បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​អ្នកភូមិ​និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍

ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ហើយ ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ម្នាក់ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ភ្លាមៗ ដោយ​គ្មាន​ដីកា។

0:00 / 0:00

អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក​តំណាង​រាស្ត្រ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល រវាង​ពល​រដ្ឋ​ជាង ២​ពាន់​គ្រួសារ ជា​មួយ​និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដាក់​គ្នា បើ​សិន​ជា​អាជ្ញាធរ​នៅ​តែ​មិន​ផ្ដល់​យុត្តិធម៌​នោះ។

ការ​បារម្ភ​នេះ​បាន​សំដែង​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កញ្ញា បន្ទាប់ពី​តំណាង​អ្នក​ភូមិ​ម្នាក់ ទើប​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក​យ៉ាង​តក់​ក្រហល់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន​ឡើយ ហើយ​មាន​តំណាង​អ្នក​ភូមិ​ច្រើន​នាក់​ផ្សេង​ទៀត កំពុង​រស់​ដោយ​ការ​ភ័យ​ខ្លាច ក្រោយ​ពី​ការ​តាម​ចាប់​ត​ទៅ​ទៀត។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ុច ឡេង បញ្ជាក់​ថា ប្រជា​ជន​កំពុង​ធ្លាក់​ក្នុង​សភាព​ទល់​ច្រក ដោយ​ដីធ្លី​ផ្ទះ​សម្បែង​ត្រូវ​គេ​រឹប​អូស​យក ប៉ុន្តែ​អាជ្ញាធរ​វិញ បាន​ធ្វើ​មិន​ដឹង​មិន​ឮ ពេល​ដែល​ប្រជា​ជន​មក​សុំ​ឲ្យ​ជួយ ៖ «អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា ពី​ព្រោះ​អី​ប្រជា​ពល​រដ្ឋ គាត់​បាត់​បង់​ដីធ្លី​ផង បាត់​បង់​វត្ត​អារាម​ផង ហើយ​បែរ​ជា​កម្លាំង​សមត្ថកិច្ច​តាម​ចាត់​ខ្លួន​ប្រជា​ពល​រដ្ឋ ហើយ​ទី​បំផុត​ប្រហែល​ជា​ពួក​គាត់​មិន​អាច​យក​ផ្លូវ​ច្បាប់​មក​ពិចារណា​បាន ប្រហែល​ជា​គាត់​ត្រូវ​សាមគ្គី​គ្នា ដើម្បី​ការ​ពារ​ដី​របស់​គាត់»

ជម្លោះ​រវាង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ជា​មួយ​អ្នក​ភូមិ​ចំនួន ២.៦៧៦​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៧ ដូច​ជា​ឃុំ​អំពៅ​ព្រៃ ឃុំ​កណ្ដោក ឃុំ​ព្រែក​ហូរ បឹង​ខ្យង ព្រែក​ស្លែង ព្រែក​កំពិស និង​ឃុំ​ជើង​កើប បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៥ មក។

អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​បាន​រស់​នៅ និង​បាន​ធ្វើ​ស្រែ​ចម្ការ នៅ​លើ​ដី​នៅ​តំបន់​នោះ ប៉ុន្តែ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​បញ្ជាក់​ទៅ​វិញ​ថា គេ​មាន​ឯកសារ​ស្ដី​អំពី​ការ​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នោះ ដល់​ទៅ ១​ម៉ឺន ៤៤​ហិកតារ។

កាល​នោះ ជម្លោះ​នោះ បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ដែល​នាំ​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​ភ្នាក់ងារ​ក្រុមហ៊ុន និង​មនុស្ស ១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក៏​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​កាន់​តុលាការ។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​បង្ហាញ​ថា តុលាការ​ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៧ កន្លង​ទៅ បាន​ចេញ​សាលក្រម​ស្ថាពរ ដោយ​ទទួល​ស្គាល់​កម្មសិទ្ធិ​អ្នក​ស្រុក នៅ​ក្នុង​ឃុំ​កណ្ដោក ឃុំ​ជើង​កើប ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់។

