តើការថ្វាយព្រះភ្លើងដល់ព្រះបរមសពរបស់ព្រះមហាក្សត្រខ្មែរ មានសារសំខាន់យ៉ាងណាខ្លះ និងមានប្រវត្តិចាប់តាំងពីពេលណាមកដែរ?
គ្រប់ជាតិសាសន៍ក្នុងសកលលោកនៅពេលដែលគេស្លាប់បាត់បង់ជីវិត ភាគច្រើនគេតែងតែនាំគ្នារៀបចំធ្វើពិធីតាមទំនៀមទម្លាប់មួយ គឺបុណ្យ «បូជាសព»។
ដោយឡែកសម្រាប់ជនជាតិខ្មែរ ក្នុងនោះរួមមានទាំងព្រះមហាក្សត្រផង តាំងពីសម័យបុរាណរហូតដល់សព្វថ្ងៃ គេក៏ឃើញមានរៀបចំធ្វើពិធីនេះដែរ។
តួយ៉ាងដូចជាប៉ុន្មានខែកន្លងទៅនេះ ក្រោយពីថ្ងៃដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរទ្រង់បានយាងចូលទិវង្គតនោះមក គេឃើញមានរៀបចំកសាងឈាបនដ្ឋាន ឬទីកន្លែងសម្រាប់បូជាព្រះបរមសព ឬគេហៅតាមរាជសព្ទថាពិធី «ថ្វាយព្រះភ្លើង»។
ចំពោះពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពព្រះមហាក្សត្រខ្មែរនេះ គេពុំឃើញមានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ទេថា កើតឡើងពីសម័យណាមកនោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានអ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរមួយចំនួន បានបញ្ជាក់ថា ពិធីនោះអាចទំនងកើតឡើងមុនសម័យអង្គរ ឬក្រោយសម័យអង្គរដែលជនជាតិខ្មែរបានទទួលឥទ្ធិពលវប្បធម៌ពីប្រទេសឥណ្ឌា។
នៅក្នុងសម័យនោះ ចាប់ពីដើមសតវត្សទី១ រហូតដល់សតវត្សទី៦ នៃគ្រិស្តសករាជ គេឃើញមានធ្វើពិធីបូជាសពតាមវិធី ៤យ៉ាងគឺ៖ ទី១ គេយកសពទៅបូជា ឬដុតចោល ទី២ គេយកសពទៅកប់ ទី៣ គេយកសពទៅបោះទម្លាក់ចូលទៅក្នុងទឹកទន្លេ និងទី៤ គេយកសពទៅទុកចោលក្នុងព្រៃស្មសាន ឬព្រៃស្ងាត់។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ និងជានាយកមូលនិធិកេរដំណែលខ្មែរនៅភ្នំពេញ។ លោកបានមានប្រសាសន៍ថា ចំពោះប្រការដែលគេយកសាកសពទៅទុកចោលនៅក្នុងព្រៃស្ងាត់នោះ ដោយសារតែគេមានជំនឿពីរយ៉ាងថា ប្រសិនបើសាកសពនោះត្រូវបានពពួកសត្វផងទាំងឡាយមកចឹកស៊ីជាអាហារ គឺសពនោះទទួលបាននូវផលបុណ្យច្រើន មិនមានកម្មពៀរជាមួយកូនចៅដែលរស់នៅតទៅទៀតទេ។ ប៉ុន្តែប្រសិនបើមិនមានសត្វអ្វីមកចឹកស៊ីជាអាហារទេ សាកសពនោះគឺនៅមានចិត្តអាឡោះអាល័យដល់កូនចៅរបស់គេ។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា៖ «ការបូជាសព និងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងសង្គមខ្មែរនាសម័យនោះ ក៏មិនខុសពីសង្គមនៅក្នុងឥណ្ឌាដែរ ក៏ប៉ុន្តែគឺខ្មែរគ្រាន់តែច្នៃដើម្បីឲ្យមកជាខេមរយានកម្ម បើទោះបីជាយកពីគេមកក៏ដោយ ប៉ុន្តែច្នៃឲ្យចេញជារបស់ខ្មែរដែរ ដូចជាការសាងសង់ប្រាសាទ និងជំនឿអ្វីផ្សេងៗទៀត»។
