការ​ថា ស្មារតី​ចងចាំ​របស់​អ្នកស្រី អៀង ធីរិទ្ធ បាន​ធ្លាក់​ចុះ គឺ​វង្វេងវង្វាន់ និង​ភ្លេច​ច្រើន ចាប់​តាំង​ពី​ទី​កន្លែង​ដែល​គាត់​កំពុង​រស់​នៅ រហូត​ដល់​សមាជិក​គ្រួសារ​ជិតស្និទ្ធ​របស់​គាត់​ផង។

លោក​វេជ្ជបណ្ឌិត​បាន​ផ្ដល់​ចំណុច​សម្គាល់​មួយ​ដល់​ចៅក្រម​អង្គ​សវនាការ​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មិន​ស្គាល់​សូម្បី​តែ​លោក អៀង សារី ប្ដី​របស់​គាត់៖ «គាត់​ចាត់​ទុក​ឈ្មោះ អៀង សារី ស្វាមី​របស់​គាត់​ជា​បង​ប្រុស។ ដូច្នេះ​តាម​ទំនៀម​ទម្លាប់​កម្ពុជា យើង​មិន​ត្រឹមត្រូវ​ទេ។ បើ​សិន​ជា​ហៅ​បង​អូន​ជា​ពាក្យ​ផ្អែម​ល្ហែម... វា​ច្បាស់​ណាស់​ថា លោក អៀង សារី មិន​ជា​ប្ដី​របស់​គាត់​ទេ។ ដូច្នេះ​ត្រង់​នេះ នៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​មិន​ទម្លាប់​ហៅ​ប្ដី​ជា​បង​ប្រុស​ទេ»

ការ​ជជែក​ដេញដោល និង​វាយ​តម្លៃ​លើ​បញ្ញា​ស្មារតី​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ គឺ​ធ្វើ​ឡើង​ផ្អែក​តាម​របាយការណ៍ ដែល​អ្នក​ជំនាញ​ខាង​វិកល​វិជ្ជា​ខ្មែរ និង​បរទេស​ចំនួន ៤​រូប ដែល​បាន​ពិនិត្យ និង​របាយការណ៍​លើ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ កន្លង​មក។

ស្ថានភាព​ចុះ​ខ្សោយ​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​បាន​អ្នក​ជំនាញ​អន្តរជាតិ​ខាង​វិកល​វិជ្ជា​ជាន់​ខ្ពស់​អង់គ្លេស លោក ស៊ីណា ហ្វាសែល (Seena Fazel) បញ្ជាក់​ថា លោក​មិន​មាន​ភស្តុតាង​ណា​មួយ ដែល​បង្ហាញ​ថា អ្នកស្រី អៀង ធីរិទ្ធ ធ្វើ​ពុត​ជា​ភ្លេចភ្លាំង​ទេ។

ក្នុង​សវនាការ​អំពី​សុខភាព​របស់​ជន​ជាប់​ចោទ​កាល​ពី​ខែ​សីហា កន្លង​ទៅ លោក ចន ខេមប៊ែល (John Cambell) បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​បញ្ហា​ចុះ​ខ្សោយ​ផ្នែក​បញ្ញា​ស្មារតី តាម​វ័យ​របស់​គាត់។

សវនាការ​លើ​កាយ​សម្បទា និង​បញ្ញា​ស្មារតី​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ គឺ​ជា​នីតិវិធី​មួយ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ត្រួត​ពិនិត្យ​សុខភាព​ជន​ជាប់​ចោទ មុន​នឹង​ចូល​រួម​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លេខ ០០២ នៅ​ពេល​ខាង​មុខ ដើម្បី​ធានា​ពី​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​នៃ​ការ​ជំនុំ​ជម្រះ។

សាលាក្ដី​ខ្មែរក្រហម​គ្រោង​លើក​យក​សំណុំ​រឿង​លេខ ០០២ របស់​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ដែល​មាន​ជន​ជាប់​ចោទ ៤​រូប ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១១។ ជន​ជាប់​ចោទ​ទាំ ៤​រូប គឺ​មាន​លោក នួន ជា អតីត​ប្រធាន​សភា លោក ខៀវ សំផន អតីត​គណៈប្រធាន​រដ្ឋ លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​ខ្មែរក្រហម៕