តុលាការ​បន្ថែម​ការ​ចោទ​ប្រកាន់​ប្រឆាំង​អតីត​មេ​ប៉ូលិស​ក្រុង​ភ្នំពេញ

លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ កន្លង​មក ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥៨​ឆ្នាំ ៩​ខែ ក្នុង​ករណី​សម្លាប់​មនុស្ស​ប៉ុនប៉ង​ធ្វើ​ឃាត​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ប្រើ​លុយ​ក្លែងក្លាយ​និង​ប្រើ​អាវុធ​ខុស​ច្បាប់។

កាល​ពី​ព្រឹក​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនាការ​មួយ​ទៀត ចោទ​ប្រកាន់​លោក ហេង ពៅ ក្នុង​ករណី​ប៉ុនប៉ង​ធ្វើ​ឃាត។

លោក កៅ ស៊ូផា មេធាវី លោក ហេង ពៅ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សាលាដំបូង​នឹង​ចេញ​សេចក្តី​សម្រេច​ទាក់ទង​រឿង​នេះ នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ ៖ «បើ​សិន​ជា​តុលាការ​ត្រូវ​ដាក់​គឺ​អាច​ចន្លោះ​ពី ១០​ឆ្នាំ ទៅ ២០​ឆ្នាំ ប៉ុន្តែ​ក្នុង​រឿង​ហ្នឹង ខ្ញុំ​គិត​ថា បើ​សិន​ជា​តុលាការ​ផ្ដន្ទាទោស​លោក ហេង ពៅ ខ្ញុំ​គិត​ថា ស្រុក​ខ្មែរ​យើង​មិន​ដឹង​យុត្តិធម៌​នៅ​ឯ​ណា​ទេ ពីព្រោះ​ថា គ្រាន់​តែ​ជា​ក្រដាស​អនាមិក​មួយ​សន្លឹក សំបុត្រ​អនាមិក​មួយ​សន្លឹក ខាង​តុលាការ​ផ្ដន្ទាទោស​អ្នក​ទាំង​នោះ ជន​ជាប់​ចោទ​ទាំង​នោះ ខ្ញុំ​ថា​មិន​សមរម្យ​ទេ»