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង ដែល​បាន​តាម​ដាន​រឿង​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាន់ ចេង បាន​រៀប​រាប់​ថា ក្រុមហ៊ុន​គ្មាន​ឯកសារ​ស្រប​ច្បាប់​ឡើយ ក្នុង​ការ​កាន់​កាប់​ដី​ដល់​ទៅ​ជាង​មួយ​ម៉ឺន​ហិកតារ​នៅ​តំបន់​នោះ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ដណ្ដើម​យក​ដី​អ្នក​ភូមិ បើ​ទោះបី​ជា​តុលាការ​ខេត្ត​កណ្ដាល ធ្លាប់​បាន​កាត់​ក្តី​ឲ្យ​អ្នក​ភូមិ ជា​អ្នក​ឈ្នះ​ក្នុង​រឿង​នេះ​ក៏​ដោយ។ លោក​បញ្ជាក់​ថា បើ​ដូច​ការ​អះអាង​ដូច្នេះ ទឹក​ដី​ក្នុង​ខេត្ត​កណ្ដាល​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ជា​របស់​ក្រុមហ៊ុន ៖ «ប្រជា​ពល​រដ្ឋ​អត់​មាន​ចង់​បាន​ដី​របស់​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទេ ដែល​រំលោភ​យក​ដី​ប្រជា​ពល​រដ្ឋ ហើយ​ខ្ញុំ​បាន​ដឹង​រឿង​ណឹង​តាំង​ពី​ខ្ញុំ​ជាប់​ជា​តំណាង​រាស្ត្រ​ឆ្នាំ​២០០៣ មក ខ្ញុំ​បាន​ដឹង​រឿង​ណឹង ប្រជា​ពល​រដ្ឋ​គាត់​ធ្វើ​នេះ ដើម្បី​ការពារ​ដី​របស់​គាត់ ដូច​ទួល​តាម៉ក់ វត្ត​ទួល​តាម៉ក់​អ៊ីចឹង ហើយ​ក្រុមហ៊ុន​ថា ដី​របស់​គាត់ បាន​ន័យ​យក​អស់​ស្រុក​កណ្ដាល​ស្ទឹង​មួយ​ទាំង​មូល ទៅ​ផ្លូវ​ជាតិ​លេខ​ពីរ ក្រុមហ៊ុន​យក​អស់ សូម្បី​តែ​ភូមិ​គ្មាន​ភូមិ​មួយ​ផង បើ​គិត​ទំហំ​ដី​ណឹង»

អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​ដី​៤២​ប័ណ្ណ​ប៉ុណ្ណោះ ដែល​អាច​ស្មើ​នឹង​ទំហំ​ដី​ប្រមាណ ៤០០​ហិកតារ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​អះអាង​ដដែល ខ្លួន​មិន​បាន​រំលោភ​យក​ដី​អ្នកភូមិ​នោះ​ទេ បើ​ទោះបី​ជា​មាន​សាលក្រម​តុលាការ​កាត់​ក្តី​ឲ្យ​អ្នក​ភូមិ​ឈ្នះ​ក្ដី​ក៏​ដោយ។

ការ​ឈូស​ឆាយ​ក៏​ចេះ​តែ​បន្ត ដែល​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា បាន​កើត​ឡើង​ម្ដង​ទៀត ពេល​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ព្យាយាម​កម្ទេច​វត្ត​អារាម​នៅ​ទួល​តាម៉ក់ និង​បណ្ដេញ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​ចេញ មុន​នឹង​មាន​ការ​ចាប់​ខ្លួន​តំណាង​ប្រជា​ជន​ដាក់​គុក​នោះ។

អ្នក​ស្រី សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​បញ្ជាក់​ដាច់​ណាត់​ថា អ្នក​ស្រី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹម​ត្រូវ។ អ្នក​ស្រី​មិន​បាន​រំលោភ​យក​ដី​អ្នក​ភូមិ​នោះ​ទេ ប៉ុន្តែ​អ្នក​ភូមិ​ទេ​ដែល​ខិល​ខូច​លួច​យក​ដី​អ្នក​ស្រី ៖ «ហើយ​ខ្ញុំ​បាន​ធ្វើ​វេទិកា​សេរី ប្រជា​ជន​បាន​ចោទ​ខ្ញុំ​អស់ សួរ​ថា អូន​ចុះ​មក​មើល​ផ្ទាល់​ថា តើ​ក្រុមហ៊ុន​រំលោភ​យក​ដី ឬ​ក៏​ប្រជា​ជន​ណឹង​រំលោភ​យក​របស់​ខ្ញុំ​វិញ។ ក្រដាស​ស្នាម​មាន​ទាំង​អស់ ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ណា​ដែល​ថា ខ្ញុំ​មាន​តែ​៤២​ប្លង់ ខ្ញុំ​រំលោភ​លើ​គេ សុំ​ឲ្យ​ចេញ​មក​ត​ទល់ ហើយ​កុំ​ចេះ​តែ​និយាយ​តាម​សារព័ត៌មាន»

