ហេង ពៅ ស្នើសុំ​នាយក​រដ្ឋមន្ត្រី​ជួយ​ក្នុង​ការ​បើក​ប្រាក់​ពី​ធនាគារ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ពុធ ផ្សាយ​ថា អតីត​នាយ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ហេង ពៅ បាន​សរសេរ​លិខិត​មួយ​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ឲ្យ​លោក​បើក​លុយ​របស់​លោក​បាន​ពី​ធនាគារ បន្ទាប់​ពី​តុលាការ​បញ្ជា​ឲ្យ​ខ្ទប់​មិន​ឲ្យ​ដក​ចាយ​វាយ លើ​លេខ​គណនេយ្យ​ចំនួន ៥ នៅ​ធនាគារ កាណាឌីយ៉ា ដែល​មាន​ចំនួន​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក។

លោក ហេង ពៅ និយាយ​ក្នុង​លិខិត​នោះ​ថា លោក​ត្រូវការ​លុយ​នោះ​សម្រាប់​កូន​រៀន​សូត្រ ព្យាបាល​ខ្លួន ម្ហូប​អាហារ និង​ថ្លៃ​មេធាវី។

តាម​មេធាវី កៅ ស៊ូផា ដែល​តំណាង​លោក ហេង ពៅ ថា រដ្ឋ​មិន​ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​ដក​លុយ​ហ្នឹង​នោះ​ទេ ព្រោះ​លុយ​ហ្នឹង​មិន​មែន​ទាក់ទង​នឹង​ការ​បំពាន​ច្បាប់​ណា​មួយ​ឡើយ៕