រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង នៅថ្ងៃ២៧ កក្កដា បានរិះគន់ថា សាលាក្ដីខ្មែរក្រហមបានផ្ដន្ទាទោស ឌុច អតីតមេគុកទួលស្លែង ឬមន្ទីរ ស-២១ ឲ្យជាប់គុក ១៩ឆ្នាំនោះ គឺជាទោសស្រាល មិនសក្ដិសមនឹងអំពើឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្តក្នុងរបបខ្មែរក្រហមនោះទេ។
២៧-កក្កដា-២០១០: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលធ្វើសន្និសីទកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កាលពីថ្ងៃទី២៦ ខែកក្កដា ថ្មីៗនេះ សាលាក្ដីខ្មែរក្រហមគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រកាសសាលក្រមផ្ដន្ទាទោស ឌុច ឬសំណុំរឿង ០០១ ឲ្យជាប់ទោសសរុប ៣៥ឆ្នាំ ប៉ុន្តែសាលាក្ដីខ្មែរក្រហមនេះបានបន្ធូរបន្ថយទោសមកត្រឹម ១៩ឆ្នាំវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី ដែលទើបបានវិលត្រឡប់មកពីការបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសសិង្ហបុរី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនាមផ្ទាល់ខ្លួនថា ៖ «ដោយសារនេះជាភារកិច្ចរបស់តុលាការខ្មែរក្រហម រាជរដ្ឋាភិបាលមិនមានជំហរអីទេ។ យោបល់ផ្ទាល់របស់ខ្ញុំ ខ្ញុំឃើញថា វាមិនសមរម្យ បើប្រៀបធៀបទៅនឹងប្រជាជនកម្ពុជាស្លាប់ជិត ៣លាននាក់។ ប្រជាជនកម្ពុជាដែលគេយកទៅធ្វើទារុណកម្មនៅទួលស្លែង ហើយសម្លាប់នៅជើងឯករាប់សែននាក់នេះ។ កាត់ទោសនេះហាក់ដូចជាស្រាល មិនសមនឹងចំនួនប្រជាជនកម្ពុជាដែលបានស្លាប់»។
លោក ហោ ណាំហុង ធ្លាប់បានឲ្យដឹងថា សាច់ញាតិរបស់លោក រាប់ទាំងប្អូនស្រីផងនោះ សរុបជិត ១០នាក់ ត្រូវបានខ្មែរក្រហមសម្លាប់នៅក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ នៅគុកបឹងត្របែក។
មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការផ្ដន្ទាទោសនោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម ៖ «សាលាក្ដីខ្មែរក្រហម យើងធ្វើកិច្ចការពីរដាច់ដោយឡែកពីគ្នា។ ផ្នែកកិច្ចការរដ្ឋបាល គឺផ្នែកដែលខ្ញុំជាអ្នកនាំពាក្យ ហើយផ្នែកមួយទៀតគឺជាផ្នែកតុលាការ។ អីចឹងរាល់ការសម្រេចរបស់តុលាការ គឺជាការសម្រេចដោយឯករាជ្យ ហើយខាងផ្នែករដ្ឋបាលនេះ គឺគ្រាន់តែជំនួយខាងការងាររដ្ឋបាល ធ្វើយ៉ាងម៉េចឲ្យដំណើរការតុលាការហ្នឹង ប្រព្រឹត្តទៅយ៉ាងរលូន មានលក្ខណៈស្តង់ដារតែប៉ុណ្ណោះ»។
សេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់សាលាក្ដីខ្មែរក្រហមចុះថ្ងៃទី២៦ ខែកក្កដាថ្មីៗនេះ បានឲ្យដឹងថា នៅរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ មនុស្សជាង ១២.០០០នាក់ ត្រូវបានគេឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ ឌុច និងកម្មាភិបាលខ្មែរក្រហមមួយចំនួនទៀត៕
សាលាក្ដីខ្មែរក្រហមបន្តសួរសាក្សីដែលជាក្មួយរបស់ ប៉ុល ពត
សាក្សីក្នុងសាលាក្ដីខ្មែរក្រហម ភ័យរឿងចម្លើយវ័ណ្ឌកខ្លួនឯង
ក្មួយរបស់ ប៉ុល ពត ផ្ដល់សក្ខីកម្ម ក្នុងសាលាក្ដីខ្មែរក្រហម
នួន ជា បដិសេធសក្ខីកម្មរបស់ ឌុច
បក្សសមរង្ស៊ីគ្រោងធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធនៅបឹងជើងឯក ថ្ងៃ១៧ មេសា
សាក្សី ឌុច៖ កុំចាប់អ្នកផ្សេងទៀត មកបញ្ជាក់
មេធាវីជនជាប់ចោទ អៀង សារី សួរដេញដោលសាក្សី ឌុច
មតិ
Click here to add your own comment