ទាក់ទងទៅនឹងពិធីបូជាសព ឬយកសពទៅដុតក្នុងភ្លើង ក៏ជនជាតិខ្មែរនាសម័យបុរាណបានយកមកច្នៃឲ្យខុសពីជនជាតិឥណ្ឌាដែរ ដូចជាចំពោះជនជាតិឥណ្ឌា ទាំងប្រជារាស្ដ្រ ទាំងព្រះមហាក្សត្រនៅក្នុងសម័យដើមនោះ គឺគេយកសពទៅដុតផ្ទាល់ទៅលើគំនរអុសតែម្ដង។ ប៉ុន្តែសម្រាប់ជនជាតិខ្មែរ ឬព្រះមហាក្សត្រខ្មែរវិញ នៅក្នុងសម័យអង្គរនោះគេមិនធ្វើដូច្នោះទេ គឺគេដាក់សពចូលទៅក្នុងក្ដារមឈូស ឬនៅក្នុងកោដ្ឋ រួចហើយទើបគេយកទៅបូជាភ្លើង ឬថ្វាយព្រះភ្លើង។
ចំពោះការបូជាព្រះសពព្រះមហាក្សត្រខ្មែរក្នុងសម័យបុរាណ ឬហៅថា ថ្វាយព្រះភ្លើងនោះ ក៏ជាការទទួលឥទ្ធិពលវប្បធម៌របស់ប្រទេសឥណ្ឌា ដែរ ពីព្រោះសម័យនោះព្រះមហាក្សត្រ ឬជនជាតិខ្មែរ ភាគច្រើនគឺមានជំនឿទៅលើព្រហ្មញ្ញសាសនា ដោយគោរពព្រះអាទិទេពជាធំ។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា នាយកមូលនិធិកេរដំណែលខ្មែរ បានមានប្រសាសន៍ថា ព្រះរាជពិធីថ្វាយព្រះភ្លើងនេះ គឺជាព្រះរាជបវេណីមួយដែលបានផ្ដោតសំខាន់ទៅលើការបូជាថ្វាយព្រះអាទិទេពដូចគ្នានឹងជំនឿរបស់ជនជាតិឥណ្ឌាដែរ។
ជំនឿនោះគឺជាជំនឿផ្នែកខាងព្រហ្មញ្ញសាសនាដែលគេយល់ថា សាកសព ឬព្រះបរមសពដែលបានឆ្លងកាត់ព្រះអគ្និ ឬព្រះអគ្គិដែលខ្មែរហៅថា ភ្លើងនោះ គឺជាការជម្រះដួងព្រលឹងរបស់មនុស្ស ឬព្រះមហាក្សត្រដែលចូលព្រះទិវង្គតទៅនោះឲ្យមានភាពស្អាតល្អបរិសុទ្ធ មុននឹងទៅចាប់កំណើតថ្មីនៅក្នុងពិភពផ្សេង ឬទៅនៅជាមួយព្រះអាទិទេព។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា៖ «បាទ! គឺការទទួលឥទ្ធិពលពីឥណ្ឌា ដោយសារយើងគិតថា សាកសព ពេលដែលយើងរំលាយរូបហើយហ្នឹង គឺនៅមានអាត្ម័ន បានន័យថា អាត្ម័ននោះគឺជាព្រលឹង ជាវិញ្ញាណដែលហោះហើរទៅដើម្បីយោនយកកំណើតនៅទីកន្លែងដទៃទៀត ហើយបើសិនជាអ្នកដែលគេបានធ្វើបុណ្យច្រើន អ្នកដែលគេបានកសាងអ្វីជាអំពើល្អហ្នឹង គឺតែងតែទៅជួបនឹងព្រះ ក៏ដូចជាពុទ្ធសាសនិកជន គឺលោកធ្វើបុណ្យ គេហៅថា មួយកាក់មួយសេន គឺដើម្បីឲ្យបានទាន់នឹងព្រះសិអារ្យមេត្រី។ នេះគឺនៅក្នុងជំនឿ។ អ៊ីចឹងយើងមិនអាចចែកដាច់រវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាបានទេ គឺនៅក្នុងសង្គមខ្មែររហូត»។
