ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ឧត្តរមានជ័យ​បំផ្លាញ​ដំណាំ​រាប់​សិប​ហិកតារ

ទឹក​ជំនន់​ដែល​ហូរ​ខ្លាំង​ចុះ​ពី​តំបន់​ភ្នំ កំពុង​ហូរ​កាត់​កំណាត់​ផ្លូវ​ចន្លោះ​ពី​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ សណ្ដែក​សៀង ដែល​ត្រូវ​ប្រមូល​ផល​ទទួល​រង​ការ​ខូចខាត​រាប់​សិប​ហិកតារ​និង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ជួប​ការ​លំបាក​ផ្នែក​ដឹក​ជញ្ជូន។

0:00 / 0:00

អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក កែវ ប៉ាន់ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២ ខែ​វិច្ឆិកា ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ចំនួន ៤​ថ្ងៃ​មក​ហើយ នៅ​តំបន់​នោះ បណ្ដាល​ឲ្យ​ស្រូវ សណ្ដែក​របស់​កសិករ​ទូទាំង​ស្រុក​ត្រពាំង​ប្រាសាទ ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួលេខ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក កែវ ប៉ាន់ មាន​ប្រសាសន៍​ថា ៖ «ប៉ះពាល់​ដល់​ផល​ដំណាំ សំខាន់​ពួក​ប្រភេទ​សណ្ដែក​សៀង មាន​ការ​ខាត​បង់​ច្រើន​ដោយសារ​ទឹក​ហ្នឹង។ ទូទាំង​ស្រុក​តែ​ម្ដង បង​ប្អូន​ធ្វើ​សណ្ដែក មាន​ភ្លៀង​ទៅ សណ្ដែក​មិន​ទាន់​កាត់​ហ្នឹង ក៏​នៅ​ទៅ អា​កាត់​ហើយ​ឧបសគ្គ​នឹង​យក​ចេញ ឧបសគ្គ​នឹង​ភ្លៀង​ប្រមូល​បោក​អី។ សាច់​ភ្លៀង​ជាប់ ៤​ថ្ងៃ​ពេញ ហើយ​ថ្ងៃ​ណេះ​ជិត​ភ្លឺ ម៉ោង ៤​រាំង ហើយ​ឥឡូវ​មេឃ​ខ្មៅ​មក​ទៀត​ហើយ»

ពេញ​មួយ​ថ្ងៃ​អាទិត្យ​នេះ មិន​អាច​ទំនាក់ទំនង​អភិបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក វ៉ាន់ កុសល ដើម្បី​បំភ្លឺ​បញ្ហា​នោះ​បាន​នៅ​ឡើយ។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន នៅ​ភូមិ​ស្រះជ័យ និង​ភូមិ​អូរតាសោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ បាន​មាន​ប្រសាសន៍​ថា ស្រូវ​និង​សណ្ដែក​សៀង​របស់​ពួក​គាត់ ដែល​ច្រូត​កាត់​រួច​ហើយ ត្រូវ​បាន​ទឹក​ជំនន់​លិច​លង់ បាន​បង្ក​ឲ្យ​រលួយ​និង​លិច​ខូចខាត​ទាំង​អស់ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​តាម​ទី​វាល​ទឹក​នៅ​មាន​កម្ពស់​ត្រឹម​ដើម​ទ្រូង​នៅ​ឡើយ ៖ «ខ្ញុំ​លិច​អស់​ហើយ ពីរ​ហិកតារ​ឡើង​រលួយ យក​កណ្ដាប់​អត់​ចេញ​ផង​ឥឡូវ​ហ្នឹង ទឹក​នៅ​ស្មើ​ទ្រូង​នៅ​ឡើយ។ រលីង​តែ​ម្ដង អត់​មាន​សល់​ផង ហើយ​ប្អូន​ខ្ញុំ​ម្នាក់​ទៀត។ ឥឡូវ​ឆ្លង​ទៅ​អត់​រួច​ផង ហើយ​មនុស្ស​នៅ​ច្រូត ២​-៣​នាក់​នៅ​ហ្នឹង នៅ​ជាប់​នៅ​រោង​ហ្នឹង លិច​អស់​ហើយ។ លិច​ទាំង​អស់​គ្នា អ្នក​សណ្ដែក​សៀង​អី ក៏​គ្នា​ខូច​ទាំង​អស់ ហើយ​សណ្ដែក​ហ្នឹង​រីក​អស់​រលីង​ហើយ»

តាម​មន្រ្តី​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទឹក​ភ្លៀង​ជា​ច្រើន​បាន​ហូរ​កាត់​ខ្លាំង​លិច​ផ្លូវ​ក្រួស​ក្រហម​នៅ​តំបន់​ផ្ទះ​ខៀវ​បណ្ដាល​ឲ្យ​ដាច់​ផ្លូវ ហើយ​ស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង ដោយ​រថយន្ត​ជា​ច្រើន​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ទេ។

ពេញ​មួយ​ថ្ងៃ​សៅរ៍ កង​កម្លាំង​វិស្វកម្ម​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រឹងប្រែង​ត​ភ្ជាប់​ផ្លូវ​ដែល​គំរាម​កំហែង​ដោយ​ទឹក​ជំនន់ ហើយ​អាច​ឲ្យ​រថយន្ត​ឆ្លង​កាត់​បាន​វិញ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ៖ «ស្ទះ​ចរាចរណ៍​ប្រហែល​ពីរ​ម៉ោង យប់​ជ្រៅ​ហ្នឹង។ ទឹក​នៅ​តែ​ហូរ តែ​កង​វិស្វកម្ម​គេ​កាយ​កំណល់​ហើយ លើក​ស្ពាន​ដែក បាន​យប់​មិញ គេ​ដំណើរការ​វិញ ចរាចរណ៍​ធម្មតា ប៉ុន្តែ​វា​ភ្លៀង តាម​ដង​ផ្លូវ​ប៉ប៉ិក​ប៉ប៉ាក់»

ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា នេះ​គឺ​ជា​ទឹក​ជំនន់​ដោយសារ​ភ្លៀង​ខ្លាំង​ជា​លើក​ដំបូង បាន​បំផ្លាញ​ស្រូវ​និង​សណ្ដែក​សៀង​របស់​ពួកគេ​ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​កាល​ពី​ពេល​មុន​មក​ឡើយ៕