អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​ចូល​រួម​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា​សប្ដាហ៍​ក្រោយ

ការិយាល័យ​អ្នក​នាំ​ពាក្យ នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ សប្ដាហ៍​ក្រោយ​នេះ។

នៅ​ក្នុង​អំឡុង​ពេល​មក​ទស្សនកិច្ច​នោះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​តំបន់ អាស៊ាន (Asean) និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។

កិច្ច​ប្រជុំ​តំបន់ អាស៊ាន នោះ គឺ​រាប់​ទាំង​វេទិកា​តំបន់ អាស៊ាន កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​របស់ អាស៊ាន និង​សហរដ្ឋអាមេរិក។

អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំ​ស្តី​ពី គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម ព្រម​ទាំង​ធ្វើ​ជា​ប្រធាន នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​មិត្តភាព នៃ​ទន្លេ​មេគង្គ​ក្រោម។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស្នាក់​នៅ​ភ្នំពេញ អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ទឹក​ដី​អង្គរ និង​ដឹកនាំ​គណៈប្រតិភូ អ្នក​ជំនួញ​អាមេរិកកាំង​ដ៏​ធំ​មួយ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​វេទិកា​ជំនួញ​រវាង អាស៊ាន និង​សហរដ្ឋអាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ថា ដំណើរ​មក​ទស្សនកិច្ច​របស់​អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជាច្រើន​ដូច​ជា ប្រទេស​បារាំង (France) ប្រទេស​ជប៉ុន (Japan) ប្រទេស​ម៉ុងហ្គោលី (Mongolia) វៀតណាម (Vietnam) ឡាវ (Lao) អេហ្ស៊ីប (Egypt) និង​ប្រទេស​អ៊ីស្រាអែល (Israel)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។