ដោយសារតែមានជំនឿយ៉ាងដូច្នោះហើយ ទើបនៅពេលដែលព្រះមហាក្សត្រខ្មែរលោកសោយទិវង្គតទៅ គឺសង្គមខ្មែរនាសម័យអង្គរ ឬក្រោយអង្គរ តែងតែមានថ្វាយព្រះនាមមួយផ្សេងទៀត ដែលគេហៅថា ព្រះមរណនាម។ ដូចជាព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៤ជាដើម កាលដែលទ្រង់គ្រប់គ្រងប្រទេសដែលមានរាជធានីនៅតំបន់ប្រាសាទកោះកេរនោះ នៅពេលដែលទ្រង់ចូលទិវង្គត គឺមានព្រះមរណនាមហៅថា «ព្រះទេវបទ»។
ការថ្វាយព្រះមរណនាមចំពោះព្រះសពព្រះមហាក្សត្រខ្មែរនាសម័យបុរាណ ពីព្រោះតែយល់ថា ដើម្បីផ្សារភ្ជាប់ទៅនឹងព្រះនាមរបស់ព្រះអាទិទេព។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា នាយកមូលនិធិកេរដំណែលខ្មែរបានបញ្ជាក់ថា ជំនឿនេះគឺមិនអាចកាត់ផ្ដាច់ចេញពីសង្គមខ្មែរបានទេរហូតមកដល់សព្វថ្ងៃ៖ «ដូចជាព្រះបាទសុរិយាវរ្ម័នទី២ ដែលលោកជាក្សត្រសោយរាជ្យ និងសាងប្រាសាទអង្គរវត្តហ្នឹង មានព្រះបរមមរណនាមគឺ ព្រះវិស្ណុលោកា។ អ៊ីចឹងយើងឃើញថា មានព្រះមហាក្សត្រជាច្រើនអង្គទៀតដែលលោកបានសោយទិវង្គតទៅហើយមានព្រះមរណនាម តែងតែភ្ជាប់ជាមួយព្រះនាមរបស់អាទិទេពជានិច្ច»។
នូវរាល់ការថ្វាយព្រះមរណនាមក្ដី និងការថ្វាយព្រះភ្លើងក្ដីរបស់ព្រះមហាក្សត្រខ្មែរតាំងពីមុនសម័យអង្គរ និងក្រោយអង្គរនោះ ព្រះរាជបវេណីនេះ គេនៅតែឃើញមានប្រារព្ធធ្វើជាបន្តរៀងរហូតមកដល់សព្វថ្ងៃនេះដែរ។ តួយ៉ាងដូចជាអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាដើម ដែលទ្រង់ទើបតែចូលព្រះទិវង្គតកន្លងទៅប្រមាណជិត ៣ខែនេះ ក៏មានថ្វាយព្រះមរណនាមថា «ព្រះករុណា ព្រះបរមរតនកោដ្ឋ»។
រីឯចំពោះការថ្វាយព្រះភ្លើង ឬបូជាព្រះសពព្រះមហាក្សត្រខ្មែរ មកដល់សម័យនេះក៏នៅតែរក្សាទំនៀមទម្លាប់ទុកដដែលដូចដែលគេឃើញប៉ុន្មានខែកន្លងមកនេះមានការសាងសង់ព្រះបរមមេរុ ឬទីកន្លែងសម្រាប់បូជា ឬថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ឬព្រះករុណាព្រះបរមរតនកោដ្ឋ។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរបានបញ្ជាក់ដែរថា ព្រះរាជបវេណីទាំងអម្បាលមាណនេះ បើទោះបីជាយ៉ាងណាក៏ដោយ គេនៅតែរក្សាទុកជាបន្តរហូតដើម្បីទុកជាសម្បត្តិវប្បធម៌ខ្មែរមួយនៅក្នុងចំណោមវប្បធម៌របស់ខ្មែរជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