ក្រោយ​ពេល​ដែល​តំណាង​របស់​អ្នក​ស្រុក ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​មិន​មាន​ដីកា​ចាប់​ខ្លួន តំណាង​អ្នក​ស្រុក​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចូល​មក​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង ដោយ​មិន​ទាន់​ឈប់​នៅ​ឡើយ​ទេ។

អ្នក​ស្រី ជី សយ អាយុ​២៣​ឆ្នាំ ភរិយា​របស់​តំណាង​អ្នក​ភូមិ ដែល​ត្រូវ​គេ​ចាប់​ខ្លួន បាន​សំដែង​ថា ដីធ្លី​ជា​របស់​អ្នក​ភូមិ ដែល​តុលាការ​បាន​កាត់​ក្តី​ឲ្យ​អ្នក​ភូមិ​កាន់​កាប់ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​ទទួល​ស្គាល់ ហើយ​ចេះ​តែ​បន្ត​ចាប់​អ្នក​ភូមិ ៖ «ពី​ព្រោះ​អី​ដី​ណឹង អនុវត្ត​សាលក្រម​ឲ្យ​ប្រជា​ជន​អស់​ហើយ ហេតុ​ម៉េច​ក៏​គេ​នៅ​តែ​ចាប់​យើង​ទៀត»

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​មក​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល បាន​បន្ថែម​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់ ដែល​ព្យាយាម​ឡើង​មក​តវ៉ា​នៅ​តុលាការ ត្រូវ​គេ​ហាម​ឃាត់ ៖ «គាត់​និយាយ​ថា គាត់​ស្រប​ច្បាប់​ចុះ ហេតុ​អ្វី​បាន​ជា​ចេះ​តែ​កាក់​ប្រជា​ជន ហាម​មិន​ឲ្យ​ឡើង​មក​រក​ច្បាប់​អ៊ីចឹង»

រឿង​រ៉ាវ​របស់​អ្នក​ភូមិ ស្រុក​កណ្ដាល​ស្ទឹង ជា​មួយ​នឹង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ មក​ទល់​ពេល​នេះ​មិន​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក ធ្វើ​ការ​បំភ្លឺ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​ព្យាយាម​សាក​សួរ​អស់​រយៈ​ពេល​ជា​ច្រើន​ដង​រួច​មក​ហើយ​ក៏​ដោយ។

ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​កណ្ដាល លោក វង្ស ប៊ុន​វិសុទ្ធ ដែល​ក្រុម​សិទ្ធិ​មនុស្ស​អាដហុក បាន​ឃើញ​ឯកសារ​នៅ​ឯ​ពន្ធនាគារ ស្ដីពី​ការ​បញ្ជា​របស់​លោក ឲ្យ​មាន​ការ​ចាប់​តំណាង​អ្នក​ភូមិ​ដាក់​គុក បាន​ប្រកែក​មិន​ធ្វើ​អត្ថាធិប្បាយ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ទេ ដោយ​បញ្ជាក់​ដូច្នេះ ៖ «ខ្ញុំ​សូម​ទោស រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ផង ខ្ញុំ​មិន​មែន​អ្នក​កាន់​ផង»

គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​តំណាង​អ្នក​ភូមិ ដែល​ទើប​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក​នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នឹង​ត្រូវ​ឃុំ​ឃាំង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ត​ទៅ​មុខ​ទៀត​ទេ។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ដដែល បាន​ចោទ​ថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​តំបន់​នោះ ហាក់​ដូច​ជា​មិន​អើពើ​ចំពោះ​រឿងរ៉ាវ​ដីធ្លី​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​នេះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​ឃើញ​តែ​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​ខាង​ភាគី​ក្រុមហ៊ុន ដោយ​ចុះ​ទៅ​ឈូស​កម្ទេច​វត្ត​អារាម និង​ចូល​ចាប់​អ្នក​ភូមិ​ដាក់​គុក ដោយ​គ្មាន​ច្បាប់​ទម្លាប់ ដែល​ប្រការ​នេះ ហាក់​ដូច​ជា​កំពុង​រុញ​ច្រាន​អ្នក​ភូមិ ឲ្យ​ធ្លាក់​ក្នុង​សភាព​ទាល់​ច្រក​មែនទែន​ហើយ៕