តុលាការ​ពន្យារ​ពេល​ការបើក​សវនាការ​ករណី ហេង ពៅ

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថៃ្ង​អង្គារ​នេះ​បាន​សម្រេច​ពន្យារ​ពេល​នៃ​ការបើក​សវនាការ​ករណី លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ តាម​សំណើ​របស់​លោក ហេង ពៅ និង​មេធាវី​ដោយសារ​តែ​លោក ហេង ពៅ មិន​មាន​ប្រាក់​សម្រាប់​បង់​ថៃ្ល​មេធាវី​ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បន្ត​កិច្ច​ការងារ​ការពារ​ក្តី​ជា​បន្ត​ទៀត។

0:00 / 0:00

តុលាការ​សាលា​ឧទ្ធរណ៍​ដដែល​នៅ​មិន​ទាន់​បាន​កំណត់​កាលបរិចេ្ឆទ​ជា​ថ្មី​ភា្លមៗ​នៅ​ទ្បើយ​ទេ​សម្រាប់​ការបើក​សវនាការ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​នោះ​ចំពោះ​ករណី​លោក ហេង ពៅ។

លោក កៅ សូផា ជា​មេធាវី​របស់​លោក ហេង ពៅ បាន​មាន​ប្រសាសន៍​ប្រាក់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​សាលា​ឧទ្ធរណ៍​ថា វា​ជា​ការប្រសើរ​ដែល​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ពន្យារ​ពេល​ការបើក​សវនាការ​លើ​កូន​ក្ដី​របស់​លោក​ទៅ​ថៃ្ង​ក្រោយ​តាម​សំណើ​របស់​លោក​និង​កូន​ក្ដី។

លោក កៅ សូផា បាន​បញ្ជាក់​ថា ៖ «ដោយសារ​តែ​លោក ហេង ពៅ គាត់​អត់​ទាន់​បាន​បង់​លុយ​ឲ្យ​ខ្ញុំ។ ហើយ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​លុយ​ហ្នឹង​គឺ​យើង​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ រួច​ហើយ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ២០០៩ នេះ យើង​បាន​ដាក់​ពាក្យ​ទៅ​សម្ដេច​នាយក​រដ្ឋមន្រ្តី​ឲ្យ​សុំ​ជួយ​អន្តរាគមន៍​ថា​សុំ​ឲ្យ​មាន​ការដក​លុយ​មួយចំនួន​ណា​សមស្រប​ដើម្បី​ឲ្យ​លោក ហេង ពៅ គាត់​បាន​ចំណាយ​ទៅ​លើ​បញ្ហា​ចំនួន ៣ ។ ទី​១ ព្យាបាល​សុខភាព ទី​២ ឲ្យ​កូន​បាន​រៀន​សូត្រ ទី​៣ បង់​ថ្លៃ​មេធាវី​ដើម្បី​ការពារ​តាម​ផ្លូវ​តុលាការ»

ផ្អែក​តាម​ប្រភព​ពី​មេធាវី​និង​លោក ហេង ពៅ ផ្ទាល់ បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោងការ​ដើម​នៃ​សវនាការ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ផ្តោត​ទៅ​លើ​បទ​ចោទ​ថា លោក ហេង ពៅ បាន​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​រូប​លោក​ជាប់​គុក​១៨​ខែ​និង​ផាក​ពិន័យ​ជា​ប្រាក់​២​លាន​រៀល។

លោក ហេង ពៅ ជា​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​នៅ​មុន​ការសម្រេច​ពន្យារ​ពេល​នៃ​សវនាការ​ទៅ​ថៃ្ង​ក្រោយ​ដោយ​តុលាការ​សាលា​ឧទ្ធរណ៍​នោះ លោក​បាន​ត្អូញតែ្អរ​ថា កូនៗ​របស់​លោក​បាន​ឈប់​រៀន​ហើយ​ដោយសារ​គ្មាន​ប្រាក់​បង់​ថៃ្ល​សាលា ហើយ​លោក​គ្មាន​ប្រាក់​បង់​ថៃ្ល​ឈ្មួល​មេធាវី​នឹង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​ស្ពឹក​របស់​លោក។

លោក​បាន​បន្ត​ថា លោក​សុំ​មិន​និយាយ​អ្វី​ទេ​ជុំវិញ​ការចោទ​ថា​លោក​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​នោះ ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ៖ «ខ្ញុំ​ទាមទារ​ឲ្យ​តុលាការ​ប្រតិបត្តិ​ច្បាប់​សិន បើ​តុលាការ​មិន​ប្រតិបត្តិ​ច្បាប់​ទេ តុលាការ​កាត់​តាម​ការយល់​ឃើញ​របស់​តុលាការ​ចុះ ខ្ញុំ​ក៏​មិន​ត្រូវការ​ឆ្លើយ​ជាមួយ​នឹង​តុលាការ​ទៀត​ដែរ»

ផ្អែក​តាម​ប្រភព​ពី​មេធាវី​របស់​លោក ហេង ពៅ បាន​ឲ្យ​ដឹង​ថា លោក​បាន​សរសេរ​លិខិត​ជា​ផ្លូវការ​សុំ​ការអនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​កូន​ក្តី​របស់​លោក​អាច​ដក​ប្រាក់​មួយចំនួន​ពី​ធនាគារ​សម្រាប់​ការប្រើប្រាស់​ជា​ចាំ​បាច់​ក្នុង​ចំណោម​សាច់​ប្រាក់​សរុប​របស់​កូន​ក្ដី​របស់​លោក​នោះ​គឺ​ចំនួន​ជាង​៩៣​ម៉ឺន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ធនាគារ។

គេ​នៅ​មិន​ទាន់​បាន​ទទួល​សេចក្តី​ឆ្លើយតប​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ទ្បើយ​ទេ​ជុំវិញ​សំណើរ​ខាង​លើ​នេះ។

សូម​រំឮក​ថា លោក ហេង ពៅ ជា​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​រូប​លោក​ជាប់​គុក​រយៈពេល​ជាង​៥៨​ឆ្នាំ​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៦​ករណី​រាប់​ទាំង​ឃាតកម្ម អំពើ​ចាប់​ជំរិត និង​ការរក្សា​ទុក​អាវុធ​ខុស​ច្បាប់ និង​បទ​ចោទ​មួយចំនួន​ទៀត៕