ប្រេង​សាំង​នៅ​ពិភពលោក​ឡើង​ថ្លៃ​ជះ​ឥទ្ធិពល​ដល់​កម្ពុជា

តម្លៃ​ប្រេង​សាំង​​ពិភពលោក​បាន​កើន​ឡើង​ខ្ពស់ ដែល​កត្តា​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត ហង្ស ជួនណារ៉ុន មាន​ប្រសាសន៍​ថា ប្រេង​បច្ចុប្បន្ន​ឡើង​ថ្លៃ គឺ​បណ្ដាល​មក​ពី​វិបត្តិ​នយោបាយ​ពី​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​អ៊ីរ៉ង់។

លោក​បញ្ជាក់​ថា ប្រេងឡើង​ថ្លៃ​​នេះ​គឺ​ខុស​គ្នា​កាល​ពី​ឆ្នាំ​មុន​​ដែល​បណ្ដាល​មក​ពី​តម្រូវ​ការ​​ប្រេង​ឆៅ​ខ្ពស់។

ប្រទេស​ធំ​ទាំង​៨ លើ​សកលលោក​ដែល​ដាក់​ទណ្ឌកម្ម​​លើ​​ប្រទេស​អ៊ីរ៉ង់ ដោយ​​មិន​ទិញ​ប្រេង​​ពី​ប្រទេស​អ៊ីរ៉ង់ ​មាន​ដូច​ជា សហរដ្ឋអាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និង​រុស្សី ជា​ថ្នូរ​ដើម្បី​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។

លោក ហង្ស ជួនណារ៉ុន មាន​ប្រសាសន៍​បន្ថែម​ថា ការ​កើន​ឡើង​​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​អតិផរណា​កើន​ឡើង​ដែរ​នៅ​កម្ពុជា​​ ដែល​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​ជីវភាព និង​ការ​រស់​នៅ​របស់​​ប្រជាជន​កម្ពុជា​ប្រចាំ​ថ្ងៃ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ផ្សាយ​ថ្ងៃ​ទី​២១ ខែ​ឧសភា បាន​បង្ហាញ​ថា តម្លៃ​ប្រេង​សាំង​នឹង​ស្ទុះ​កើន​ឡើង​ដល់ ១៦០​ដុល្លារ​ក្នុង​មួយ​ធុង ប៉ុន្តែ​តម្លៃ​ប្រេង​ឆៅ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ ១០៧​ដុល្លារ​អាមេរិក ដោយ​យោង​តាម​គេហទំព័រ អូប៉ិច (OPEC) នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។